en     km
en     km

រាជរដ្ឋាភិបាលដាក់បញ្ជាឱ្យយកភ្នំតាម៉ៅជាតំបន់ការពារ និងអភិរក្សឈើប្រណិត

Share

រាជរដ្ឋាភិបាលកម្ពុជាដាក់បញ្ជាឱ្យក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមព្រះរាជក្រឹត្យកំណត់និយាមការដាក់តំបន់ភ្នំតាម៉ៅ ធ្វើជាតំបន់អភិរក្ស និងត្រូវការពារ ព្រមទាំងដាំដើមឈើប្រណិតតាមក្បួនខ្នាត។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

តាមរយៈសារសំឡេងចេញថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានចេញបញ្ជាឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមានសមត្ថកិច្ចគ្រប់គ្រងលើដីតំបន់ភ្នំតាម៉ៅ ត្រៀមព្រះរាជក្រឹត្យកំណត់នូវនិយាមការតំបន់ភ្នំតាម៉ៅជាតំបន់អភិរក្ស និងជាតំបន់ត្រូវការពារ។

យ៉ាងណានៅថ្ងៃទី១៧ ខែ​សីហា នេះ ខណៈសម្ដេចនាយករដ្ឋមន្ដ្រី បានចូលរួមពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៅសាកលវិទ្យា ពុទ្ធិសាស្ដ្រ ក៏បានលើកឡើងពីដាំឈើឡើងវិញនៅភ្នំតាម៉ៅដែរ ដោយសម្ដេចថ្លែងថា មិនមែនដាំកូនឈើគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។ បន្ថែមពីនេះ សម្ដេចបានបញ្ជាបន្ថែមដល់ក្រសួងកសិកម្ម រកប្រភពទឹកសម្រាប់រៀបចំប្រព័ន្ធស្រោចកូនឈើ នៅរដូវប្រាំងផងដែរ។

ក្នុងការងារពន្លឿនការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅឱ្យទាន់រដូវវស្សា សម្ដេចហ៊ុន​ សែនបានចេញបញ្ជាដល់នាយកដ្ឋានអង្គរក្សដាក់សមាជិកចំនួនជាង១០០០នាក់ និងគ្រឿងចក្រ១១៣គ្រឿង ធ្វើការឈូសឆាយដីតំបន់ភ្នំតាម៉ៅនេះ ឱ្យត្រូវតាមក្បួនខ្នាត និងជាកូនឈើប្រណិតៗ។ នេះបើតាមសារសំឡេងរបស់នាយរដ្ឋមន្ដ្រីដដែល។

ជាការកត់សម្គាល់ សម្ដេចថា គឹតត្រឹមថ្ងៃទី១៦ ខែសីហា ផ្ទៃដីទំហំ ៥៣០ ហិចតា ត្រូវបានសម្អាតរួចរាល់ តែត្រូវការសម្អាតបន្ថែមទៀត។ ក្រោយពីមានកម្លាំងកងទ័ពចុះឈូសឆាយដីតំបន់នេះ មានការលើកឡើងថា ដីនេះនឹងត្រូវក្លាយជាកម្មសិទ្ធិដែលគ្រប់គ្រងដោយវិស័យឯកជន តែនាយករដ្ឋមន្រី្ដ ហ៊ុន សែន ថា កុំឱ្យប្រជាពលរដ្ឋមានការយល់ច្រលំ និងបញ្ជាក់ថា តំបន់នេះ ត្រូវរក្សាទុកជាព្រៃ និងដីអភិរក្ស។

បែបនេះក្ដី នៅថ្ងៃពីម្សិលមិញ ក៏មានការឃាត់ខ្លួនសកម្មជនបរិស្ថានដាំកូនឈើចំនួន៤នាក់ និងអ្នកសារព័ត៌មានចំនួន៥នាក់ដែរនៅតំបន់ឈូសឆាយភ្នំតាម៉ៅនេះ  តែអ្នកទាំងនោះត្រូវដោះលែងមកវិញក្រោយឃាត់ខ្លួនប្រហែល៥ម៉ោង។

គួរជម្រាបថា ព្រៃតំបន់ភ្នំតាម៉ៅ ត្រូវបានឈូសឆាយដើម្បីធ្វើការអភិវឌ្ឍតំបន់នេះ តែក៏ត្រូវបានផ្អាក និងដាំដើមឈើឡើងវិញ ក្រោយមានការតវ៉ាយ៉ាងខ្លាំង និងនាយរដ្ឋមន្ដ្រីប្រកាសឱ្យបញ្ឈប់ការអភិវឌ្ឍតំបន់នេះ និងរក្សាទុកជាតំបន់អភិរក្ស៕

Share

ព័ត៌មានទាក់ទង

Image