នៅឆ្នាំ២០២៣ រដ្ឋាភិបាលគ្រោងនឹងតម្លើងប្រាក់បៀវត្សដល់មន្ដ្រីរាជការគ្រប់វិស័យ បន្ទាប់ពីខកខានឡើងរយៈពេល២ឆ្នាំ ដោយសារបង្វែរថវិកាទៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ តែការតម្លើងប្រាក់បៀវត្សនេះ ត្រូវបានរាជរដ្ឋាភិបាលទម្លាយអោយដឹងថា នឹងបានទៅលើវិស័យអប់រំ និងសុខាភិបាលខ្ពស់ជាងវិស័យដទៃ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ដោយមើលឃើញពីលទ្ធផលការសិក្សារបស់សិស្សទូទាំងប្រទេសនិងភាពហត់នឿយរបស់ក្រុមគ្រូពេទ្យ ដែលជាកងទ័ពអាវស ប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ក្រុមគ្រូបង្រៀន និងគ្រូពេទ្យ ដោយតម្លើងប្រាក់បៀរវត្សរ៍ខ្ពស់ជាងវិស័យដទៃ ខណៈ២ឆ្នាំកន្លងមកនេះ មន្ដ្រីរាជការទាំងអស់មិនបានតម្លើងប្រាក់ខែនោះទេ។
ការលើកទឹកចិត្តដល់វិស័យទាំងពីរនេះ ត្រូវបានរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែនប្រកាសកាលពីព្រឹកថ្ងៃទី២៣ ខែសីហានេះ អំឡុងពេលចូលរួមប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣ពាន់នាក់។
ទោះបីចំនួនសិស្សដែលទទួលបាននិទ្ទេស A កើនឡើង៣ដងបើធៀបមុនមានការឆ្លងកូវីដ១៩ ក៏ដោយ តែរាជរដ្ឋាភិបាលទទួលស្គាល់ថា គុណភាពវិស័យអប់រំនៅកម្ពុជានៅមានកម្រិត ហើយត្រូវធ្វើការកែលំអរ តែសម្ដេចថា ក្រសួងអប់រំបានខិតខំកែលម្អជាខ្លាំងក្នុងការលើកម្ពស់ការអប់រំ។ នេះបើតាមការលើកឡើងរបស់រាជរដ្ឋាភិបាល។
យ៉ាងណា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់បានលើកឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នាទិវាគ្រូបង្រៀនឆ្នាំមុនថា វិស័យអប់រំនៅកម្ពុជាមិនទាន់ឆ្លើយតបតាមការចង់បានរបស់អង្គការអន្ដរជាតិទេ។ ក្នុងញត្តិដែលសមាគមនគ្រូបង្រៀនកម្ពុជាបានស្នើទៅរដ្ឋាភិបាលកាលពីឆ្នាំមុន គឺបានស្នើសុំតម្លើងប្រាក់បៀរវត្សគ្រូបង្រៀនឱ្យបានចំនួន ២លានរៀល ក្នុងមួយខែ ដើម្បីកុំឱ្យមានគម្លាតឆ្ងាយពីទំនិញលើទីផ្សារ និងឱ្យទប់ស្កាត់អំពើពុករលួយក្នុងវិស័យអប់រំ។
បើតាមឯកសាររបស់ក្រសួងអប់រំ បានបង្ហាញពីប្រាក់ខែគ្រូបង្រៀន សម្រាប់ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមឬហៅថាប្រភេទ (ក) ទទួលបានប្រាក់បៀវត្សអតិបរមាជាង២លានរៀល (២,១៦៥,០០០ រៀល) និងអប្បបរមាប្រហែល១លាន៥សែនរៀល (១,៤៦២,៥០០រៀល)។ គ្រូកម្រិតមូលដ្ឋានទទួលបានប្រាក់បៀវត្សច្រើនបំផុត ១,៨៤៥,០០០រៀល និងទាបបំផុត ១,៣៤០,០០០រៀល។ ដោយឡែកសម្រាប់គ្រូកម្រិតបឋមឬប្រភេទ (គ) ទទួលបានប្រាក់បៀវត្សពី ១,២៤២,៥០០ រៀល រហូតដល់ ១,៦២៥,០០០ រៀល។
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់លើកឡើងថា ប្រាក់បៀវត្សគ្រូបង្រៀននៅឆ្នាំ២០១៥ គឺចន្លោះពី៥សែនរៀល ដល់១លាន២សែនរៀល។ ចំណែកប្រាក់បៀវត្សគ្រូបង្រៀននៅឆ្នាំ២០២២ គឺចន្លោះពី១លាន២សែនរៀល ដល់២លាន១សែនរៀល។
តែយ៉ាងណា បើតាមនាយករដ្ឋមន្ដ្រីដដែលរដ្ឋាភិបាលគ្រោងនឹងតម្លើងប្រាក់ខែមន្ដ្រីរាជការគ្រប់វិស័យទាំងអស់នៅឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីខកខានឡើងប្រាក់បៀរវត្សរ៍២ឆ្នាំ។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា ដោយសារស្ថានភាពបញ្ចា្រសគ្នា គឺឆ្នាំ២០២០-២១ គឺចំណូលធ្លាក់ចុះ តែតម្រូវការចំណាយកើនឡើង ចំណែកឆ្នាំ២០២២ ចំណូលកើនឡើង ជាមួយចំណាយត្រូវបានកាត់បន្ថយ៕
#គ្រូបង្រៀន និងគ្រូពេទ្យ #ប្រាក់បៀវត្ស