មានមតិរិះគន់ជាច្រើនផ្សេងៗគ្នា នៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពេលមានការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្នុងចំណោមការរិះគន់ទាំងនោះមានដូចជា តើវារីអគ្គិសនីដែលកម្ពុជាបានសាងសង់កន្លងមកយកភ្លើងទៅណា ឬក៏វាគ្រាន់តែជាការបិទបាំងការបំផ្លាញធនធានធម្មជាតិតែប៉ុណ្ណោះ? ឯមតិរិះគន់ខ្លះថា តើកម្ពុជាគួររស់ដោយសារដង្ហើមបរទេសដល់ពេលណា?
ចង់ដឹងបញ្ហានោះកាន់តែច្បាស់ សូមស្ដាប់បទវិភាគរៀបរៀងជូនដោយលោកណុល ដារ៉ា
នៅរាត្រីថ្ងៃទី៣ នៃទីវាបុណ្យអុំទូក អកអំបុក សំពះព្រះខែ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ ចរន្តអគ្គិសនីបានដាច់រយៈពេលជិតមួយម៉ោងនៅទូទាំងប្រទេស គឺចន្លោះម៉ោងជាង១០យប់ ដល់ម៉ោងជាង១១យប់។
នៅរាត្រីនោះ លោកនាយករដ្ឋមន្ត្រីបានធ្វើសេចក្ដីថ្លែងការណ៍លើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានសុំទោសចំពោះករណីដាច់ចរន្តអគ្គិសនីនោះ និងបានអះអាងថា មិនមែនជាចេតនាខាងនយោបាយរបស់ក្រុមណាមួយ ឬជាសញ្ញានៃអំពើភេរវកម្ម ក្រៅពីការដាច់ចរន្តអគ្គិសនីនោះទេ។
នៅពេលជាមួយគ្នានោះ ហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ បានផ្សាយនូវសេចក្ដីថ្លែងការណ៍របស់អគ្គនាយកអគ្គិសនីកម្ពុជា លោកកែវ រតនៈ អំពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីនោះថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីនៅប្រទេសវៀតណាម លើខ្សែបណ្ដាញផ្គត់ផ្គង់មកកម្ពុជា។
ជាមួយគ្នា ហ្វេសប៊ុករបស់សាលារាជធានី ក៏បានផ្សាយរូបភាពមន្ត្រីអគ្គិសនី កំពុងតចរន្តអគ្គិសនីទាំងយប់ ដោយហ្វេសប៊ុកនោះសរសេរថា មន្ត្រីអគ្គិសនីកំពុងរកវិធីដើម្បីដោះស្រាយ និងតភ្ជាប់ចរន្ត។
នៅរាត្រីជាមួយគ្នានោះដែរ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការលើកជាចម្ងល់ថា បើដាច់ចរន្តអគ្គិសនីមកពីវៀតណាម ហេតុអ្វីក៏ជាប់ពាក់ព័ន្ធដល់ចរន្តអគ្គិសនីដែលផ្គត់ផ្គង់មកពីប្រទេសថៃ ដូចជាករណីខេត្តបន្ទាយមានជ័យ និងសៀមរាបជាដើមនោះ។
អ្នកលេងហ្វេសប៊ុកខ្លះបានលើកជាចម្ងល់ថា បើដាច់ចរន្តអគ្គិសនីផ្គត់ផ្គង់មកពីវៀតណាម ក៏មិនអាចដាច់ទូទាំងរាជធានីភ្នំពេញបានដែរ ព្រោះនៅរាជធានីភ្នំពេញមានរោងចក្រអគ្គិសនីពីរកន្លែង គឺនៅផ្សារតូច និងនៅចក្រអង្រែ ហើយក៏មានការផ្គត់ផ្គង់ចរន្តអគ្គិសនីមកពីវារីអគ្គិសនីគិរីរម្យ១ គិរីរម្យ២ និងគិរីរម្យ៣ និងវារីអគ្គិសនីភ្នំកំចាយមកពីខេត្តកំពតជាដើម។
