សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនគឺលោកស្រី គីម យូជុង បានចោទប្រកាន់កូរ៉េខាងត្បូងថា បានបង្កឱ្យមានការឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងជើង ដោយបញ្ជូនមេរោគតាមរយៈការ បង្ហោះប៉េងប៉ោង ខិត្តប័ណ្ណ លុយ និងសម្ភារៈផ្សេងៗដើម្បីឃោសនានយោបាយ។លោកស្រី គីម យូជុង បានព្រមាន “សងសឹក” កូរ៉េខាងត្បូង នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍11 សីហា។
ជាច្រើនឆ្នាំមកហើយសកម្មជនកូរ៉េខាងត្បូងបានបង្ហោះប៉េងប៉ោង ដែលមានចងខិតប័ណ្ណឃោសនា និងប្រាក់ដុល្លារអាមេរិកនៅតាមព្រំដែនជាមួយកូរ៉េខាងជើង ។កូរ៉េខាងជើងធ្លាប់បាននិយាយថាការផ្ទុះរីករាលដាលជំងឺCOVID-19 ដោយឆ្លងតាម”វត្ថុទាំងនេះ” តែទីក្រុងសេអ៊ូលបានច្រានចោលចំពោះការចោទប្រកាន់នេះ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាប្អូនស្រីរបស់លោក គីម ជុងអ៊ុន ឈ្មោះ គីម យូ ជុង បានស្តីបន្ទោសកូរ៉េខាងត្បូងដែលបានធ្វើអោយឆ្លង COVID-19 ទៅកូរ៉េខាងជើង ដោយលោកស្រី គីម យូជុងនិយាយថាជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ។
លោកស្រីបាននិយាយថា ប្រទេសជាច្រើន និងអង្គការសុខភាពពិភពលោក បានទទួលស្គាល់ “គ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺឆ្លងតាមរយៈការប៉ះវត្ថុដែលមានមេរោគ” ។
លោកស្រីបានបន្តថា៖ «វាគួរឲ្យបារម្ភខ្លាំងណាស់ដែលកូរ៉េខាងត្បូងកំពុងផ្ញើខិត្តប័ណ្ណ លុយ ខិត្តប័ណ្ណមិនស្អាត និងទំនិញចូលក្នុងប្រទេសរបស់យើង។
លោកស្រី គីម យូជុងបានព្រមានថាទីក្រុងព្យុងយ៉ាងកំពុងពិចារណា “ឆ្លើយតបយ៉ាងខ្លាំងក្លា” ដោយបន្ថែមថាប្រសិនបើនៅតែបង្ហោះប៉េងប៉ោង “យើងនឹងឆ្លើយតបដោយមិនត្រឹមតែការលុបបំបាត់វីរុសប៉ុណ្ណោះទេ ថែមទាំងកម្ទេចអាជ្ញាធរកូរ៉េខាងត្បូងផងដែរ” ។
ទីក្រុងសេអ៊ូលកាលពីខែមុនបាននិយាយថា “មិនមានការបញ្ជាក់ជាផ្លូវការណាមួយនៃការឆ្លង COVID-19 តាមរយៈការផ្ញើសម្ភារៈនោះទេ” ។
ការអត្ថាធិប្បាយរបស់លោកស្រី គីម យូជុងនៅពេលដែលបងប្រុសរបស់គាត់គឺលោក គីម ជុងអ៊ុនបានប្រកាស “ជ័យជំនះដ៏ត្រចះត្រចង់” ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 បន្ទាប់ពីមន្រ្តីបានរាយការណ៍ថាមិនមានករណីថ្មីនៃវីរុសកូវីដក្នុងរយៈពេលជិតពីរសប្តាហ៍កន្លងមក។
អ្នកជំនាញបាននិយាយថា ប្រទេសកូរ៉េខាងជើងមានប្រព័ន្ធថែទាំសុខភាពដ៏ទន់ខ្សោយក្នុងពិភពលោក ដោយកង្វះសម្ភារៈបរិក្ខាពេទ្យ និងថ្នាំសង្កូវ ឬវ៉ាក់សាំងប្រឆាំង នឹងCOVID-19 ។យោងតាមការអត្ថាធិប្បាយរបស់លោក Yo Jong សូម្បីតែលោក គីម ជុងអ៊ុន ក៏បានឆ្លងជំងឺកូវីដ-១៩ដែរ។
Source: C N A, 11 August 2022