ថ្លែងនៅចំពោះមុខនិស្សិតជាង៦០០នាក់ ថ្ងៃទទួលសញ្ញាប័ត្រនៅសាកលវិទ្យាល័យ ពុទ្ធិសាស្ដ្រ ថ្ងៃពុធ ទី១៧ ខែសីហានេះ សម្ដេច ហ៊ុន សែន ជាប្រធានអាស៊ានឆ្នាំ២០២២ផង បានបង្ហាញក្ដីរីករាយក្រោយកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានដែលរៀបចំនៅភ្នំពេញកាលពីដើមខែសីហាកន្លងទៅ ទទួលបានជោគជ័យ។ សម្ដេចបញ្ជាក់ថា ភាពជោគជ័យគឺត្រង់កម្ពុជាអាចរៀបចំកិច្ចប្រជុំដោយផ្ទាល់ ទន្ទឹមពិភពលោកកំពុងមានភាពតានតឹងដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាច្រកសមុទ្រតៃវ៉ាន់ បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាតំបន់អាស៊ាន ក្នុងប្រទេសមីយ៉ាន់ម៉ាជាដើម។
កិច្ចប្រជុំរដ្ឋមន្ដ្រីការទេសបរទេសអាស៊ានលើកទី៥៥ ដែលទើបបញ្ចប់ទៅថ្មីៗនេះ គេសង្កេតឃើញមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសនៃសមាជិកអាស៊ាន លើកលែងតែមីយ៉ាន់ម៉ាឬភូមា និងមានការចូលរួមពីប្រទេសមហាអំណាចដូចជា សហររដ្ឋអាមេរិក ចិន រុស្ស៊ី ដែលកំពុងតឹងសរសៃករដាក់គ្នា តែបែរជាមកអង្គុយប្រជុំជាមួយគ្នាដោយសន្ដិវិធី។
សម្តេច ហ៊ុន សែន ក៏បានកោតសរសើរដល់លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងឧត្តមមន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងសម្របសម្រួលកិច្ចប្រជុំនេះ និបានចេញសេចក្តីថ្លែងការណ៍នានា ខណៈពិភពលោកចាក់ស្រេះទៅដោយបញ្ហាជាច្រើន។ សម្ដេចបន្ដថា ភាពជោគជ័យនេះ នឹងជាមូលដ្ឋានឈានរកកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ នាខែវិច្ឆិកាខាងមុខ៕