អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងថា លោកមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការប្រយុទ្ធគ្នានៅជិតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។លោកបានធ្វើអត្ថាធិប្បាយបែបនេះក្នុងអំឡុងពេលលោកប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមេដឹកនាំទួរគី Recep Tayyip Erdogan នៅទីក្រុង Lviv ។លោក Guterres បានព្រមានថា “ការធ្វើអោយខូចខាតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia គឺជាការធ្វើអត្តឃាត” ។
វាគឺជាជំនួបលើកដំបូងរបស់លោក Zelensky និងលោក Guterres ចាប់តាំងពីខែមេសា នៅពេលដែលទីក្រុង Kyiv ត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតរុស្ស៉ីអំឡុងពេលទស្សនកិច្ចរបស់ប្រធានអង្គការសហប្រជាជាតិ។លោក Erdogan បានបន្ទរពីកង្វល់របស់ Guterres ដោយប្រាប់អ្នកសារព័ត៌មានថា លោកមានការព្រួយបារម្ភអំពីគ្រោះថ្នាក់នៃគ្រោះមហន្តរាយ “Chernobyl” មួយផ្សេងទៀតដែលផ្ទុះឡើងនៅរោងចក្រនេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ តំបន់ជុំវិញរោងចក្រដែលរុស្ស៊ីដណ្តើមបានកាលពីខែមីនា បានទទួលរងការបាញ់កាំភ្លើងធំ ដោយទាំងទីក្រុង Kyiv និងទីក្រុងម៉ូស្គូបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារទាំងនោះ។
នៅមុនកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ លោក Zelensky បានរិះគន់រុស្ស៊ីថាមាន “ចេតនា” វាយប្រហារលើរោងចក្រថាមពលនុយក្លែអ៊ែរ។ទីក្រុងមូស្គូត្រូវបានចោទប្រកាន់អុយក្រែនវិញថាទីតាំងរៀងចក្រឋាមពលនោះថាជាមូលដ្ឋានទ័ពអ៊ុយក្រែន។មេដឹកនាំទាំងបីបានជំរុញឱ្យរុស្ស៊ីកំណត់តំបន់គ្មានយោធាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការអំពាវនាវនេះបានកើតឡើងនៅពេលដែលបុគ្គលិកអ៊ុយក្រែនដែលកំពុងធ្វើការនៅរោងចក្រក្រោមការដឹកនាំរបស់រុស្ស៊ីបានព្រមានពីមហន្តរាយនុយក្លេអ៊ែរដែលអាចកើតមានជាយថាហេតុដោយនិយាយថាក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះតំបន់រោងចក្រនុយក្លេអ៊ែរបានក្លាយជា “គោលដៅនៃការវាយប្រហារជាបន្តបន្ទាប់ដោយយោធា” ។ បុគ្គលិកធ្វើការនៅរោងចក្រឋាមពលនុយក្លែអ៊ែរបានសរសេរនៅក្នុងTelegram ជាភាសាអ៊ុយក្រែនថា “អ្វីដែលកំពុងកើតឡើងគឺគួរឱ្យរន្ធត់ និងហួសពីសុភវិនិច្ឆ័យ និងសីលធម៌”។ មជ្ឈមណ្ឌលសន្តិសុខព័ត៌មានអ៊ុយក្រែនបានសរសេរថា៖ «មន្ត្រីចារកម្មអ៊ុយក្រែនជឿថាជនជាតិរុស្ស៊ីកំពុងរៀបចំការបង្កហេតុនៅកន្លែងនោះ»។ សារព័ត៌មានBBC មិនទាន់អាចផ្ទៀងផ្ទាត់ការអះអាងនេះបានទេ។ លោក Zelensky បានព្រមានថា “ពិភពលោកជិតដល់ពេលនៃគ្រោះមហន្តរាយនុយក្លេអ៊ែរហើយ” លោកបានថ្កោលទោសចំពោះអ្វីដែលគាត់ហៅថា “សកម្មភាពមិនទទួលខុសត្រូវរបស់រុស្ស៊ី និងការគំរាមកំហែងនុយក្លេអ៊ែរ” ។
មានរបាយការណ៍មកថា លោក Erdoganប្រធានាធិបតីតួគី នឹងស្នើឱ្យរៀបចំកិច្ចប្រជុំកំពូលរវាងលោក Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។មេដឹកនាំទួរគីលោក Erdoganរក្សាទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយលោក ពូទីន ហើយនិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះ លោក Erdogan បាននិយាយថា លោកជឿថាសង្រ្គាមនឹង “ឈានដល់ទីបញ្ចប់នៅលើតុចរចា”។ លោក Zelensky បានប្រាប់អ្នកយកព័ត៌មានថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានទទួលដំណឹងពីលោក Erdogan ថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាព។លោក Zelensky បាននិយាយថា “មិនមានការជឿទុកចិត្តលើសហព័ន្ធរុស្ស៊ីទេ” ដោយនិយាយថាសំខាន់បំផុតគឺរុស្ស៊ីត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអុយក្រែនជាមុនសិន។
ប្រភព៖ BBC, 19 August 19, 2022