en     km
en     km

សិស្សវិទ្យាល័យទួលក្បិលសាទរពេលទទួលបានសៀវភៅសម្រាប់អានពីWMC

Share

កំពង់ធំ៖ សិស្សានុសិស្សនៃវិទ្យាល័យទួលក្បិលស្ថិតក្នុងភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ សម្តែងក្តីរីករាយពេលទទួលបានសៀវភៅជាច្រើនប្រភេទពីបុគ្គលិកនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ដែលបានបរិច្ចាគដាក់តម្កល់នៅក្នុងបណ្ណាល័យនៃសាលាទួលក្បិល។

សៀវភៅដែលសមាជិកបុគ្គលិកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានប្រមូលបរិច្ចាគតម្កល់ក្នុងបណ្ណាល័យនេះមានចំនួនប្រហែល ៥០ ក្បាល ក្នុងនោះមានប្រភេទសៀវភៅប្រលោមលោក សៀវភៅអភិវឌ្ឍផ្នត់គំនិត សៀវភៅប្រវត្តិសាស្រ្ត អក្សរសាស្រ្តសិល្បិ៍ និងឯកសាររបាយការណ៍នានា។ ក្នុងនោះផងដែរក៏មានជាប្រភេទសៀវភៅច្បាប់ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ មេរៀនភាសាអង់គ្លេស កុំព្យូទ័រ សេដ្ឋកិច្ចនិងសៀវភៅគន្លឹះដោះស្រាយលំហាត់គណិតវិទ្យាជាដើម។

នេះជាសៀវភៅមួយចំនួនដែលបុគ្គលិកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានបរិច្ចាគជូនសិស្សានុសិស្សវិទ្យាល័យទួលក្បិល។

 

សៀវភៅដែលបាននាំទៅតម្កល់នៅវិទ្យាល័យទួលក្បិលកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២២ថ្មីៗនេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោកគ្រូ រដ្ឋធានី គ្រូបង្រៀន និងជាគ្រួគ្រប់គ្រងផ្នែកយុវជននៃវិទ្យាល័យទួលក្បិល។

លោកគ្រូ រដ្ឋធានី ឱ្យដឹងថា ការស្នើកៀរគរសៀវភៅពីបណ្តាលស្ថាប័ននិងអង្គការនានាបែបនេះ ព្រោះសៀវភៅក្នុងបណ្ណាល័យមួយចំនួនត្រូវខូចខាត និងចង់ឱ្យបណ្ណាល័យមានសៀវភៅសម្បូរបែបសម្រាប់សិស្សសិក្សាស្វែងយល់។ លោក រដ្ឋធានី ថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បុគ្គលិកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាដែលមានទឹកចិត្តជ្រះថ្លាបរិច្ចាគសៀវភៅល្អៗសម្រាប់ទុកតម្កល់នៅបណ្ណាល័យដែលជាឃ្លាំងចំណេះដឹងសម្រាប់សិស្សានុសិស្សគ្រប់ជំនាន់។

សិស្សានុសិស្សរីករាយនឹងបានត្រឡប់មកកាន់បណ្ណាល័យអានសៀវភៅកាន់តែច្រើនជាងមុន បន្ទាប់ពីបណ្ណាល័យមានសៀវភៅកាន់តែច្រើន។

 

យុវជន រុន វីរៈ សិស្សថ្នាក់ទី១២មួយរូបនៃសាលាទួលក្បិលលើកឡើងថា ខ្លួនមានក្តីរំភើបរីករាយដែលបណ្ណាល័យសាលាបច្ចុប្បន្នមានសៀវភៅសម្រាប់អានសម្បូរបែប ដែលនេះជាចំណែកមួយទាក់ទងចិត្តសិស្សៗឱ្យមកកាន់បណ្ណល័យអានសៀវភៅកាន់តែច្រើន។ យុវជនរូបនេះបន្ថែមថា ការអានពិតជាមានសារៈសំខាន់ណាស់ ព្រោះក្នុងសៀវភៅដែលអ្នកនិពន្ធបានតាក់តែងចងក្រងសុទ្ធសឹងមាននូវចំណេះដឹងល្អៗ ដើម្បីឱ្យអ្នកអានអាចស្វែងយល់និងយកមកប្រើប្រាស់ក្នុងជីវិតរស់នៅ។

ចុងក្រោយយុវជនរូបនេះសូមអរគុណបុគ្គលិកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាដែលបានផ្តល់សៀវភៅដល់សាលាតាមទីជនបទស្រុកស្រែចំការមួយនេះ។ យុវជនរូបនេះស្នើឱ្យបណ្តាអង្គការស្ថាប័ននានាសូមជួយបរិច្ចាគផ្តល់ជាសៀវភៅថ្មីៗល្អៗ ឬសៀវភៅអានរួចក្តីមកតម្កល់នៅវិទ្យាល័យទួលក្បិលបន្តទៀត ដើម្បីឱ្យសិស្សនៅទីនេះមានឱកាសបានអានសៀវភៅល្អៗទាំងនោះ។

លោក កែវ សុខា បុគ្គលិកផ្នែកព័ត៌មានបាននាំយកសៀវភៅដែលបានមកពីការបរិច្ចាគរបស់បុគ្គលិកដទៃទៀតជូនដល់លោកនាយកសាលាវិទ្យាល័យទួលក្បិល។

 

សូមបញ្ជាក់ថា វិទ្យាល័យទួលក្បិលមានទីតាំងឆ្ងាយពីទីរួមខេត្តកំពង់ធំប្រមាណជិត ១០ គីឡូម៉ែត្រ។ ហើយសិស្សានុសិស្សនៅតំបន់នោះភាគច្រើនស្ថិតក្នុងក្រុមគ្រួសារជាកសិករ។ ពេលខ្លះពួកគេត្រូវអាក់ខានមករៀនសូត្រដោយសារតែជីវភាពព្រោះត្រូវជួយឪពុកម្តាយរកថវិកាទ្រទ្រង់ថវិកានិងការសិក្សាប្រចាំថ្ងៃ៕

អត្ថបទខ្លីនេះសរសេរដោយ ផាត សុភត្រា  ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

ខាងក្រោមនេះជារូបភាពខ្លះៗក្នុងបណ្ណាល័យសាលាទួលក្បិល៖

Share

Image Not Found
Image

ព័ត៌មានទាក់ទង