en     km
en     km

កំពូលតារាស្រី មាស សុខសោភា អំពាវនាវឱ្យមហាជនចូលរួមយុទ្ធនាការអន្ទាក់សូន្យ

Share

អ្នកនាង មាស សុខសោភា ចូលរួមអំពាវនាវ ក៏ដូចជា ផ្សព្វផ្សាយយុទ្ធនាការអន្ទាក់សូន្យរបស់ក្រសួងបរិស្ថាន ដើម្បីការពារសត្វព្រៃពីការដាក់អន្ទាក់ និងបំផុសឱ្យឈប់បរិភោគសាច់សត្វព្រៃ ដោយផ្ដើមចេញពីអ្នកគាំទ្ររបស់អ្នកនាងផ្ទាល់។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កំពូលតារាចម្រៀងស្រីសំឡេងផ្អែម មាស សុខសោភា ចូលរួមជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការអន្ទាក់សូន្យ បានអំពាវនាវឱ្យមហាជន និងអ្នកគាំទ្ររបស់អ្នកនាងចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ និងឈប់បរិភោគសាច់សត្វព្រៃ ជាការការពារធនធានធម្មជាតិ និងថែរក្សាធនធានឱ្យគង់វង្ស។

ថ្លែងនៅខេត្តកំពង់ធំ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ អ្នកនាង មាស សុខសោភា បានបន្ថែមថា ការទិញ ការបរិភោគសត្វសាច់ព្រៃ គឺជាការជំរុញឱ្យមានការដាក់អន្ទាក់សត្វព្រៃនៅ ក្នុងដែនអភិរក្សរបស់កម្ពុជា។

រាជនីសំឡេងផ្អែមរូបនេះបានបន្ដបេ្ដជ្ញាចិត្តថា អ្នកនាងនឹងគៀងគរអ្នកគាំទ្ររបស់ខ្លួនឱ្យចូលរួមយុទ្ធនាការអភិរក្សធនធានធម្មជាតិ ទ្រង់ទ្រាយធំនៅពេលខាងមុខ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា។

យ៉ាងណាលោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ព្រមទាំងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានឱ្យដឹងថា ការចូលរួមរបស់សិល្បករ សិល្បះការិនី គឺជាផ្នែកមួយសំខាន់ក្នុងការធ្វើយុទ្ធនាការនេះ ឆាប់មានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត ព្រោះអ្នកសិល្បះមានអ្នកគាំទ្រច្រើន។

លោកបន្ដថា មន្ដ្រីរដ្ឋាភិបាល សិល្បះករ មានតួនាទីខុសគ្នា តែបម្រើជាប្រយោជន៍ជាតិដូចគ្នា ហើយការចូលរួមរបស់អ្នកនាងមាស សុខសោភា គឺមានទិសដៅដូចគ្នាដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយអន្ទាក់។

បើតាមរបាយការណ៍ពីមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឱ្យដឹងថា ឆ្នាំ២០២១ មន្ទីរបានធ្វើការបង្ក្រាបបទល្មើសធានធានធម្មជាតិចំនួន ១១៤១ករណី ដោយបានបញ្ជូនសំណុំរឿងទៅកាន់តុលាការបាន ចំនួន៧៩ករណី ដែលមានជនល្មើសចំនួន៩០នាក់។ បែបនេះក្ដី នៅឆ្នាំ២០២១ ដដែល មន្ដ្រីអនុរក្សបានធ្វើការដោះអន្ទាក់ពីដែនជម្រកសត្វព្រៃ ទូទាំងប្រទេសបានជាង៦ម៉ឺនអន្ទាក់ ហើយអន្ទាក់ត្រឹម២០ ភាគរយប៉ុណ្ណោះ ដែលត្រូវបានដោះចេញពីក្នុងព្រៃ។

សូមជម្រាបថា អ្នកនាង មាស សុខសោភា ជាកំពូលតារាស្រីប្រចាំប្រទេសកម្ពុជាមួយរូបដែលមានអ្នកគាំទ្រជាង៥លាននាក់ បានធ្វើការ Follow លើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងផ្ទាល់។ ក្នុងយុទ្ធនាការនេះ អ្នកនាងប្រកាសប្តេជ្ញាចិត្តបំផុស និងផ្សព្វផ្សាយឱ្យសាធារណៈជន ជាពិសេសផ្តើមពីអ្នកគាំទ្រអ្នកនាង នៅតាមបណ្តាញសង្គម និងរូបភាពផ្សងៗទៀត ឱ្យយល់ដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃធនធានធនធ្មជាតិ និងសត្វព្រៃ៕

Share

Image
Image
Image