en     km
en     km

កម្ពុជាប៉ាន់ប្រមាណមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលភាគច្រើននៅតំបន់ព្រៃឡង់

Share

ភ្នំពេញ៖ ក្រសួងបរិស្ថានប៉ាន់ប្រមាណថាកម្ពុជាមានសត្វដំរីព្រៃចន្លោះពី៤០០ ទៅ៦០០ក្បាល រស់នៅតាមតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ ដែលជាតំបន់មានជីវៈចម្រុះដ៏សំបូរបែប ដែលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ នេះបើយោងតាមលើកឡើងរបស់លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ។

កញ្ញាមាស គឹមធួន រាយការណ៍លម្អិតពីព័ត៌មាននេះ!

 

ក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្នុងការអភិរក្សសត្វដំរី ដែលនៅលេសសល់នៅលើពិភពលោក ត្រូវបានចាត់បញ្ចូលជាប្រភេទសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយ ដែលមានលក្ខណៈគំរាមកំហែងដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី។

រូបពីក្រសួងបរិស្ថាន

លោកបន្តថា ដំរីអាស៊ីកំពុងរងការគំរាមកំហែងនៅលើសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្ស និងសត្វដំរី និងការចាប់ផ្ស៊ាំងយកមកចិញ្ចឹមនៅក្នុងស្រុក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស។

ជាមួយគ្នានេះដែរលោកបានឲ្យដឹងថា ថ្មីៗនេះមានកូនដំរីស្រុក ២ ក្បាលបានកើតនៅខេត្តរតនគិរី និងមណ្ឌលគិរី ដែលនេះគឺជាដំណឹងដ៏ល្អសម្រាប់ការងារអភិរក្សដំរីស្រុក ដែលក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់។ក្រសួងបរិស្ថានបានអោយដឹងបន្ថែមថាកម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាលផងដែរ។ 

 

រូបពីក្រសួងបរិស្ថាន

 

សូមរំលឹកថាដើម្បីអបអរសាទរទិវាដំរីពិភពលោកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ កម្ពុជាបានរកឃើញវត្តមានកូនដំរីតូចៗក្នុងព្រៃធម្មជាតិ ដែលបានបង្ហាញនូវក្តីសង្ឃឹមនៃកំណើនសត្វដំរីក្នុងព្រៃធម្មជាតិ និងបង្ហាញពីកម្រិតសុវត្ថិភាពខ្ពស់នៃដែនជម្រកសត្វព្រៃ។

សូមបញ្ជាក់ថា ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វដ៏សំខាន់ដោយសារវាមានសារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។

 

រូបពីក្រសួងបរិស្ថាន ថតដោយម៉ាស៊ីនស្វ័យប្រវត្តិ

Share

Image
Image
Image