en     km
en     km

អគារសិក្សាកុមារមានពិការភាពសតិបញ្ហា និងអូទីហ្សឹមត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅព្រឹកនេះ

Share

អគារសិក្សាមួយខ្នង មាន៥បន្ទប់ សម្រាប់កុមារមានពិការភាពសតិបញ្ញា និងអូទីហ្សឹម បានដាក់សម្ពោធនៅព្រឹកថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២២នេះនាសាលាបឋមសិក្សាទួលគោក ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យកុមារគ្រប់ប្រភេទទួលបានឱកាសនៃការអប់រំដូចៗគ្នា។

លោក ឡាក់ ច័ន្ទតារា ជូននុវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២២ នេះ អង្គការ Action Education រួមជាមួយអង្គការ Educate a child សាលារៀនទន្សាយ ព្រមទាំងក្រសួងអប់រំ បានចូលរួមសម្ពោធអគារបណ្ណាល័យឌីជីថល និងអគារសិក្សាសម្រាប់កុមារមានពិការភាពសតិបញ្ញា និងអូទីហ្សឹម នៅសាលាបឋមសិក្សាទួលគោករាជធានីភ្នំពេញ។

អគារបណ្ណាល័យឌីជីថល និងបន្ទប់សម្រាប់កុមារមានពិការភាពសតិបញ្ញា បង្កើតឡើងដើម្បីជួយសម្រួលដល់កុមារ ដែលមានពិការភាព និងអូទីហ្សឹម ដើម្បីឱ្យពួកគាត់មានឱកាសទទួលបានការអប់រំមួយដែលមានប្រសិទ្ធភាព។

លោក វន់ សំភស់ នាយកប្រតិបត្តិនៃអង្គការ Action Education បានលើកឡើងថា ថ្នាក់រៀនដែលសម្ពោធនេះ ជាថ្នាក់រៀនទី៤០០ នៃគម្រោងរួមគ្នាជាមួយអង្គការចំនួន២៣ ឱ្យដាក់ដំណើរការនៅថ្ងៃនេះ។ លោកបន្ដថា គឺពិជាមានសារសំខាន់ណាស់ ដែលកុមារគ្រប់ប្រភេទ បានចូលរៀន ហើយចូលរៀនដោយភាពចម្រុះ ទាំងកុមារទូទៅ កុមារមានបញ្ហាសតិបញ្ញា  អូទីហ្សឹម និងកុមារមានពិការភាពជាដើម។ លោកបន្ថែមថា សង្គមកម្ពុជា នឹងក្លាយជាសង្គមមួយដែលគ្មានការរើសអើង បែងចែក និងគោរពសិទ្ធិគ្នាទៅវិញទៅមក។

ចំណែកលោកស្រី សាព្រីណា ហ័រវេ អ្នកឯកទេសអប់រំជាន់ខ្ពស់នៃការ Educate A Child បានលើកឡើងថា អគារសិក្សាដែលសម្ពោធនៅថ្ងៃនេះ នឹងជួយដល់កុមារទាំងអស់ ឱ្យបានសម្រេចនូវការចង់បានរបស់ពួកគេ។

លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងនាឱកាសនេះថា លោកពិតជាអរគុណដល់អង្គការជាតិ និងអន្ដរជាតិជាច្រើនដែលបានជួយដល់កុមារមានពិការភាពសតិបញ្ញា និងអូទីហ្សឹម រហូតមានអគារសិក្សា ដែលសម្ពោធនៅថ្ងៃនេះ។

សូមជម្រាបថា អគារ៥បន្ទប់នៃសាលាបឋមសិក្សាទួលគោកត្រូវបានជួសជុល និងកែច្នៃជាបណ្ណាល័យឌីជីថល ចាប់ពីឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២  ដោយអង្គការសាលារៀនទន្សាយ។ អគារសិក្សានេះ ប្រើប្រាស់សម្រាប់កុមារពិការសតិបញ្ញា និងអូទិស្សឹមចំនួន ៣បន្ទប់ សម្រាប់គ្រប់គ្រងអារម្មណ៍ និងញាណចំនួន ១បន្ទប់ និងសម្រាប់បណ្ណាល័យ ឌី ជីថល ចំនួន ១បន្ទប់ អស់ទឹកប្រាក់សរុបចំនួន ជាង៤ម៉ឺនដុល្លារ។  ថវិការទាំងនេះបានទទួលការឧបត្ថម្ភគាំទ្រពីម្ចាស់ជំនួយ និងសប្បុរសជន មានដូចជា អង្គការ អេត អេ អាក់ ស្យុង អង្គការ អ៊ី អេ ស៊ី (Educate A Child) អង្គការ World Trust និងសប្បុរសជនដូចជាលោក អ៊ួន បឋម ហៅសាយ លោកជី សិលា និងមាតាបិតា អាណាព្យាបាលសិស្សផងដែរ។​

#អគារសិក្សាមួយខ្នង #អង្គការសាលារៀន #កុមារពិការសតិបញ្ញា និងអូទិស្សឹម

Share

Image
Image
Image