en     km
en     km

បទ​វិភាគ​៖​ ច្រមុះ​ខ្មែរ​

Share

nose-taprum-cover
​មាន​មតិ​រិះគន់​ជា​ច្រើន​ផ្សេងៗ​គ្នា​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក្រោយ​ពេល​មានការ​ដាច់​ចរន្តអគ្គិសនី​ទូ​ទាំង​ប្រទេស​ កាលពី​យប់​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។​ ក្នុង​ចំណោម​ការ​រិះគន់​ទាំងនោះ​មាន​ដូច​ជា​ តើ​វា​រី​អគ្គិសនី​ដែល​កម្ពុជា​បាន​សាងសង់​កន្លង​មក​យក​ភ្លើង​ទៅ​ណា​ ឬ​ក៏​វា​គ្រាន់តែ​ជា​ការ​បិទ​បាំង​ការ​បំផ្លាញ​ធនធានធម្មជាតិ​តែ​ប៉ុណ្ណោះ​?​ ឯ​មតិ​រិះគន់​ខ្លះ​ថា​ តើ​កម្ពុជា​គួរ​រស់​ដោយសារ​ដង្ហើម​បរទេស​ដល់​ពេល​ណា​?​

​ចង់​ដឹង​បញ្ហា​នោះ​កាន់តែ​ច្បាស់​ សូម​ស្ដាប់​បទ​វិភាគ​រៀបរៀង​ជូន​ដោយ​លោក​ណុ​ល​ ដា​រ៉ា​

​នៅ​រាត្រី​ថ្ងៃ​ទី​៣​ នៃ​ទី​វា​បុណ្យអុំទូក​ អកអំបុក​ សំពះ​ព្រះ​ខែ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​មក​ថ្មីៗ​នេះ​ ចរន្តអគ្គិសនី​បាន​ដាច់​រយៈពេល​ជិត​មួយ​ម៉ោង​នៅ​ទូ​ទាំង​ប្រទេស​ គឺ​ចន្លោះ​ម៉ោងជាង​១០​យប់​ ដល់​ម៉ោងជាង​១១​យប់​។​

​នៅ​រាត្រី​នោះ​ លោកនាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ ដោយ​បាន​សុំ​ទោស​ចំពោះ​ករណី​ដាច់​ចរន្តអគ្គិសនី​នោះ​ និង​បាន​អះអាង​ថា​ មិនមែន​ជា​ចេតនា​ខាង​នយោបាយ​របស់​ក្រុម​ណាមួយ​ ឬ​ជា​សញ្ញា​នៃ​អំពើ​ភេរវកម្ម​ ក្រៅពី​ការ​ដាច់​ចរន្តអគ្គិសនី​នោះ​ទេ​។​

​នៅ​ពេល​ជាមួយ​គ្នា​នោះ​ ហ្វេ​ស​ប៊ុ​ក​របស់​សាលា​រាជធានី​ភ្នំពេញ​ បាន​ផ្សាយ​នូវ​សេចក្ដីថ្លែងការណ៍​របស់​អគ្គនាយក​អគ្គិសនី​កម្ពុជា​ លោក​កែវ​ រតនៈ​ អំពី​មូលហេតុ​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​នោះ​ថា​ បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ប្រទេស​វៀតណាម​ លើ​ខ្សែបណ្ដាញ​ផ្គត់ផ្គង់​មក​កម្ពុជា​។​
​ជាមួយ​គ្នា​ ហ្វេ​ស​ប៊ុ​ក​របស់​សាលា​រាជធានី​ ក៏​បាន​ផ្សាយ​រូបភាព​មន្ត្រី​អគ្គិសនី​ កំពុង​ត​ចរន្តអគ្គិសនី​ទាំង​យប់​ ដោយ​ហ្វេ​ស​ប៊ុ​ក​នោះ​សរសេរ​ថា​ មន្ត្រី​អគ្គិសនី​កំពុង​រក​វិធី​ដើម្បី​ដោះស្រាយ​ និង​ត​ភ្ជាប់​ចរន្ត​។​

​នៅ​រាត្រី​ជាមួយ​គ្នា​នោះ​ដែរ​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ មានការ​លើក​ជា​ច​ម្ង​ល់​ថា​ បើ​ដាច់​ចរន្តអគ្គិសនី​មក​ពី​វៀតណាម​ ហេតុ​អ្វី​ក៏​ជាប់​ពាក់ព័ន្ធ​ដល់​ចរន្តអគ្គិសនី​ដែល​ផ្គត់ផ្គង់​មក​ពី​ប្រទេស​ថៃ​ ដូច​ជា​ករណី​ខេត្តបន្ទាយមានជ័យ​ និង​សៀមរាប​ជាដើម​នោះ​។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​លើក​ជា​ច​ម្ង​ល់​ថា​ បើ​ដាច់​ចរន្តអគ្គិសនី​ផ្គត់ផ្គង់​មក​ពី​វៀតណាម​ ក៏​មិន​អាច​ដាច់​ទូ​ទាំង​រាជធានី​ភ្នំពេញ​បាន​ដែរ​ ព្រោះ​នៅ​រាជធានី​ភ្នំពេញ​មាន​រោងចក្រ​អគ្គិសនី​ពីរ​កន្លែង​ គឺ​នៅ​ផ្សារ​តូច​ និង​នៅ​ចក្រ​អង្រែ​ ហើយ​ក៏​មានការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​មក​ពី​វា​រី​អគ្គិសនី​គិរី​រម្យ​១​ គិរី​រម្យ​២​ និង​គិរី​រម្យ​៣​ និង​វា​រី​អគ្គិសនី​ភ្នំ​កំចាយ​មក​ពី​ខេត្តកំពត​ជាដើម​។​

