យោងតាមសារព័ត៌មានAP កូនស្រីរបស់អ្នកទ្រឹស្ដីនយោបាយរុស្ស៊ីដ៏មានឥទ្ធិពលម្នាក់ដែលតែងតែហៅថា “ខួរក្បាលរបស់ពូទីន” ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះរថយន្តនៅជាយក្រុងម៉ូស្គូ។គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីនៅទីក្រុងមូស្គូបាននិយាយថា កញ្ញា Daria Dugina អាយុ 29 ឆ្នាំជាអ្នកអត្ថាធិប្បាយទូរទស្សន៍ត្រូវបានសម្លាប់ដោយសារធាតុផ្ទុះនៅក្នុងរថយន្ត SUV ដែលនាងកំពុងបើកបរកាលពីយប់ថ្ងៃសៅរ៍។
មិនមានការអះអាងថាក្រុមណាទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ។ ប៉ុន្តែការបង្ហូរឈាមនេះបានធ្វើឱ្យមានការសង្ស័យថាគោលដៅដែលត្រូវវាយប្រហារគឺឪពុករបស់នាងគឺ Alexander Dugin ដែលជាទស្សនវិទូជាតិនិយមនិងជាអ្នកនិពន្ធ។គាត់ក៏ជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបញ្ជូនទ័ពចូលអ៊ុយក្រែន។
ការផ្ទុះនេះបានកើតឡើងខណៈនាង Daria Dugina ត្រឡប់មកពីពិធីបុណ្យវប្បធម៌ដែលគាត់បានចូលរួមជាមួយ Dugin ជាឳពុក។ សារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីសាក្សីថា រថយន្ត SUV ផ្ទុះជាកម្មសិទ្ធិរបស់ Dugin ប៉ុន្តែគាត់បានសម្រេចចិត្តប្ដូររថយន្តផ្សេងវិញ។ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្រុងម៉ូស្គូនៅពេលនេះ ទំនងជាធ្វើឲ្យភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
លោក Denis Pushilin ប្រធានក្រុមផ្តាច់ខ្លួន នៅDonetsk ដែលគាំទ្រទីក្រុងមូស្គូ បានស្តីបន្ទោសការបំផ្ទុះនេះទៅលើ “ភេរវករអ៊ុយក្រែន ដែលព្យាយាមសម្លាប់ Alexander Dugin” ។លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបដិសេធការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែន ដោយនិយាយថា “យើងមិនមែនជារដ្ឋឧក្រិដ្ឋកម្ម មិនដូចរុស្ស៊ីទេ ហើយច្បាស់ជាមិនមែនជារដ្ឋភេរវករ”។អ្នកវិភាគនយោបាយ Abbas Gallyamov ដែលជាអតីតអ្នកសរសេរសុន្ទរកថាអោយពូទីន បានហៅការវាយប្រហារនេះថាជា “ទង្វើនៃការបំភិតបំភ័យ” សំដៅទៅលើពួកអ្នកស្មោះត្រង់របស់វិមានក្រឹមឡាំង។
យោងតាមអតីតសមាជិកសភារុស្ស៊ី Ilya Ponomarev បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមរុស្ស៊ីមិនស្គាល់អត្តសញ្ញាណមួយក្រុម បានអះអាងទទួលខុសត្រូវកាលពីថ្ងៃអាទិត្យចំពោះការបំផ្ទុះនេះ។ សារព័ត៌មានAP មិនទាន់អាចផ្ទៀងផ្ទាត់បានទេ។ Ponomarev ដែលបានចាកចេញពីប្រទេសរុស្ស៊ីបន្ទាប់ពីបោះឆ្នោតប្រឆាំងនឹងការបញ្ចូលគ្រីមៀក្នុងឆ្នាំ 2014 បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ទូរទស្សន៍អ៊ុយក្រែន។
ប្រភព៖ AP ២២ សីហា ២០២២