ភ្នំពេញ៖ យុវជនប្រមាណជាង ១០០ នាក់ មកពីបណ្តាសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ ដែលធ្វើទ្បើងនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញនេះ។
សិក្ខាសាលានេះមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា តាមរយៈការជួបជុំជាសាធារណៈក្រោមប្រធានបទ៖ «យើងទាំងអស់គ្នាដើម្បីអាកាសធាតុ»។
និស្សិតដែលសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច គឺកញ្ញា ឆាយ ធីតា បាននិយាយថា មួលហេតុដែលកញ្ញាចូលរួមនៅក្នុងសិក្ខសាលាខាងលើនេះគឺចង់ជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិ អង្គការ ស្ថាប័នផ្សេងៗទៀត ឱ្យបានដឹងថានៅក្នុងប្រទេសកម្ពុជាកំពុងតែប្រឈមនឹងការប្រែប្រួលអាកាសធាតុ។
កញ្ញា ឆាយ ធីតា បានបញ្ចេញមតិទាក់ទង នឹងការប្រែប្រួលអាកាសធាតុយ៉ាងដូច្នេះថា «ការចោលសំរាមផ្តេសផ្តាស ហើយការកាប់បំផ្លាញព្រៃឈើ យុវជនមិនសូវជួយគ្នាដាំដើមឈើបន្ថែម អញ្ចឹងពួកខ្ញុំចុះទៅតាមបណ្តាខេត្តនានាដូចជាទៅខេត្តកំពតដើម្បីចុះទៅជួយដាំដើមកោងកាង។ ក្នុងនាមខ្ញុំជាយុវជន សូមអំពាវនាវទៅដល់យុវជនទាំងអស់គ្នាមិនថាទាំងយុវជន ឬចាស់ៗនោះទេ សូមឱ្យគាត់ចូលរួមដាំដើមឈើទាំងអស់គ្នា…. »។
ចំណែកឯនិស្សិតមួយរូបទៀតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺកញ្ញា ឆាំ ម៉ារ៉ុង បានលើកទ្បើងថា មានកត្តាជាច្រើនដែលធ្វើឱ្យកម្ពុជា ទទួលរងនៅការប្រែប្រួលអាកាសធាតុ។ កញ្ញា ឆាំ ម៉ារ៉ុង បន្តថា កន្លងមកគេឃើញ មន្ត្រីរដ្ឋាភិបាល ក៏ដូចជា អង្គការសង្គមស៊ីវិល បានចូលរួមធ្វើយុទ្ធនាការ ឬសិក្ខាសាលា ទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះដែរ តែនៅមានកម្រិតនៅទ្បើយ។
កញ្ញា បន្ថែមទៀតថា៖ «ចំពោះការចូលរួមរបស់យុវជនគាត់បានចូលរួមយ៉ាងសកម្មពីព្រោះសម័យឥឡូវយុវជនគាត់ទទួលបានព័ត៌មានលឿនរហ័សតាមបណ្តាញសង្គមហ្វេសប៊ុក ជាក់ស្តែងដូចយុទ្ធនាការនេះអញ្ចឹង យើងឃើញមានយុវជនចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ…..»។
ការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែកើនទ្បើងដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ នេះជាការលើកទ្បើងរបស់និស្សិត មឹក រដ្ឋា រៀននៅសាកលវិទ្យាល័យកម្ពុជា ផ្នែកទំនាក់ទំនងអន្តរជាតិ។
រដ្ឋា បានលើកទ្បើងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុយ៉ាងដូច្នេះថា៖ «ទី០១ សីតុណ្ហភាពប្រចាំថ្ងៃគឺមានកើនទ្បើងរាល់ថ្ងៃបញ្ហាមួយទៀតកង្វះរបស់កសិករព្រោះភាពរាំងស្ងួត ហើយនៅពេលមានទឹកវិញនោះបែរជាមានទឹកជំនន់ធ្វើឱ្យលិចស្រូវរបស់ប្រជាកសិកររលួយអស់ ហើយបញ្ហាមួយទៀតនោះគឺខ្យល់ព្យុះ ឬគេហៅថាខ្យល់កន្ត្រាក់រាល់ថ្ងៃ….»។
ទាក់ទងនឹងបញ្ហាអាកាសធាតុនេះដែរ ប្រធានក្រុមប្រឹក្សាភិបាលបណ្តាញស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហៅកាត់ថា (CCCN) លោក ទេព ប៊ុននី បានមានប្រសាសន៍ថា យុវជនពិតជាមានតួនាទីសំខាន់ក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ លោកថា៖ «ជាការពិតសន្ទុះថ្មីនេះយើងឃើញថាយុវជនដែលនៅក្នុងអាយុក្រោម ៣០ឆ្នាំ មានរហូតដល់ ម្រមាណ៦០ ភាគរយ នៃប្រជាពលរដ្ឋទាំងមូល ដូច្នេះពួកគាត់បានដើរតួនាទីសំខាន់នឹងចាំបាច់សម្រាប់ការចូលរួមចំណែកក្នុងការកសាងប្រទេស ហើយនឹងជួយរួមចំណែកក្នុងការកាត់បន្ថយនៅគ្រោះភ័យដែលនឹងកើតទ្បើងដោយសារកែប្រែប្រួលនេះ….»។
សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៥ ខាងមុខនេះ រដ្ឋាភិបាលនៃប្រទេសនានាជាង១៩០ នៅលើពិភពលោក នឹងប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងពិភពលោកថ្មីមួយស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល និងបញ្ចៀសនូវរាល់ការគំរាមកំហែងនៃផលប៉ះពាល់ការប្រែប្រួលអាកាសធាតុប្រកបដោយគ្រោះថ្នាក់៕