ភ្នំពេញ៖ សមាគមសិល្បករខ្មែរនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ចេញលិខិតរំលែកមរណទុក្ខនៃការបាត់បង់ជីវិតវីរៈសិល្បករជើងចាស់លោក រិទ្ធ សារី បានលាចាកលោកកាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ម្សិលមិញ។
សម្រាប់សមាគមសិល្បករខ្មែរ ចាត់ទុកការបាត់បង់អាយុជីវិតលោក រិទ្ធ សារី ថាជាការបាត់បងនូវវីរៈសិល្បករដ៏មានទេពកោសល្យមួយរូប។ លិខិតដដែលបានលើកឡើងពីគុណបំណាច់របស់លោក រិទ្ធ សារី ដែលបានបូជាកម្លាំងកាយចិត្តក្នុងបុព្វហេតុលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ ប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូន និងចៅៗ។
លោកបានទទួលអនិច្ចកម្មក្នុងអាយុ ៨២ ឆ្នាំ។ បើតាមសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយបានឱ្យដឹងថា មុនពេលតារាភាពយន្ត លោក រិទ្ធ សារី ទទួលអនិច្ចកម្មលោកមានជីវភាពខ្វះខាតយ៉ាងខ្លាំង ខណៈជំងឺប្រចាំកាយតម្រូវឱ្យលោកត្រូវចំណាយថវិកាច្រើនសន្ធឹកក្នុងការព្យាបាល។
កាលនៅមានជីវិតក្នុងជន្មាយុ ៨១ឆ្នាំ លោកមានវត្តមានរស់នៅក្នុងខេត្តបាត់ដំបង ជាមួយភរិយាទី២ និងកូនស្រីច្បងរបស់លោក។ ដោយសារវ័យកាន់តែជរាលោក រិទ្ធ សារី បានចាកចេញពីវិស័យសិល្បៈក្នុងអំឡុងឆ្នាំ ២០០២ ដោយលោកត្រូវពឹងផ្អែកលើកូនទាំងស្រុង។
សូមរំលឹកថា លោក រិទ្ធ សារី គឺជាតារាសម្ដែងជើងចាស់មួយរូប បានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តតាំងពីឆ្នាំ១៩៩០។ លោកបានបំរើការងារក្នុងផលិតកម្មព្រហ្មមានជ័យ នៅរាជធានីភ្នំពេញ។ លោកមានជំនាញល្ខោនបាសាក់ អាយ៉ៃ និងកំប្លែងផងដែរ។ ក្នុងវិស័យល្ខោនបាសាក់ ទស្សនិកជនស្គាល់លោកច្បាស់ តាមរយៈឈ្មោះដែលមហាជនដាក់ឱ្យគឺអ្នកកំប្លែង ឈុន ទិវ៕