មេដឹកនាំពិភពលោកបានមកដល់ទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចពិភាក្សាស្តីអំពីអាកាសធាតុជាប្រវត្តិសាស្ត្រនិងមានសក្ដានុពល ចំពេលដែលមានក្ដីកង្វល់ពីបញ្ហាសន្តិសុខពិភពលោក ជាក់ស្ដែងដូចជាការវាយប្រហារពីពួកភេរវករនៅប្រទេសបារាំងកាលពីថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ។
ការខកចិត្តលើការរឹតបន្តឹងចំពោះអ្នកតវ៉ា នៅកន្លែងដែលរងការវាយប្រហារបានបណ្ដាលឱ្យប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ (Francois Hollande) ហៅថា «រឿងអាស្រូវ» ដែលជាការប៉ះទង្គិចគ្នារវាងអ្នកតវ៉ានិងនគរបាល នៅឯ Place de Republique ជាកន្លែងចងចាំចំពោះជនរងគ្រោះ។
អាជ្ញាធរបារាំងបានបញ្ឈប់ការបាតុកម្មជាសាធារណៈ បន្ទាប់មានការវាយប្រហារបណ្ដាលឱ្យមានអ្នកស្លាប់ ហើយបានរារាំងនូវផែនការរបស់ក្រុមយុទ្ធនាការបរិស្ថាន សម្រាប់ការហែក្បួនដ៏ធំនៅថ្ងៃអាទិត្យ។
ប៉ូលីសបារាំងបានចាប់ខ្លួនប្រជាជនជាង ២០០ នាក់ នាថ្ងៃអាទិត្យ បន្ទាប់ពីក្រុមអ្នកតវ៉ាបានគប់ស្បែកជើង ដបទឹក និងសូម្បីតែទៀន ដល់ក្រុមប៉ូលីស។
លោកប្រធានាធិបតីបារាំងបាននិយាយថា អាជ្ញាធរបានដឹងពី «ធាតុបង្កឱ្យមានបញ្ហា» ដែលនឹងមកដល់ក្រុងប៉ារីសសម្រាប់កិច្ចពិភាក្សា និងបាននិយាយពីមូលហេតុដែលថាសន្និបាតទាំងនេះត្រូវបានហាមឃាត់ ហើយខ្លះទៀតត្រូវបានបញ្ជាឱ្យនៅផ្ទះ។
មេប៉ូលីសក្រុងប៉ារីស លោក មីឈែល កាដូត (Michel Cadot) និយាយថាការយកទៀនមកប្រើជាការប្រឆាំងនឹងប៉ូលីស បង្ហាញឱ្យឃើញពី «ការខ្វះខាតយ៉ាងខ្លាំងក្នុងការគោរពដល់ព្រឹត្តការណ៍ទាំងនោះ»។
ថ្វីបើមានភាពតានតឹងទាំងនោះក៏ដោយ ក៏ក្រុមបាតុករបានធ្វើឡើងដោយសន្តិវិធីមុនពេលកិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុដ៏មានសារៈសំខាន់នោះ។ នៅកន្លែងដង្ហែក្បួនឯនោះវិញ អ្នកតវ៉ាបានដាក់ស្បែកជើងជាជួររាប់ពាន់គូ តំណាងឱ្យសកម្មជនក្នុងការងារបម្រែបម្រួលអាកាសធាតុ។
កិច្ចពិភាក្សានឹងចាប់ផ្ដើមនៅថ្ងៃចន្ទនេះ ហើយមេដឹកនាំពិភពលោកជិត ១៥០ នាក់ ត្រូវបានរំពឹងទុកថានឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលគេហៅថាជាគោលបំណងនៃការឈានដល់កិច្ចព្រមព្រៀងជាសកលនិង
ប្រវត្តិសាស្ត្រមួយ ស្ដីពីការកំណត់នូវការបំភាយឧស្ម័នផលផ្ទះកញ្ចក់។
មេដឹកនាំសហរដ្ឋអាមេរិក ចិន និងឥណ្ឌា ដែលជាមេដឹកនាំនៃប្រទេសធំទាំងបីដែលមានការបញ្ចេញនូវជាតិកាបូនច្រើនជាងគេនោះ ក៏នឹងចូលរួមថ្ងៃបើកនូវព្រឹត្តការណ៍នោះដែរ ដែលត្រូវបានស្គាល់ថាជា COP21 (Conference of Parties)៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ CNN News