ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បានចំណាយថវិកាប្រមាណជិត៦លានដុល្លារអាមេរិកគាំទ្រដោយផ្តល់ការអប់រំនានាដល់កុមារងាយរងគ្រោះ៤ ម៉ឺននាក់ក្នុងស្រុកស្ទោងខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្ម ១៦ ឆ្នាំរបស់អង្គការទស្សនៈពិភពលោកដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី១០ខែសីហាឆ្នាំ២០២២នេះ។
កញ្ញា មាស គឹមធួន រាយការណ៍ពីព័ត៌មាននេះ!
ដោយមើលឃើញពីសេចក្តីត្រូវការរបស់ប្រជាជន ជាពិសេសកុមារនៅតំបន់ស្រុកស្ទោង ខេត្តកំពង់ធំ អង្គការទស្សនៈពិភពលោកបានបំពេញបេសកកម្ម១៦ឆ្នាំ ក្នុងការអភិវឌ្ឍតំបន់នេះ លើផ្នែកសុខភាព អាហារូបត្ថម្ភ ក៏ដូចជាការអប់រំ និងកិច្ចការពារកុមារ ដោយបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនសរុបចំនួនជាង ៧៥ ០០០ នាក់ ។
អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាបាន ចាប់ផ្តើមការងារ និងកិច្ចប្រតិបត្តិការកម្មវិធីអភិវឌ្ឍន៍តំបន់ប្រចាំស្រុកស្ទោង ក្នុងឆ្នាំ២០០៦ ហើយកម្មវិធីអភិវឌ្ឍន៍តំបន់ប្រចាំស្រុកស្ទោង នឹងត្រូវបានបញ្ចប់នៅខែកញ្ញាខាងមុខនេះ។ ជាលទ្ធផល ប្រជាជនទទួលផលមាន សរុបជាង ៧៥ ០០០នាក់ ក្នុងនេះមានកុមារ និងកុមារងាយរងគ្រោះសរុបចំនួនជាង ២៦ ០០០នាក់ រួមទាំងកុមារីជាង១៣ ០០០នាក់។
ក្នុងបេសកម្មរួមចំណែកអភិវឌ្ឍស្រុកស្ទោង អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បានចំណាយថវិកាជិត ៦លានដុល្លារអាមេរិក ដែលទទួលបានពីប្រជាជននូវែលហ្សេឡង់ តាមរយៈអង្គការទស្សនៈពិភពលោកអន្តរជាតិអូនូវែលហ្សេឡង់ និងពីគម្រោងសផ្សេងៗទៀត។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឲ្យដឹងថា តាមរយៈភាពជាដៃគូជាមួយអាជ្ញាធរមូលដ្ឋាន អង្គការទស្សនៈពិភពលោកបានខិតខំយកចិត្តទុកដាក់ក្នុងស្រុកស្ទោង ឱ្យមានការរីកចម្រើនច្រើន ជាពិសេសលើវិស័យ សុខភាព អាហារូបត្ថម្ភ ការអប់រំ និងកិច្ចការពារកុមារ និងវិស័យផ្សេងៗជាច្រើនទៀត។
ចំណែក លោក នួន ស៊ីណុល មន្រ្ដីការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្ទោង បានមានប្រសាសន៍ថា អង្គការទស្សនៈពិភពលោកបានផ្តល់គ្រឿងបរិក្ខានាៗក្នុងបណ្ណាល័យ ផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកគ្រូលោកគ្រូ និងសហគមន៍ក្នុ ងនោះក៏មានការផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាកុមារផងដែរ។
លោក ថាំ ប៊ុនថា នាយកសាលាបឋមសិក្សាក្អិនក៏លើកឡើងស្រដៀងគ្នាដែលថា «ការគាំទ្រនេះធ្វើអោយមានការរីកចម្រើនខ្លាំង ទាំងផ្នែកបរិស្ថាន ទាំងគុណភាព ហើយជាពិសេសធ្វើអោយសាលារៀនមានការអភិវឌ្ឍយ៉ាងលឿន»។
ចំណែកលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ អ្នកពាក់ព័ន្ធនឹងប្តេជ្ញាថែរក្សាសមិទ្ធផល និងទទួលខុសត្រូវបន្តការងារអភិវឌ្ឍពីអង្គការដើម្បីសុខុមាលភាពរបស់កុមារ។”
ដោយឡែកលោក ជេន អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកបានមានប្រសាសន៍ដែរថា ៖ “នេះជាសមិទ្ធផលរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។លោកសម្តែងក្តីសប្បាយរីករាយដែលឃើញកុមារ និងកុមារងាយរងគ្រោះ ទទួលបានសុវត្ថិភាព ការសិក្សារបស់កុមារមានការប្រសើរឡើង សុខភាពកុមារទទួលបានការយកចិត្តទុក្ខដាក់ពីគ្រប់អ្នកពាក់ព័ន្ធ។ លោកសង្ឃឹមថា សមិទ្ធិផលនឹងបន្ត និងរក្សា បើទោះបីជាអង្គការទស្សនៈពិភពលោកចាកចេញក៏ដោយ។
សូមជម្រាបថា តាមរយៈថវិកានៃគម្រោងនេះ មានសមិទ្ធិផលសំខាន់ផ្សេងទៀតលេចឡើងផងដែរដូចជា ជំរំអំណានចំនួន៣០ត្រូវបានបង្កើតឡើង ដែលមានកុមារលើសពី១ ០០០នាក់ចូលរួម។ ព្រមទាំងបណ្ណាល័យចំនួន១៥តាមត្រូវបានកែលម្អរ និងជាប់ជាស្តង់ដា និងមានផលដល់សិស្សានុសិស្សកម្រិតបឋមសិក្សាជាង ២ ៦០០នាក់។ លើសពីនេះទៅទៀតក្រុមសន្សំសហគមន៍ចំនួន២២ និង សហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន២ ត្រូវបានបង្កើតដើម្បីបន្តវេនលើកស្ទួយសុខុមាលភាពកុមារ និងកុមារងាយរងគ្រោះ។ តាមការស្ទង់មតិក្នុងឆ្នាំ២០២១ ៨០ភាគរយ នៃកុមារ និងក្មេងជំទង់ មានអារម្មណ៍ថាមានសុវត្ថិភាព និងទទួលបានការពារពីការរំលោភបំពាន។ ជាង ៩៨% នៃទារកដែលកើតមកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានសម្រាលដោយឆ្មបជំនាញ និង គ្រប់២៧ភូមិគោលដៅបានក្លាយជាភូមិគ្មានការបន្ទោរបង់ពាសវាលពាសកាល និងមានអនាម័យល្អ។