មេដឹកនាំថៃដែលត្រូវបានព្យួរដំណែងនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងនៅបន្តតួនាទីជារដ្ឋមន្ត្រីការពារជាតិ បន្ទាប់ពីតុលាការបានព្យួរតួនាទីជានាយករដ្ឋមន្ត្រី។
លោក Prayut បានសរសេរនៅលើ Twitter ផ្លូវការរបស់លោកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ២៥ សីហា ថា “ខ្ញុំនឹងបន្តបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជារដ្ឋមន្ត្រីការពារជាតិសម្រាប់ប្រជាជន និងប្រទេសថៃជារៀងរាល់ថ្ងៃ។
តុលាការធម្មនុញ្ញកាលពីថ្ងៃពុធ បានសម្រេចស្តាប់ញត្តិដែលដាក់ជូនដោយគណបក្សប្រឆាំង ដោយលើកហេតុផលថាលោក ប្រាយុទ្ធ ធ្វើជាប្រធានរបបយោធា បន្ទាប់ពីលោកបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ 2014 គួរតែរាប់បញ្ចូលពេលវេលាកំណត់ ដែលរដ្ឋធម្មនុញ្ញថៃបានចែងថានាយករដ្ឋមន្រ្តីមិនអាចកាន់អំណាចលើសពី៨ឆ្នាំ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើពេលណាតុលាការនឹងចេញសេចក្តីសម្រេចលើញត្តិនេះជាលើកចុងក្រោយ។ភាពចម្រូងចម្រាសលើការកំណត់អាណត្តិរបស់លោក ប្រាយុទ្ធ គឺជាដំណាក់កាលចុងក្រោយបំផុតក្នុងរយៈពេលជិតពីរទសវត្សរ៍ នៃភាពចលាចលនយោបាយជាប់ៗគ្នា រួមទាំងរដ្ឋប្រហារចំនួនពីរលើក និងការតវ៉ាដោយហិង្សា ដែលផ្តើមចេញពីការប្រឆាំងទៅនឹងការចូលរួមរបស់យោធានៅក្នុងកិច្ចការនយោបាយ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃសុក្រទី២៦ សីហាថា គណៈរដ្ឋមន្ត្រីនៅតែបន្តដំណើរការជាធម្មតា ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ។
ប្រភព៖ C N A ថ្ងៃទី 26 ខែ សីហា ឆ្នាំ 2022