ភ្នំពេញៈ ក្រសួងកិច្ចការនារីបានច្រានចោល និងបដិសេធចោលទាំងស្រុងរបស់ក្រុមខ្មែរថាវរៈ ចំពោះទង្វើដែលចោទមកលើអាជ្ញាធរពាក់ព័ន្ធដោយគ្មានភស្តុតាងច្បាស់លាស់។
កញ្ញា មាស គឹមធួន រាយការណ៍ពីព័ត៌មាននេះ!
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការដោយធ្វើការបដិសេធដាច់អហង្ការ លើការចោទប្រកាន់ពីសំណាក់ក្រុមខ្មែរថាវរៈ ដោយចាត់ទុកថាជាបុគ្គលមួយក្តាប់តូចមកលើក្រុមសមត្ថកិច្ច និងក្រសួងកិច្ចការនារី ដោយគ្មានមូលដ្ឋានច្បាស់លាស់ ជាពិសេសសម្តែងឈុតឆាកនៅខាងមុខក្រសួងកិច្ចការនារី ដែលប្រាសចាកពីសេចក្តីពិត មានចេតនាមួលបង្កាច់ញុះញង់បង្កឲ្យមានការភ័នច្រលំដល់សាធារណៈជន និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ។ប្រភពបន្តថា៖ ក្រសួងមិនដែលព្រងើយកន្តើយ និងតែងតែយកចិត្តទុកដាក់លើកកម្ពស់កិច្ចការពារសិទ្ធស្រ្តីផ្តល់សហការជាមួយស្ថាប័នពាក់ព័ន្ធ និងគាំទ្រសេវាដល់ស្រ្តី ក្មេងស្រីដែលរងអំពើហិង្សា គ្រប់ស្រទាប់វណ្ណៈ ដោយគ្មានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬស្ថានភាពនយោបាយអ្វីឡើយ។
ការឆ្លើយតបរបស់ក្រសួងកិច្ចការនារីមកកាន់ក្រុមក្រុមយុវជនខ្មែរថាវរៈ នារសៀលថ្ងៃដដែលនេះ កញ្ញាខ្លឹម សារ ជាយុវជនខ្មែរថាវរៈបានប្រាប់វិទ្យុស្ត្រីថា «ខ្ញុំកាន់តែយល់រឹតតែច្បាស់ថាក្រសួងកិច្ចការនារីពុំមានទំនួលខុសត្រូវ ព្រមទាំងបិទភ្នែក បិទត្រចៀកធ្វើមិនឃើញមិនឮពីទុក្ខលំបាកចំពោះការប្រើអំពើហិង្សា និងការបៀតបៀនកេរ្តិ៍ខ្មាសទៅលើស្រ្តីភេទដែលជាបុគ្គលិកណាហ្គាវើលដ៍ពីសំណាក់ក្រុមអាជ្ញាធរ»។
ជាមួយគ្នានេះដែរ វិទ្យុស្ត្រីមិនអាចសុំការឆ្លើយបំភ្លឺពីលោកសឹង សែនករុណា អ្នកនាំពាក្យអង្គការសិទ្ធិមនុស្សអាដហុកបានទេនៅថ្ងៃនេះ ដោយទូរសព្ទ័របស់លោកពុំអាចទាក់ទងបាន។
សូមបញ្ជាក់ថា ក្រុមយុវជនខ្មែរថាវរៈបានដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីក្រសួងកិច្ចការនារីកាលពីអំឡុងខែមេសាឆ្នាំនេះ ដោយស្នើដល់រដ្ឋមន្រ្តីក្រសួងកិច្ចការនារីលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ជួយស្វែងរកយុត្តិធម៌ដល់ក្រុមកូដករជាស្រ្តីរងគ្រោះនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវសមត្ថកិច្ចរាជធានីភ្នំពេញប្រើហិង្សាមកលើ។ដោយឡែកកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រុមយុវជនខ្មែរថាវរៈក៏បានដង្ហែរញត្តិទៅកាន់ក្រសួងកិច្ចការនារីម្តងទៀត ប៉ុន្តែមិនមានការឆ្លើយតបពីក្រសួងឡើយ ។ ជាមួយគ្នានេះដែរកាលពីម៉ោង៨ យប់ថ្ងៃទី២៥ សីហា ឆ្នាំ២០២២ ក្រុមយុរវជនបានយកញត្តិទៅដុតចោល នេះបើតាមការបញ្ជាក់ពីកញ្ញាខ្លឹមសារ។