​មាន​អ្នកខ្លះ​ទៀត​បាន​រិះគន់​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​ តើ​វា​រី​អគ្គិសនី​ដែល​បាន​សាងសង់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​កន្លង​មក​យក​ភ្លើង​ទៅ​ណា​ ឬ​ក៏​វា​រី​អគ្គិសនី​ទាំងនោះ​ មិន​អាច​ផលិត​ភ្លើង​បាន​ទេ​ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ឧបករណ៍​បិទ​បាំង​ភ្នែក​មជ្ឈដ្ឋាន​ទូទៅ​ ដើម្បី​បំផ្លាញ​ធនធានធម្មជាតិ​តែ​ប៉ុណ្ណោះ​។​

​ចំណែក​មតិ​ខ្លះ​ទៀត​ បាន​វិភាគ​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​កថា​ បើ​គ្រាន់តែ​ដាច់​ចរន្តអគ្គិសនី​នៅ​ប្រទេស​វៀតណាម​ ធ្វើ​ឲ្យ​ខ្មែរ​ងងឹត​ទូ​ទាំង​ប្រទេស​នោះ​ វា​មិន​ខុស​ពី​ខ្មែរ​រស់​ដោយសារ​ដង្ហើម​បរទេស​នោះ​ទេ​ គឺ​បាន​ន័យ​ថា​ ច្រមុះ​ខ្មែរ​ ឯ​ខ្យល់​ដង្ហើម​ចេញចូល​ជា​ខ្យល់​បរទេស​ ហើយ​ខ្មែរ​នឹង​ស្លាប់​ បើ​គ្មាន​ខ្យល់​បរទេស​សម្រាប់​ដកដង្ហើម​ទេ​។​
​ទាក់ទង​នឹង​ករណី​នេះ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ កម្ពុជា​គួរតែ​មានការ​អភិវឌ្ឍ​វិស័យ​ថាមពល​ដោយ​ខ្លួនឯង​ប្រកបដោយ​ចេរភាព​ ជា​ជាង​ការ​ពឹងពាក់​ប្រទេស​ជិតខាង​ទាំងស្រុង​ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​។​

​លោក​សាស្ត្រាចារ្យ​សូ​ ច​ន្ថា​ បន្ត​ថា​៖​ «​ខ្ញុំ​យល់​ថា​ បើសិនជា​កម្ពុជា​នៅ​តែ​ពឹងផ្អែក​ទៅ​លើ​ភ្លើង​បរទេស​របៀប​នេះ​ ខ្ញុំ​ថា​វា​ជា​បញ្ហា​ដ៏​គ្រោះថ្នាក់​សម្រាប់​កម្ពុជា​ហើយ​ ។​ ពីព្រោះ​បើ​យើង​ពិនិត្យ​មើលទៅ​ យើង​អត់​មាន​ឯករាជ្យ​ភាព​ យើង​អត់​មាន​ គេ​ហៅ​ថា​អធិបតេយ្យភាព​របស់​ខ្លួន​ទេ​ ។​ យើង​ពឹង​គេ​ទាំងស្រុង​ ដូច​ជា​សេដ្ឋកិច្ច​អ៊‍ីចឹង​ ។​ អ៊‍ីចឹង​ប្រទេស​ជិតខាង​គឺជា​ដង្ហើមរស់​របស់​ប្រទេស​កម្ពុជា​ បើ​គេ​ឲ្យ​យើង​រស់​ រស់​ បើ​គេ​ឲ្យ​យើង​ស្លាប់​ គឺ​យើង​ស្លាប់​ហើយ​ ក្នុង​ចំណុច​ហ្នឹង​»​។​

​ត្រឡប់​ទៅ​ក្រោយ​វិញ​ បើសិនជា​ការ​ដាច់​ចរន្តអគ្គិសនី​ទូ​ទាំង​ប្រទេស​ កាល​យប់​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នោះ​ មិនមែន​ជា​ចេតនា​ក្នុង​ការ​បិទ​បាំង​អ្វីមួយ​ទេ​ តើ​កម្ពុជា​បាន​រៀនសូត្រ​អ្វីខ្លះ​ពី​មេរៀន​នោះ​?​ តើ​កម្ពុជា​បន្ត​រស់​ដោយសារ​ដង្ហើម​បរទេស​ដល់​ពេល​ណា​?​ ផ្ទុយ​ទៅ​វិញ​ បើ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​រាត្រី​នោះ​ ជា​ចេតនា​បិទ​បាំង​អ្វីមួយ​ នោះ​រឿង​នោះ​នឹង​មិន​អាច​លាក់​ជិត​ជា​រៀង​រហូត​បាន​ទេ​ ។​ ករណី​នេះ​ ខ្មែរ​មាន​សុភាសិត​មួយ​ឃ្លា​ថា​ ដំរី​ស្លាប់​ មិន​អាច​យក​ចង្អេរ​បាំង​ជិត​ឡើយ​៕

Share

Image
Image
Image