បន្ទាយមានជ័យ៖ យ៉ាងហោចណាស់កងទ័ពនិងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួនជាង១០០នាក់ បានចុះទៅជួយច្រូតប្រមូលផលស្រូវជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះទឹកជំនន់។ នេះបើយោងតាមទំព័រហ្វេសប៊ុក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២២។
បើតាមទំព័រហ្វេសប៊ុកកងទ័ពដដែលបន្ថែមថា មានផ្ទៃដីស្រែទំហំ ៥,៥ ហិកតាត្រូវបានកងទ័ពជួយច្រូតស្រូវជូនពលរដ្ឋ ដែលស្ថិតក្នុងភូមិស្នាយដង្គត់ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការចុះជួយអន្តរាគមន៍នេះដឹកនាំដោយលោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាកការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យនិងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា មកទល់ពេលនេះ តំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ។ គេសង្កេតឃើញអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងដុតដៃដុតជើងចុះជួយប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហានេះ។ តួយ៉ាង សមត្ថកិច្ចបានចុះជួយសម្រួលចរាចរណ៍ជូនពលរដ្ឋដែលធ្វើដំណើរលើកំណាត់ផ្លូវលិចទឹកក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ៕