ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២នេះ ក្រុមយុវជនខ្មែរថាវរៈបានមកក្រសួងកិច្ចនារីដើម្បីចង់ដឹងពីលទ្ធផលនៃញត្តិដែលពួកគេបានដាក់កាលពីមេសាកន្លងទៅ ដែលស្នើឱ្យក្រសួងជួយរកយុត្តិធម៌ដល់កូដករក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគេអះអាងថា បើក្រសួងមិនឆ្លើយតបឱ្យបានសមរម្យក្នុងថ្ងៃនេះទេ ពួកគេនឹងដុតញត្តិនេះចោលជាសារបញ្ជាក់ថា គួរកុំឱ្យមានវត្តមានក្រសួងកិច្ចនារីទៀតធ្វើអ្វី។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
ក្រុមយុវជនខ្មែរថាវរៈថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានច្បាស់ៗថា បើសិនជាក្រសួងកិច្ចការនារីនៅតែមិនអើពើនឹងញត្តិរបស់ពួកគេទៀត ក្រុមយុវជននឹងដុតញត្តិនោះចោល ជាសារបញ្ជាក់ថា ក្រសួងមួយនេះគួរត្រូវជំរុះចោលតែម្តង។
ជំហរនេះកើតឡើង ខណៈដែលក្រុមយុវជននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើដំណើរដោយថ្មើរជើងពីកន្លែងស្នាក់នៅរបស់ពួកគេ មកក្រសួងកិច្ចការនារីស្ថិតលើមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងការធ្វើដំណើរមកសុំការឆ្លើយតបពីក្រសួងលើញត្តិដែលបានដាក់កាលពីជាងបួនខែមុននោះ ក្រុមយុវជនបានកាន់បដារូបភាពកូដករ ណាហ្គាវើលដ៍ដែលត្រូវសមត្ថកិច្ចរាជធានីភ្នំពេញប្រើហិង្សាមកលើដោយកូដករដែលជាស្រ្តីខ្លះត្រូវរងរបួលរហូតមានហូរឈាមពេញរាងកាយ ហើយរូបភាពខ្លះគេឃើញសមត្ថកិច្ចប្រើជើងទះមកលើកូដករតែម្តង។ អបដោយរូបភាព ក្រុមយុវជនបានភ្ជាប់លើបដានោះដោយរំលេចពាក្យអំពាវនាវដល់រដ្ឋមន្រ្តីក្រសួងកិច្ចការនារីដែលជាស្រ្តីដែលនោះ ជួយអន្តរាគមន៍លើញត្តិរបស់ពួកគេដោយការស្វែងរកយុត្តិធម៌ជូនស្រ្តីៗជាកូដករ។
ចំណែកបដាខ្លះបានសរសេរសារអំពាវនាវទៅកាន់អាជ្ញាធរត្រូវបញ្ឈប់ការប្រើហិង្សាលើកូដករផងដែរ។
ជាងនេះទៀត ក្រុមយុវជនបានសម្តែងឈុតឆាខ្លីមួយចំពីមុខក្រសួងកិច្ចការនារីតែម្តង គឺពួកគេបានសម្តែងត្រាប់តាមសកម្មភាពសមត្ថកិច្ចវាយដំទាត់ធាក់មកលើស្រ្តីៗជាកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍។
នៅព្រឹកមិញនេះដែរ មន្រ្តីខាងក្រសួងកិច្ចការនារីមួយរូបបានចេញមកទទួលសំណើនិងរូបភាពរបស់ក្រុមយុវជនទុកជាភស្តុតាងបន្ថែមពីលើញត្តិផងដែរ។
មួយទៀតដែរ មន្រ្តីរបស់ក្រសួងកិច្ចនារីដែលចេញមកទទួលសំណើពីក្រុមយុវជនខ្មែរថាវរៈ មិនបានផ្តល់ព័ត៌មានអ្វីពិស្តារនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ញត្តិរបស់ពួកគេត្រូវបានបញ្ចូនបន្តទៅកាន់តុលាការរួចរាល់ហើយ។
សូមបញ្ជាក់ថា ក្រុមយុវជនខ្មែរថាវរៈបានដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីក្រសួងកិច្ចការនារីកាលពីអំឡុងខែមេសាឆ្នាំនេះ ដោយស្នើដល់រដ្ឋមន្រ្តីក្រសួងកិច្ចការនារីលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ជួយស្វែងរកយុត្តិធម៌ដល់ក្រុមកូដករជាស្រ្តីរងនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវសមត្ថកិច្ចរាជធានីភ្នំពេញប្រើហិង្សាមកលើ។ ក្នុងញត្តិចំនួនពីរទំព័រនោះ ក្រុមយុវជនបានលើកយកករណីហិង្សាពីឃ្លីបវីដេអូកាលពីចុងខែធ្នូឆ្នា២០២១ ដែលមានហេតុការណ៍សមត្ថកិច្ចប្រើពាក្យសម្តីមិនសមរម្យលើស្រ្តីម្នាក់ជាកូដករ និងគម្រាមរំលោភបំពានផ្លូវភេទលើស្រ្តីកូដករផងដែរ។ ជាងនេះ ញត្តិក៏បានលើកឡើង ករណីហិង្សាកាលពីខែកុម្ភៈ និងខែមីនាឆ្នាំ២០២២ ដែលសមត្ថកិច្ចបានបន្លំបៀតបៀនកេរភេទលើស្រ្តីក្នុងពេលរុញច្រានស្រ្តីកូដករឡើងលើរថយន្ត។
សម្រាប់ក្រុមយុវជនចាត់ទុកទង្វើរបស់ក្រុមសមត្ថកិច្ចរាជធានីភ្នំពេញថា ជាការប្រមាថជាន់ឈ្លីលើតម្លៃស្រ្តី ហើយក្រុមយុវជនយល់ថា ស្ថាប័នធ្វើការងារលើបញ្ហារបស់ស្រ្តីគឺក្រសួងកិច្ចនារីគឺត្រូវខ្នះខ្នែងស្វែងរកយុត្តិធម៌ជូនក្រុមស្រ្តីជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍។
បើតាមក្រុមយុវជនដែលបានហៅទូរស័ព្ទទៅកាន់មន្រ្តីទទួលបន្ទុករូបនោះ បាននិយាយថា ក្រសួងកិច្ចការនារីបានពិនិត្យមើលញត្តិនិងបានពិភាក្សាពិគ្រោះយោបល់ដោយបានជំរុញញត្តិនេះទៅកាន់ស្ថាប័នមានសមត្ថកិច្ច ពិសេសគឺញត្តិនេះបានទៅដល់ដៃតុលាការរួចហើយ។
យ៉ាងណា សមាជិកម្នាក់របស់ក្រុមយុវជនខ្មែរថាវរៈប្រកាសជំហរថា ពួកគេហ៊ានធ្វើជាដើមបណ្តឹងក្នុងសំណុំរឿងហិង្សាលើកូដករណាហ្គាវើលដ៍នេះ បើសិនជាក្រសួងកិច្ចនារីមិនទទួលដោះស្រាយ ។ហើយក្រុមយុវជនមានជំនឿថា នឹងអាចឈ្នះក្តីលើសំណុំរឿងនេះ ព្រោះពួកគេមានភស្តុតាងគ្រប់គ្រាន៕