en     km
en     km

បណ្ឌិត សុខ ទូចព្រមានចាប់ខ្លួនមនុស្សជាង៥០នាក់ ទាក់ទងល្មើសនេសាទ

Share

លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានព្រមានចាប់ខ្លួនមនុស្សជាង៥០ ដែលរស់នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ករណីនេសាទខុសច្បាប់នៅរដូវបិទនេសាទ។ លោកបានបញ្ជាក់ថា បើសិនជាឃើញសកម្មភាពរបស់ពួកគេជាលើកទី២ លោកនឹងស្នើសុំដីការចាប់បញ្ជូនខ្លួនទៅចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២២។

បើតាមលោកបណ្ឌិតសុខ ទូច បុគ្គលដែលត្រូវបានបង្ហាញអត្តសញ្ញាណ [ឈ្មោះ] គឺពលរដ្ឋរស់នៅខេត្តពោធិ៍សាត់មានចំនួន៣៩រូប ហើយខេត្តកំពង់ធំ មានចំនួន១៦រូប។ ពួកគេបានលួចរាយស្បៃមុង និងរបាំងសាច់អួនជាដើម។

​បើតាម​រដ្ឋបាល​ជលផល​កាលពីថ្ងៃ​ទី ៣០ ខែ​ឧសភា​ឆ្នាំ២០២២ រដូវ​បិទ​នេសាទ​ឆ្នាំនេះ ត្រូវ​បាន​កំណត់​ចាប់​ពីថ្ងៃទី០១ ខែ​មិថុនា ដល់​ថ្ងៃទី៣០ ខែ​កញ្ញា ចំពោះ​ដែននេសាទ​ទឹក​សាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។

ចំណែក​ចាប់ពី​ថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ រដូវបិទនេសាទ​នឹង​ត្រូវ​អនុវត្តលើ ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែល​ស្ថិត​នៅខាង​ត្បូង​ខ្សែស្រប​ទន្លេច​តុមុខ។ នៅ​ក្នុង​រយៈពេល​បិទ​នេសាទនេះ​ អ្នក​នេសាទ​ទាំង​អស់​ត្រូវ​ប្រើតែ​ឧបករណ៍នេសាទ​គ្រួសារ​តែ​ប៉ុណ្ណោះ។

យ៉ាងណា លោក សុខ ទូច ថាចំពោះបុគ្គលជាង៥៥ រូបដែលក្រុមស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជារកឃើញ ត្រូវបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ជាបន្ទាន់៕

#លោក សុខ ទូច #ការនេសាទខុសច្បាប់

Share

ព័ត៌មានទាក់ទង

Image