មានអ្នកខ្លះទៀតបានរិះគន់នៅលើហ្វេសប៊ុកថា តើវារីអគ្គិសនីដែលបានសាងសង់ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកយកភ្លើងទៅណា ឬក៏វារីអគ្គិសនីទាំងនោះ មិនអាចផលិតភ្លើងបានទេ ប៉ុន្តែវាគ្រាន់តែជាឧបករណ៍បិទបាំងភ្នែកមជ្ឈដ្ឋានទូទៅ ដើម្បីបំផ្លាញធនធានធម្មជាតិតែប៉ុណ្ណោះ។
ចំណែកមតិខ្លះទៀត បានវិភាគនៅលើបណ្ដាញហ្វេសប៊ុកថា បើគ្រាន់តែដាច់ចរន្តអគ្គិសនីនៅប្រទេសវៀតណាម ធ្វើឲ្យខ្មែរងងឹតទូទាំងប្រទេសនោះ វាមិនខុសពីខ្មែររស់ដោយសារដង្ហើមបរទេសនោះទេ គឺបានន័យថា ច្រមុះខ្មែរ ឯខ្យល់ដង្ហើមចេញចូលជាខ្យល់បរទេស ហើយខ្មែរនឹងស្លាប់ បើគ្មានខ្យល់បរទេសសម្រាប់ដកដង្ហើមទេ។
ទាក់ទងនឹងករណីនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកសូ ចន្ថា មានប្រសាសន៍ថា កម្ពុជាគួរតែមានការអភិវឌ្ឍវិស័យថាមពលដោយខ្លួនឯងប្រកបដោយចេរភាព ជាជាងការពឹងពាក់ប្រទេសជិតខាងទាំងស្រុង ដែលជាកត្តាធ្វើឲ្យកម្ពុជាបាត់បង់ឯករាជ្យភាពរបស់ខ្លួន។
លោកសាស្ត្រាចារ្យសូ ចន្ថា បន្តថា៖ «ខ្ញុំយល់ថា បើសិនជាកម្ពុជានៅតែពឹងផ្អែកទៅលើភ្លើងបរទេសរបៀបនេះ ខ្ញុំថាវាជាបញ្ហាដ៏គ្រោះថ្នាក់សម្រាប់កម្ពុជាហើយ ។ ពីព្រោះបើយើងពិនិត្យមើលទៅ យើងអត់មានឯករាជ្យភាព យើងអត់មាន គេហៅថាអធិបតេយ្យភាពរបស់ខ្លួនទេ ។ យើងពឹងគេទាំងស្រុង ដូចជាសេដ្ឋកិច្ចអ៊ីចឹង ។ អ៊ីចឹងប្រទេសជិតខាងគឺជាដង្ហើមរស់របស់ប្រទេសកម្ពុជា បើគេឲ្យយើងរស់ រស់ បើគេឲ្យយើងស្លាប់ គឺយើងស្លាប់ហើយ ក្នុងចំណុចហ្នឹង»។
ត្រឡប់ទៅក្រោយវិញ បើសិនជាការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស កាលយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នោះ មិនមែនជាចេតនាក្នុងការបិទបាំងអ្វីមួយទេ តើកម្ពុជាបានរៀនសូត្រអ្វីខ្លះពីមេរៀននោះ? តើកម្ពុជាបន្តរស់ដោយសារដង្ហើមបរទេសដល់ពេលណា? ផ្ទុយទៅវិញ បើការដាច់ចរន្តអគ្គិសនីនៅរាត្រីនោះ ជាចេតនាបិទបាំងអ្វីមួយ នោះរឿងនោះនឹងមិនអាចលាក់ជិតជារៀងរហូតបានទេ ។ ករណីនេះ ខ្មែរមានសុភាសិតមួយឃ្លាថា ដំរីស្លាប់ មិនអាចយកចង្អេរបាំងជិតឡើយ៕