ភ្នំពេញ៖ ៦ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងសិង្ហបុរីមានចំនួនសរុប ២.១ ពាន់លានដុល្លារអាមេរិក ទោះបីជាមានផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ក៍ដោយ ។ ការបង្ហាញកំណើននេះជាការលើកឡើងពីលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីចូលរួមអបអរសាទរខួបលើកទី៥៧ នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២សណ្ឋាគារ Raffles Hotel Le Royal ។ កញ្ញាមាស គឹមធួន រាយការណ៍លម្អិតពីព័ត៌មាននេះ!
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនិងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងពី ៣.៥ ប៊ីលានដុល្លារ(ពាន់លាន)ក្នុងឆ្នាំ២០២០ ដល់ ៥.៣(ពាន់លាន) ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ។ និងបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងបានជូនពរជោគជ័យ វឌ្ឍនភាព សុភមង្គល និងវិបុលភាពដល់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ក្នុងឱកាសដ៏រីករាយនេះ។
ជាមួយគ្នានេះដែរកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ ការអភិវឌ្ឍន៍ជាតិ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន ជាពិសេសផ្តល់យុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣។
គួរបញ្ជាក់ផងដែរថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើត ដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ៕