en     km
en     km

លោក ពូទីនថា រុស្ស៊ីនឹងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងជើងបន្ថែមទៀត

Share

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ប្រទេសទាំងពីរនឹង«ពង្រីកទំនាក់ទំនងទ្វេភាគីអោយកាន់តែទូលំទូលាយ និងស្ថាបនា ការខិតខំប្រឹងប្រែងរួមគ្នា»។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា នៅក្នុងលិខិតផ្ញើជូនលោក គីម ដើម្បីអបអរថ្ងៃរំដោះប្រទេសកូរ៉េ លោក ពូទីន បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយនឹងជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងតំបន់អាស៊ីភាគខាងជើង។

 

លោក គីម ក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក ពូទីន ដោយនិយាយថា មិត្តភាពរុស្ស៊ី-កូរ៉េខាងជើង ត្រូវបានបង្កើតឡើងក្នុងសង្គ្រាមលោកលើកទីពីរ ដោយទទួលបានជ័យជម្នះលើប្រទេសជប៉ុន ដែលបានកាន់កាប់ឧបទ្វីបកូរ៉េ។

 

លោក Kim បាននិយាយនៅក្នុងលិខិតនោះថា “កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងតាក់ទិចគាំទ្រគ្នា និងសាមគ្គីភាព” រវាងប្រទេសទាំងពីរបានឈានដល់កម្រិតថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការបង្កហេតុពីកងកម្លាំងយោធាសត្រូវ។ KCNA មិន​បានបញ្ជាក់ថាកងកម្លាំងយោធា​សត្រូវជានរណា​នោះ​ទេ ប៉ុន្តែ​វា​ជា​ធម្មតា​កូរ៉េខាងជើងបាន​ប្រើ​ពាក្យ​នេះ​ ​សំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​។

 

លោក Kim បានព្យាករណ៍ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើងនឹងរីកចម្រើន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2019 នៅពេលដែលលោកបានជួបជាមួយលោកពូទីន។

ប្រទេសកូរ៉េខាងជើងកាលពីខែកក្កដាបានទទួលស្គាល់ “រដ្ឋ” បំបែកខ្លួនភាគខាងកើតអ៊ុយក្រែនដែលគាំទ្រដោយរុស្ស៊ីចំនួនពីរជារដ្ឋឯករាជ្យ ហើយមន្ត្រីកូរ៉េបានរំពឹងថាពលករកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់តំបន់ផ្តាច់ខ្លួនអ៊ុយក្រែនដើម្បីជួយក្នុងវិស័យសំណង់ និងការងារផ្សេងទៀត។

ដោយឡែកប្រទេសអ៊ុយក្រែន​បាន​ផ្តាច់​ទំនាក់ទំនង​ភ្លាមៗ​ជាមួយ​ក្រុង​ព្យុងយ៉ាង​ជុំវិញការដែលកូរ៉េខាងជើងទទួលស្គាល់តំបន់ផ្ដាច់ខ្លួននៅអ៊ុយក្រែនភាគខាងកើត ដែលគាំទ្រដោយរុស្ស៉ី។

 

ទាក់ទងនឹងបញ្ហានេះប្រទេសកូរ៉េខាងជើងបានចោទសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ទី 24 ខែកក្កដាពីការផលិតអាវុធជីវសាស្រ្តនៅក្នុងប្រទេសអ៊ុយក្រែន។ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយកាលពីថ្ងៃអាទិត្យថាអាមេរិក “បានបង្កើតមន្ទីរពិសោធន៍អាវុធជីវសាស្រ្តជាច្រើនកន្លែងនៅក្នុងប្រទេសខ្លួន និងក្នុងតំបន់ រួមទាំងអ៊ុយក្រែន ដោយមិនគោរពសន្ធិសញ្ញាអន្តរជាតិ”។ដោយកូរ៉េខាងជើងលើកឡើងថារុស្ស៊ី “បានរកឃើញ”កន្លែងពិសោធន៍អាវុធជីវសាស្រ្តទាំងនោះ ។ ទីក្រុងមូស្គូកាលពីខែមីនាបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទផ្តល់មូលនិធិដល់ការស្រាវជ្រាវលើការអភិវឌ្ឍអាវុធជីវសាស្រ្តនៅអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវបានបដិសេធថាមិនមានមន្ទីរពិសោធន៍ដែលផលិតអាវុធជីវសាស្រ្តនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។សហរដ្ឋអាមេរិកបាននិយាយថាការចោទប្រកាន់នេះគឺជាសញ្ញាមួយដែលទីក្រុងម៉ូស្គូអាចនឹងប្រើយុទ្ធសាស្ត្របែបនេះដោយខ្លួនឯង។លោក Izumi Nakamitsu អគ្គលេខាធិការរងកិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ ក៏បាននិយាយកាលពីខែមីនាថា អង្គការសហប្រជាជាតិ «មិនបានដឹងពីកម្មវិធីអាវុធជីវសាស្ត្រណាមួយនៅក្នុងអ៊ុយក្រែនទេ»។

ប្រភព៖ C N A, August 15, 2022

Share

Image
Image
Image