ស្វាយរៀង៖ គ្រួសារសពកុមារី ធឿន ចន្ថា ដែលត្រូវសត្វឱម៉ាល់ទិចប្រហែលជា៣០ទ្រនិច បានសម្តែងការមិនពេញចិត្តនឹងសេចក្តីបំភ្លឺរបស់មន្ទីរពេទ្យខេត្តស្វាយរៀង ដោយចោទមន្ទីរពេទ្យថាមិនព្រមបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញឲ្យទាន់ពេលវេលា។
នារសៀលថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ម្តាយក្មេងស្រីជនរងគ្រោះឈ្មោះ ហ៊ូ ស៊ីណាង រស់នៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានប្រាប់វិទ្យុស្ត្រីថា មន្ទីរពេទ្យខេត្តស្វាយរៀង បានបកស្រាយយកត្រូវតែខ្លួនឯង តែតាមសកម្មភាពរបស់ពេទ្យ មើលទៅមិនយកចិត្តទុកដាក់នឹងកូនរបស់ពួកគាត់។
អ្នកស្រីបន្តថា៖ «ពេទ្យមិនសូវយកចិត្តទុកដាក់នឹងកូនខ្ញុំទេ គាត់ដើរទៅមកៗមកសួរកូនខ្ញុំអូនម៉េចហើយ ឈឺនោមអត់ កូនខ្ញុំជួនឆ្លើយជួនគ្រវីក្បាល។ ខ្ញុំឃើញគាត់[ក្រុមគ្រូពេទ្យ]និយាយគ្នាក្នុងបន្ទប់កញ្ចក់ធម្មតា កាយវិការមិនយកចិត្តទុកដាក់ជាមួយកូនខ្ញុំទេ ប្រសិនគាត់យកចិត្តទុកដាក់សង្គ្រោះតែបន្តិចមិនអីទេ តែគាត់[គ្រូពេទ្យ]នៅតែថាតាមដានៗ»។
អ្នកស្រីបន្ថែមថា« ពេទ្យមួយឲ្យបញ្ជូនទៅពេទ្យមន្ទីរពេទ្យកុមារជាតិ ឬមន្ទីរពេទ្យគន្ធរបុប្ផា ស្រាប់តែពេទ្យមួយទៀតមកថា ចាំតាមដាន១ម៉ោងទៀត រហូតទុកកូនរបស់ខ្ញុំហួសពេល បាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យគន្ធរបុប្ផានៅភ្នំពេញ»។
ជាមួយគ្នានេះដែរ វិទ្យុស្ត្រីមិនអាចសុំការឆ្លើយបំភ្លឺពីលោកវេជ្ជបណ្ឌិត កែរ រដ្ឋាជាប្រធានមុន្ទីរសុខាភិបាលខេត្តស្វាយរៀងបានទេ ដោយទូរសព្ទ័របស់លោកពុំអាចទាក់ទងបាន។
ដោយឡែកបើតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលមន្ទីរពេទ្យខេត្តស្វាយរៀងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះត្រូវបានសង្រ្គោះបឋមពេលបញ្ជូនមកមន្ទីពេទ្យ ដោយខាងមន្ទីរពេទ្យដាក់អុកស៊ីសែន ព្យួរសេរ៉ូម ថ្នាំ និងបន្តការតាមដាន។ ស្ថានភាពជំងឺក្មេងស្រីរូបនេះក្រោយពីសង្គ្រោះបឋម បាន២ម៉ោងមក គ្រូពេទ្យបានពិនិត្យឃើញថាស្ថានភាពពិសឪម៉ាល់បានជ្រាបចូលតាមប្រព័ន្ធសំខាន់ៗនៃរាងកាយរួមមាន តម្រងនោម ខួរក្បាល បេះដូង ប្រព័ន្ធដកដង្ហើម ជាហេតុបង្កឲ្យសភាពអ្នកជំងឺធ្ងន់ធ្ងរទៅជាលំដាប់។
សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះបានជិះកង់តាមផ្លូវប៉ះនឹងធាងត្នោតដែលមានសបុកឪម៉ាល់ ជាហេតុបណ្តាលឲ្យឪម៉ាល់ដេញទិច។ នេះបើតាមការបញ្ជាក់ពីម្តាយក្មេងស្រីរងគ្រោះ។