បាត់ដំបង៖ យ៉ាងហោចណាស់យុវជនចំនួន ២៥អង្គនាក់ ក្នុងនោះមានយុវតីចំនួន ១៣នាក់ ទទួលបានចំណេះដឹងបន្ថែមស្តីពីការសរសេរព័ត៌មាន និងការផលិតព័ត៌មានជាវីដេអូ ពីគ្រូបង្គោលនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងសមាគមយុវជនខ្មែរ(KYA)។ វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃដែលប្រព្រឹត្តិទៅពីថ្ងៃទី១៣ និងទី១៤ខែសីហាឆ្នាំ២០២២ ធ្វើឡើងនៅអាហារដ្ឋាន ជ.ឃ ខេត្តបាត់ដំបង ស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលស្តីពីយុវជននិងការរាយការណ៍ព័ត៌មាននេះ ធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់យុវជនពីដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ ដំណើរការនៃការផលិតព័ត៌មានឱ្យត្រឹមត្រូវតាមវិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន។
ក្នុងនោះផងដែរ គ្រូបង្គោលបានបង្ហាត់បង្ហាញពីរបៀបសរសេរព័ត៌មានខ្លី(5W1H) របៀបសម្ភាស របៀបផលិតVox pop ការថតរូប ថតវីដេអូ និងប្រាប់ពីកម្មវិធីកែរូបភាព វីដេអូ សំឡេងក្នុងទូរស័ព្ទដៃ ប្រភពព័ត៌មាន និងបទពិសោធន៍ប្រឡូកក្នុងវិស័យព័ត៌មានដល់យុវជនបានដឹងផងដែរ។
ក្នុងពេលសិក្សា សិក្ខាកាមបានចូលរួមយ៉ាងសកម្មដោយបានបញ្ចេញមតិ លើកជាសំនួរ ធ្វើការងារជាក្រុម ឡើងធ្វើបទបង្ហាញពីកិច្ចការរបស់ក្រុម និងបានចូលរួមលេងល្បែងកំសាន្តយ៉ាងសប្បាយរីករាយផងដែរ។
ជាងនេះទៀតសោត សិក្ខាកាមតាមក្រុមនីមួយៗបានសហការផលិតជាវីដេអូ Vox pop ជុំវិញទស្សនៈយល់ឃើញរបស់យុវជនលើប្រធានបទផ្សេងៗគ្នា។
ក្រោយចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក្នុងថ្ងៃនីមួយៗ សិក្ខាកាមបានលើកឡើងពីចំណាប់អារម្មណ៍របស់ពួកគេ ដោយយល់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ព្រោះមានមេរៀនល្អៗដែលអាចផ្តល់ចំណេះដឹងបន្ថែមពីប្រព័ន្ធផ្សព្វផ្សាយ។ សិក្ខាកាមខ្លះសម្តែងក្តីរីករាយដែលបានស្គាល់មនុស្សថ្មីៗនិងមានឱកាសទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗពីមនុស្សគ្រប់គ្នាក្នុងវគ្គបណ្តុះបណ្តាលនេះ។
ដោយឡែកមន្រ្តីសម្របសម្រួលផ្នែកយុវជនប្រចាំខេត្តបាត់ដំបងនៃសមាគមយុវជនខ្មែរ(KYA)លើកឡើងថា ការចូលរួមរបស់យុវជនពិតជាមានសារៈសំខាន់ណាស់ ព្រោះយុវជនជាកម្លាំងស្នូរមួយសំខាន់ជួយជំរុញការផ្សព្វផ្សាយ ចែករំលែកចំណេះដឹងទៅកាន់យុវជនដទៃទៀតក្នុងមូលដ្ឋានឱ្យទទួលបានចំណេះកាន់តែទូលំទូលាយ។ ជាងនេះអ្នកស្រីជំរុញដល់យុវជន ត្រូវឆ្លៀតពេលចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានាឱ្យបានច្រើន ដើម្បីក្រេបយកចំណេះដឹងជាទុនបន្ថែមសមត្ថភាពពេលសិក្សានៅថ្នាក់មហាវិទ្យាល័យ និងមានឱកាសច្រើនក្នុងការទទួលបានការងារធ្វើពេលបញ្ចប់ការសិក្សា។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះស្ថិតនៅក្រោមគម្រោងសំឡេងយុវជនមានសារៈសំខាន់ ដែលទទួលបានការគាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និង មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) សហការរៀបចំជាមួយសមាគមយុវជនខ្មែរ(KYA) និងក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕
អត្ថបទខ្លីនេះសរសេរដោយ ពេជ្រ សុភក្ត្រ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។
ខាងក្រោមនេះជារូបភាពនៃសកម្មភាពនៃវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ៖
រូបភាពដោយ យ៉ានុត(KYA) និង សុខា(WMC)