សម្ដេច ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ចាត់វិធានការលើរឿងប្រឡងបវរកញ្ញា Miss Grand Cambodia ឆ្នាំ២០២២ ក្រោយទទួលរងការរិះជនខ្លាំងលើឈុតតំណាងក្រុង និងការស្លៀកពាក់ស៊ិចស៊ីជ្រុលរបស់បេក្ខនារីប្រកួត។ យ៉ាងណា ក្រសួងចំនួន៣ នឹងហៅអ្នកដឹកនាំកម្មវិធីប្រឡងសម្រស់ ជួបនៅថ្ងៃទី ០១ កញ្ញា ស្អែកនេះ ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចកក្ដីរាយការណ៍៖
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព៍ត៌មាន នឹងហៅអ្នកដឹកនាំកម្មវិធីប្រកួតសម្រស់Miss Grand Cambodia ជួបប្រជុំនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ក្រោយពីរាជរដ្ឋាភិបាល កម្ពុជាសម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់វិធានការឡើងវិញ បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងពីមហាជន ក្នុងការយកល្បែងបៀ និងអាប៉ោង ធ្វើជាឈុតតំណាងឱ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៊ិចស៊ីជ្រុលហួសហេតុ របស់បេក្ខនារី តំណាងឱ្យខេត្តស្ទឹងត្រែង។
ការបញ្ជារបស់រាជរដ្ឋាភិបាលធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធសាងសង់ស្ពានអាកាសចំនួន២ក្នុងរាជធានីភ្នំពេញ។ សម្ដេចបានលើកឡើងថា
លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០២២នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន នឹងហៅអគ្គនាយកផលិតកម្មមហាហង្ស របស់លោក អ៊ិន សុភិន ដែលទទួលសិទ្ធិរៀបចំកម្មវិធីប្រឡងសម្រស់បវរកញ្ញានេះ ចូលជួបប្រជុំជាថ្មី។
លោកស្រីថា ក្រសួងធ្លាប់បានឱ្យមន្ដ្រីចុះពិនិត្យដល់ទីតាំងនៃការប្រកួតផ្ទាល់នៅថ្ងៃប្រកួតបញ្ចប់ និងណែនាំរួចម្ដងហើយ តែកំហុសដែលកើតឡើងវាធ្ងន់ធ្ងរ ដូច្នេះនឹងត្រូវជួបប្រជុំសារជាថ្មីម្ដងទៀត។
ចំណែកក្រសួងកិច្ចការនារីនៅថ្ងៃនះក៏បាន ចេញសេចក្ដីប្រកាសព័ត៌មានដោយថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពរបស់កម្មវិធីប្រឡងសម្រស់បវរកកញ្ញានេះ ដោយថា មិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញ ទង្វើទាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្រ្តីខ្មែរផងដែរ ។
ផ្អែកតាមផេកផ្លូវការរបស់ Miss Grand Cambodia អគ្គនាយកផលិតកម្មមហាហង្ស ធ្លាប់បានប្រកាសសុំទោសមហាជនពិសេសអាជ្ញាធរ និងពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត និងក្រុងបាវិត ហើយបានលុបចោលនូវឈុតតំណាងឱ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត ដែលយកល្បែងស៊ីសង មាន បៀ និងអាប៉ោង មកធ្វើជាតំណាងចេញពីការប្រកួត។ តែយ៉ាងណា ចំពោះការស្លៀកពាក់ស៊ិចស៊ីរបស់បេក្ខនារីតំណាងឱ្យខេត្តស្ទឹងត្រែង គឺត្រូវបានរដ្ឋបាលខេត្តនេះ ចេញលិខិតឆ្លើយតបថាឈុតតំណាងឱ្យខេត្តរបស់ខ្លួន បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោមដែលប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីរបស់ខ្មែរ និងមិនឆ្លុះបញ្ចាំងពីអត្តសញ្ញាណខេត្តស្ទឹងត្រែងនោះទេ។
ទោះបីបែបនេះក្ដី ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ថា បេក្ខនារីដែលចូលរួមសម្តែង ក្នុងការប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2022 គ្មានកំហុសទេ ព្រោះពួកគេសម្តែង និងស្លៀកពាក់ទៅតាមអ្នករៀបចំកម្មវិធីបានកំណត់ឱ្យ។ ដូច្នេះបេក្ខនារីដែលចូលរួមប្រកួតប្រជែង មិនខុសនោះទេ អ្នកដែលខុស គឺអ្នកដឹកនាំកម្មវិធី៕