នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២២នេះ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានស្នើឱ្យទីសត្តឃាតដ្ឋាន ដែលជាកន្លែងផ្គត់ផ្គង់សាច់ ពង្រឹងកម្លាំងផលិត ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកកាន់តែទូលំទូលាយ ពិសេសតាមទីផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍។ នេះបើផ្អែកទៅតាមហ្វេសប៊ុកក្រសួងកសិកម្ម។
ការស្នើបែបនេះ នៅពេលលោករដ្ឋមន្ដ្រីបានចូលពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់អ្នកបរិភោគ ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។
បន្ថែមពីនេះ លោក វេង សាខុន បានណែនាំឲ្យក្រុមហ៊ុនដែលមានសក្តានុពលលើផលិតកម្មចិញ្ចឹមសត្វ មាននិរន្តរភាពភាពក្នុងការផ្គត់ផ្គង់តាមតម្រូវការក្នុងស្រុក។ លោកថា ក្រុមហ៊ុនអាចឈានទៅបង្កើតសត្តឃាតដ្ឋានជ្រូកកម្រិតស្តង់ដាអនាម័យ សុវត្ថិភាពសាច់ និងម្ហូបអាហារសម្រាប់បម្រើឲ្យសេចក្តីត្រូវការទីផ្សារក្នុងស្រុកដែលមាននិន្នាការកើនឡើងជាលំដាប់។
តែយ៉ាងណា យោងទៅតាមក្រុមហ៊ុនដែលធ្វើទីសត្តឃាត បានឱ្យដឹងថាបច្ចុប្បន្នសត្តឃាតដ្ឋានអាចពិឃាតជ្រូកបាន ៧តោន/ថ្ងៃ ឬស្មើ៧០ក្បាល/ថ្ងៃ យកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។