ខេត្តកំពង់ធំ៖ គ្រូបង្រៀននិងក្រុមយុវជនជាសិស្សានុសិស្សនៃវិទ្យាល័យទួលក្បិល ស្ថិតនៅក្នុងភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្នើសុំមកកាន់គ្រូបង្គោលនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ជួយបន្តនិងបន្ថែមវគ្គបណ្តុះបណ្តាលផ្សេងៗទៀតទាក់ទងការអប់រំ ពិសេសចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅតំបន់ទីជនបទមួយនេះ។
សំណើនេះកើតឡើង នៅពេលដែលក្រុមគ្រូបង្គោលនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានចុះទៅវិទ្យាល័យទួលក្បិល ដើម្បីបណ្តុះបណ្តាលនិងរំលឹកបន្ថែមមេរៀនស្តីពីព័ត៌មានដល់យុវជនកាលពីថ្ងៃទី២៧ និងទី២៨ ខែសីហា ឆ្នាំ២០២២ នៅទីតាំងខាងលើ។
វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃនេះ ក្រុមគ្រូបង្គោលបានរំលឹកមេរៀនចាស់ឡើងវិញមួយចំនួនមានដូចជា របៀបសរសេរព័ត៌មានខ្លី(ធាតុផ្សំទាំង៦ [5W1H]) គុណភាពព័ត៌មាន(អ្នកសារព័ត៌មានអាជីពនិងពលរដ្ឋធម្មតា) មេរៀនប្លង់ ការថតរូប ថតវីដេអូ របៀបសម្ភាសន៍និងប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ។ ជាងនេះគ្រូបង្គោលក៏បានបន្ថែមមេរៀនសំខាន់មួយទៀត គឺមេរៀនសុវត្ថិភាពឌីជីថលដែលជាមេរៀនថ្មីសំខាន់ ព្រោះសិក្ខាកាមអាចមានសមត្ថភាពដាក់លេខកូដសម្ងាត់រឹងមាំបញ្ជៀសការលួចទិន្នន័យពីពួកចោរបច្ចេកវិទ្យាឬហេកគ័របាន។
លោកគ្រូ ហ៊ី រដ្ឋធានី គ្រូបង្រៀននិងជាគ្រូគ្រប់គ្រងផ្នែកយុវជននៃវិទ្យាល័យទួលក្បិលប្រាប់ក្រុមការងារវិទ្យុស្រ្តីថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន ពិសេសជាឱកាសល្អដែលឱ្យយុវជនតាមសាលានៅតាមទីជនបទស្រុកស្រែចំការបានរៀនសូត្រទទួលចំណេះដឹងបន្ថែម ក្រៅពីមេរៀនក្នុងការវិធីសិក្សារបស់ក្រសួងអប់រំ។ លោកសំណូរពរឱ្យក្រុមប្រឹក្សាយុវជនកម្ពុជា(YCC)និងអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បើកវគ្គបណ្តុះបណ្តាលបន្ថែមដល់យុវជនបន្ថែមទៀត ដើម្បីបានដឹងនឹងដើរទាន់តាមការវិវត្តន៍នៃបច្ចេកវិទ្យាសម័យទំនើប ពិសេសគឺសារៈប្រយោជន៍នៃសារព័ត៌មាន ។
ដោយឡែក ក្រុមយុវជនជាសិក្ខាកាមវិញបានថ្លែងចាប់អារម្មណ៍ក្រោយចប់វគ្គថា ពួកគេមានក្តីរីករាយនិងទទួលបានចំណេះច្រើនថែមទាំងច្បាស់លាស់ជាងមុនពីរបៀបផលិតព័ត៌មាន ដឹងពីប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសបានដឹងពីរបៀបថែរក្សាហ្វេសប៊ុកជៀសវាងការលួចពីជនដទៃ។
ជាមួយគ្នានេះ ក្រុមយុវជននឹងប្តេជ្ញាយកចំណេះដឹងនេះទៅចែករំលែកដល់អ្នកស្គាល់ក្នុងសហគមន៍ឱ្យបានដឹង និងសន្យាផលិតព័ត៌មានរឿងរ៉ាវផ្សេងៗក្នុងសហគមន៍បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ។ យ៉ាងណា ពួកគេនៅតែទទូចស្នើសុំដល់ខាងអង្គការពាក់ព័ន្ធមេត្តាស្វែងរកវគ្គបណ្តុះបណ្តាលផ្សេងៗមកជួយបង្ហាត់បង្រៀនពួកគេបន្ថែម ដើម្បីជាពុទ្ធិឈានទៅសិក្សានៅថ្នាក់ឧត្តមសិក្សា ព្រមទាំងជាទុនជួយរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
ទាក់ទងសំណើនេះលោក កែវ សុខា គ្រូបណ្តុះបណ្តាលនឹងពាំនាំដំណឹងនេះជូនថ្នាក់ដឹកនាំអង្គភាពដើម្បីពិនិត្យនឹងស្វែងរកជំនួយពីដៃគូអភិវឌ្ឍន៍នានាឱ្យជួយផ្តល់ថវិកាដើម្បីអាចធ្វើសកម្មភាពបណ្តុះបណ្តាលនាពេលខាងមុខ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន២១នាក់ ក្នុងនោះមានយុវតីចំនួន១២នាក់។ វគ្គនេះស្ថិតនៅក្រោមគម្រោងសំឡេងយុវជនមានសារៈសំខាន់ ដែលទទួលបានការគាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និង មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) សហការរៀបចំជាមួយសមាគមយុវជនខ្មែរ(KYA) និងក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕
អត្ថបទខ្លីនេះសរសេរដោយ រុន វីរៈ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។
ខាងក្រោមនេះជាកម្រងរូបភាពសកម្មភាពនៃវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ៖