en     km
en     km

ក្រុមយុវជនខ្មែរថាវរៈគ្រោងលើកបដាសុំការឆ្លើយតបញត្តិពីក្រសួងកិច្ចការនារីនៅថ្ងៃស្អែក

Share

បើគ្មានអ្វីប្រែប្រួលនោះទេ ក្រុមយុវជនខ្មែរថាវរចំនួន ៧នាក់ នៅថ្ងៃស្អែកថ្ងៃទី២៥ ខែសីហា នឹងធ្វើសកម្មភាពលើកបដា នៅមុខក្រសួងកិច្ចការនារី ដើម្បីសុំការឆ្លើយតបញត្តិដែលពួកគេបានដាក់កាលពីថ្ងៃទី៤ ខែមេសាឆ្នាំ២០២២កន្លងទៅ។ ញត្តិរបស់ក្រុមយុវជនដាក់គ្រានោះ មានបំណងជំរុញឱ្យក្រសួងកិច្ចការនារីរកដំណោះស្រាយជូនកូដករណាហ្គាវើលដ៍ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបៀតបៀនកេរ្តិ៍ខ្មាស់។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចដ្ដីរាយការណ៍៖

កញ្ញា ឈឿន ដារ៉ាវី សកម្មជនសង្គម និងជាតំណាងឱ្យក្រុមយុវជនខ្មែរថាវរៈ បានប្រាប់វិទ្យុស្ដ្រីឱ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាមថា នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សកម្មជនបរិស្ថាននឹងធ្វើសកម្មភាព លើកបដា ដោយយកក្រដាសស តំណាងឱ្យញត្តិបិទជុំវិញខ្លួន។ សាររបស់កញ្ញា ដារ៉ាវី បានបញ្ជាក់ថា ការលើកបដាស្អែកក៏មានការសម្ដែងពីអំពើហិង្សារបស់សមត្ថកិច្ចមកលើស្រ្តីឆុតខ្លីមុខក្រសួងកិច្ចនារីផងដែរ ដើម្បីឱ្យរដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ឆ្លើយតបញត្តិដែលក្រុមយុវជនដាក់ជូនកាលពីថ្ងៃទី៤ មេសាឆ្នាំ២០២២កន្លងទៅ។

កញ្ញា ឈឿន ដារ៉ាវី សកម្មជនសង្គម

ដោយឡែក លោក ស្វាយ សំណាង សមាជិកម្នាក់ក្នុងក្រុមយុវជនខ្មែរថាវរៈបន្ថែមថា ញត្តិដែលដាក់ទៅក្រសួងកិច្ចការនារី មានខ្លឹមសារចង់ឱ្យក្រសួងកិច្ចជួយអន្ដរាគមលើទង្វើរបស់កងកម្លាំងមានសមត្ថកិច្ច ដែលប្រើរូបភាពបៀតបៀនកេរ្តិ៍ភេទ និងបំបិទសិទ្ធិតវ៉ារបស់បុគ្គលិក ណាហ្គាវើលដ៍ប្រឆាំងនឹងក្រុមហ៊ុនក្នុងពេលកន្លងទៅ។

លោកបន្ដថា ប្រសិនបើជាថ្ងៃស្អែក ក្រសួងកិច្ចការនារីមិនដោះស្រាយ ឬឆ្លើយតបញត្តិដែលបានដាក់ជាង ៤ ខែមកហើយនោះទេ ក្រុមយុវជនខ្មែរថាវរ នឹងដុតញត្តិចោល ហើយប្រកាសថា ក្រសួងដែលធ្វើការលើរឿងលើកម្ពស់ស្ដ្រីមិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាជូនដល់ស្ដ្រីភេទទេ។

លោក ស្វាយ សំណាង សមាជិកម្នាក់ក្នុងក្រុមយុវជនខ្មែរថាវរៈ

គួរជម្រាបថា សមាជិកដែលនឹងធ្វើសកម្មភាពនៅមុខក្រសួងកិច្ចការនារីនាថ្ងៃស្អែក គឺជាក្រុមខ្មែរថាវរៈ មានសមាជិកចំនួន៧ នាក់។ បើតាមលោក ស្វាយ សំណាង ដដែលថា ការរើសយកវិធីសាស្ដ្រធ្វើសកម្មភាពបែបនេះ ព្រោះការដាក់ញត្តិកន្លងមកមិនមានការឆ្លើយតបជាវិជ្ជមានពីក្រសួងឡើយ។

លោកស្រី អ៊ឹង កន្ថាផាវី

សូមជម្រាបថា រឿងរ៉ាវកូដកម្មរបស់កូដករណាហ្គាវើលដ៍ បានអូសបន្លាយរាប់ចាប់តាំងពីចុងឆ្នាំ២០២១មកម្លេះ។ រឿងរ៉ាវជាច្រើនក៏បានកើតឡើងរវាងអាជ្ញាធរ និងក្រុមបាតុករ ដូចជាការចាប់ខ្លួនមេសហជីព ចាប់ខ្លួនកូដករដាក់ឡានចេញឆ្ងាយពីទីតាំងតវ៉ា និងមានការប៉ះទង្គិចបង្ករបួសស្នាមដល់ស្ដ្រីកូដករផងដែរ៕

#ក្រសួងកិច្ចការនារី #កញ្ញា ឈឿន ដារ៉ាវី  #កូដករណាហ្គាវើលដ៍

Share

ព័ត៌មានទាក់ទង

Image