សិស្សវិទ្យាល័យប្រទេសជប៉ុនចំនួន២១នាក់ នៃកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ជំរុញការយល់ដឹងអំពីប្រទេសជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។
យោងសេចក្ដីជូនដំណឹងរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន JICE ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នា២០១៥ ឲ្យដឹងថា នៅក្នុងដំណើរការនៃកម្មវិធីនេះ នឹងមានការទស្សនកិច្ចនៅតាមទីកន្លែងផ្សេងៗ ការផ្លាស់ប្តូរបទពិសោធន៍នៅសាលា ការស្នាក់នៅផ្ទះអ្នកស្រុក និងពិធីផ្សេងៗទៀតនៅប្រទេសកម្ពុជា។
កម្មវិធីទស្សនកិច្ចរបស់សិស្សវិទ្យាល័យរបស់ប្រទេសជប៉ុន នឹងធ្វើការផ្លាស់ប្តូរយោបល់អំពីនយោបាយ និងសង្គមរបស់ប្រទេសជប៉ុន ហើយធ្វើការផ្សព្វផ្សាយពីវប្បធម៌ និងភាពទាក់ទាញនៃធម្មជាតិរបស់ជប៉ុន ដើម្បីជំរុញឲ្យប្រជាជននៃប្រទេសនីមួយៗយល់ដឹងអំពីប្រទេសជប៉ុន។
សេចក្ដីជូនដំណឹងឲ្យដឹងដែរថា នៅក្នុងដំណើរទស្សនកិច្ចនេះ សិស្សទាំងអស់នឹងបានជួបប្រាស្រ័យជាមួយសង្គមវប្បធម៌ និងមនុស្សម្នា និងអាចទទួលយកបទពិសោធន៍ដើម្បីភាពរីកចំរើនក្នុងនាមជាធនធានមនុស្សជំនាន់ក្រោយ ដោយមានចក្ខុវិស្ស័យជាសកល ដែលគេសង្ឃឹមថានឹងដើរតួនាទីដ៏សំខាន់ ក្នុងការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រទេសជប៉ុននិងកម្ពុជា។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ក្រុមប្រតិភូ មកបំពេញទស្សនកិច្ច នឹងស្នាក់នៅកម្ពុជារយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១ខែធ្នូ ដល់ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០១៥ ។ JICE បញ្ជាក់ថា ក្រុមប្រតិភូនេះនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃអង្គារ៍ វេលាម៉ោង៧ និង២៥នាទី តាមជើងយន្តហោះ TG៥៨៤ ដែលចុះចតនៅប្រលានយន្តហោះភ្នំពេញអន្តរជាតិ៕