en     km
en     km

ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​ថ្មី ខណៈ​គណៈប្រតិភូ​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់

Share

តៃប៉ិ តៃវ៉ាន់ (AP)៖ ប្រទេសចិនបានប្រកាសធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅជុំវិញកោះតៃវ៉ាន់ ខណៈដែលប្រធានាធិបតីកោះតៃវ៉ាន់បានជួបជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិកបន្ថែមទៀតកាលពីថ្ងៃចន្ទ ដោយចិនគំរាមថានឹងមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក Nancy Pelosi ដែលបានធ្វើឱ្យចិនខឹងយ៉ាងខ្លាំង។

 

ក្រសួងការពារជាតិចិនបានថ្លែងថា សមយុទ្ធថ្មីនេះគឺដើម្បី “ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងការរារាំងយ៉ាងឱឡារិកប្រឆាំងនឹងការឃុបឃិត និងការបង្កហេតុរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់” ។វាមិនច្បាស់ទេថា តើសមយុទ្ធថ្មីនេះបានចាប់ផ្តើមហើយឬនៅ ដោយក្រសួងការពារជាតិចិនមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីកន្លែង និងពេលណាដែលពួកគេនឹងធ្វើសមយុទ្ធយោធានោះទេ។

សមាជិកសភាអាមេរិកដែលដឹកនាំដោយព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យគឺលោក Ed Markey នៃរដ្ឋ Massachusetts បានជួបជាមួយប្រធានាធិបតី Tsai Ing-wen និងរដ្ឋមន្ត្រីការបរទេស Joseph Wu នេះបើយោងតាមវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់។ នៅក្នុងកិច្ចប្រជុំរបស់ពួកគេ លោកស្រី Tsai បាននិយាយថា រដ្ឋបាលរបស់លោកស្រីកំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីធានាស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងរក្សាស្ថានភាពដដែល ដោយផ្អែកលើការគ្រប់គ្រងស្វ័យភាពរបស់កោះតៃវ៉ាន់ ដាច់ដោយឡែកពីទីក្រុងប៉េកាំង។

លោកស្រី Tsai Ing-wen បានថ្លែងថា “ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅដើមឆ្នាំនេះបានបង្ហាញពីការគំរាមកំហែងដែលប្រទេសផ្តាច់ការបង្ករឱ្យប៉ះពាល់សណ្តាប់ធ្នាប់ពិភពលោក” ។លោក Ed Markey បានឆ្លើយតបថាទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិមាន “កាតព្វកិច្ចខាងសីលធម៌ដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបញ្ជៀសជម្លោះដែលមិនចាំបាច់ ហើយតៃវ៉ាន់បានបង្ហាញពីការអត់ធ្មត់ និងការប្រុងប្រយ័ត្នមិនគួរឱ្យជឿក្នុងអំឡុងពេលមានការលំបាក” ។

ព្រឹទ្ធសមាជិកអាមេរិកក៏បានលើកឡើងពីច្បាប់ដ៏សំខាន់របស់សហរដ្ឋអាមេរិកដែលមានបំណងជំរុញទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយតៃវ៉ាន់ ជាពិសេសនៅក្នុងឧស្សាហកម្ម semiconductor។ តៃវ៉ាន់គឺជាអ្នកផ្តល់បន្ទះឈីបកុំព្យូទ័រដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក រួមទាំងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិនផងដែរ ហើយលើសវិប្បត្តិភូមិសាស្ត្រនយោបាយក្នុងតំបន់ ការអូសបន្លាយភាពតាតឹងនៅច្រកសមុទ្រតៃវ៉ាន់អាចមានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យព្រឹទ្ធសភា លោក Markey បានលើកឡើងពីច្បាប់ឆ្នាំ 1979 ដោយនិយាយថា សហរដ្ឋអាមេរិកត្រូវតែរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ “ជួយតៃវ៉ាន់ឱ្យទប់ទល់នឹងការបង្ខិតបង្ខំឆ្លងកាត់ច្រកសមុទ្រ” និងជៀសវាងជម្លោះ។

ប្រទេសចិននិយាយថា ខ្លួនចង់ប្រើមធ្យោបាយសន្តិវិធី ដើម្បីនាំយកកោះតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ ប៉ុន្តែការវាយលុកនាពេលថ្មីៗនេះបានធ្វើអោយចិនមានសម្ពាធក្នុងការដណ្តើមយកកោះនេះដោយកម្លាំងយោធា។

សមយុទ្ធមុននេះហាក់ដូចជាការហាត់សមនៃការបិទផ្លូវ ឬការវាយប្រហារលើតៃវ៉ាន់ដែលនឹងបង្ខំឱ្យលុបចោលជើងហោះហើរពាណិជ្ជកម្ម និងរំខានដល់ការដឹកជញ្ជូនទៅកាន់កំពង់ផែសំខាន់ៗរបស់តៃវ៉ាន់ ក៏ដូចជាទំនិញឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។

សមយុទ្ធនេះបានជំរុញឱ្យកោះតៃវ៉ាន់ដាក់កម្លាំងយោធារបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែត្រូវបានជួបប្រទះបញ្ហាប្រឈមជាច្រើន។លោក Lo Chih-cheng ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិនៃសភាតៃវ៉ាន់ បាននិយាយថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកនាពេលនេះគឺមានសារៈសំខាន់ណាស់ ពីព្រោះសមយុទ្ធយោធារបស់ចិនគឺ មានចេតនាដើម្បីរារាំងសមាជិកសភាអាមេរិកពីការបំពេញទស្សនកិច្ចនៅតៃវ៉ាន់។

លោក Lo បាននិយាយថា “ដំណើរទស្សនកិច្ចរបស់ពួកគេលើកនេះ បង្ហាញឱ្យឃើញថា ប្រទេសចិនមិនអាចបញ្ឈប់អ្នកនយោបាយពីប្រទេសណាមួយឱ្យទៅទស្សនកិច្ចកោះតៃវ៉ាន់បានទេ ហើយវាក៏បង្ហាញពីសារសំខាន់ដែលប្រជាជនអាមេរិកឈរជាមួយប្រជាជនតៃវ៉ាន់” ។

 

មន្ត្រីសេតវិមានជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយអាស៊ីបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសចិនបានប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Pelosi ជាលេសដើម្បីចាប់ផ្តើមយុទ្ធនាការដាក់សម្ពាធកាន់តែខ្លាំងប្រឆាំងនឹងតៃវ៉ាន់។ លោក Kurt Campbell ជំនួយការរងរបស់ប្រធានាធិបតីអាមេរិក Joe Biden បានឆ្លើយទូរស័ព្ទជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “ប្រទេសចិនបានបញ្ចេញប្រតិកម្មហួសហេតុ ហើយសកម្មភាពរបស់ចិននៅតែបន្តបង្កហេតុ អស្ថិរភាព និងមិនធ្លាប់មានពីមុនមក” ។លោក Campbell បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូននាវាចម្បាំង និងយន្តហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ហើយកំពុងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយតៃវ៉ាន់ ដែលលោកបាននិយាយថា សហរដ្ឋអាមេរិកមានបំណងប្រកាសនៅថ្ងៃខាងមុខ។

 AP ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២

Share

Image
Image
Image