en     km
en     km

កំពង់ធំ៖ សិស្សានុសិស្សវិទ្យាល័យទួលក្បិលប្រមូលថវិកាសង់បង្គោលភ្លើងសូឡាបំភ្លឺបរិវេណសាលា

Share

ភ្នំពេញ៖ កាលពីពាក់កណ្តាលខែមិថុនាឆ្នាំនេះ សិស្សានុសិស្សនៃវិទ្យាល័យទួលក្បិល និងប្រជាពលរដ្ឋមួយចំនួនស្ថិតក្នុងភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបរិច្ចាគថវិកាតាមលទ្ធភាពរបស់ពួកគេទិញបង្គោលអំពូលសូឡា ដើម្បីបំភ្លឺបរិវេណសាលាវិទ្យាល័យទួលក្បិល។

ការរៃអង្គាសថវិកានេះ ផ្តួចផ្តើមគំនិតដោយលោក ហ៊ី រដ្ឋធានី ជាគ្រូបង្រៀននិងជាអ្នកទទួលបន្ទុកផ្នែកយុវជននៃវិទ្យាល័យទួលក្បិល ដោយមានការសហការពីក្រុមយុវជនក្នុងវិទ្យាល័យមួយចំនួន។

លោកគ្រូ រដ្ឋធានី ឈរពាក់ម៉ាសលើកផ្ទាំងរូបភាពអំពូលសូឡាកំពុងដំណើរការតម្លើងបង្គោលភ្លើងសូឡា។

 

ក្រុមយុវជនបានធ្វើសកម្មភាពដើររៃអង្គាសថវិកាពីសិស្សៗតាមថ្នាក់រៀន ពិសេសបានទៅផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋក្នុងភូមិដើម្បីជំរុញឱ្យសប្បុរសជនបរិច្ចាគថវិកាផងដែរ។

តាមការឱ្យដឹងពីលោកគ្រូ រដ្ឋធានី បញ្ជាក់ថា ថវិកាដែលរៃអង្គាសបានខាងសាលាបានទិញអំពូលសូឡាចំនួន ១៥ដើម ដោយក្នុងមួយដើមតម្លៃ ៦០ដុល្លាអាមេរិក សរុបថវិកាចំណាយអស់ជាង ៩០០ ដុល្លារអាមេរិក។

ការផ្តើមគំនិតសង់បង្គោលភ្លឺសូឡានេះ គឺដើម្បីជួយបំភ្លឺផ្លូវដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋក្នុងភូមិងាយស្រួលធ្វើដំណើរពេលយប់ និងជួយផ្តល់សុវត្ថិភាពផងដែរ។

រូបភាពភ្លើងសូឡាពេលរាត្រីនៅមុខសាលាទួលក្បិល។

 

តំណាងយុវជនមួយរូបឈ្មោះ កើន ប៊ុនហាប់ ប្រាប់ឱ្យដឹងថា ប្អូននិងសិស្សានុសិស្សក្នុងវិទ្យាល័យមានក្តីរីករាយយ៉ាងពន់ពេក ដែលសាលាបានបំពាក់អំពូលសូឡាព្រោងព្រាតហើយមានសោភ័ណភាពឱ្យចង់គយគន់។ យុវជនរូបនេះបន្ថែមថា ពេលទីធ្លាសាលាមានពន្លឺគ្រប់គ្រាន់តែនេះ ជាផ្នែកមួយជួយជំរុញការសិក្សារបស់សិស្សបានមួយកម្រិតបន្ថែមទៀត ត្បិតសិស្សអាចរៀនរហូតដល់យប់ជាងសព្វមួយដងបាន។

យ៉ាងណាតំណាងយុវជនរូបនេះ សូមអំពាវនាវដល់សិស្សានុសិស្សត្រូវចេះចូលរួមថែរក្សាទ្រព្យសម្បត្តិរបស់សាលា និងត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀតដើម្បីជាសសរទ្រូងរបស់ប្រទេសជាតិ។

ជាការកត់សម្គាល់ ក្នុងបរិវេណសាលាទួលក្បិលមានការសាងសង់សមិទ្ឋិផលជាច្រើន ដែលជាថវិការបស់រៃអង្គាសពីសិស្សានុសិស្សនិងសប្បុរសជនក្នុងភូមិ។ ក្នុងនោះមាន ស្តូបរូបសំណាកព្រះសង្ឃរាជ ជួន ណាត និងកន្លែងលាងដៃសម្រាប់សិស្សមុនពេលចូលរៀនជាដើម៕  

អត្ថបទខ្លីនេះសរសេរដោយ រុន វីរៈ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

Share

Image
Image
Image