en     km
en     km

ប្រធានាធិបតី​ស្រីលង្កា​ដែល​ត្រូវ​​បណ្តេញ​ចេញ​រំពឹង​ថា​នឹង​ទៅ​ប្រទេស​ថៃ

Share

យោងតាមការចេញផ្សាយរបស់CNA បានអោយដឹងថា ប្រធានាធិបតីស្រីលង្កាដែលត្រូវបានបណ្តេញចេញគឺលោក Gotabaya Rajapaksa ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ 11 សីហា ដើម្បីស្វែងរកទីសំណាក់បណ្តោះអាសន្ននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទីពីរបន្ទាប់ប្រទេសសង្ហបូរី។

លោក Rajapaksa បានភៀសខ្លួនទៅកោះម៉ាល់ឌីវ បន្ទាប់មកទៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី 14 ខែកក្កដា បន្ទាប់ពីមានចលនាតវ៉ាដ៏ធំមិនធ្លាប់មានដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាក្នុងរយៈពេលប្រាំពីរទសវត្សរ៍ ។

លោក Rajapaksa បានលាលែងពីតំណែងប្រធានាធិបតី ដោយក្លាយជាប្រធានាធិបតីស្រីលង្កាដំបូងគេ ដែលលាលែងពីតំណែងពាក់កណ្តាលអាណត្តិ។មានប្រភពពីរបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា អតីតប្រធានាធិបតីត្រូវបានគេរំពឹងថានឹងចាកចេញពីប្រទេសសិង្ហបុរី ទៅក្រុងបាងកកប្រទេសថៃនៅថ្ងៃព្រហស្បតិ៍។

 

ក្រសួងការបរទេសស្រីលង្កាមិនបានឆ្លើយតបភ្លាមៗចំពោះការលើកឡើងនេះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បានប្រាប់រ៉យទ័រថា “មិនមានការអត្ថាធិប្បាយទេ” ។

Rajapaksa មិនបានបង្ហាញខ្លួនជាសាធារណៈ ឬការអត្ថាធិប្បាយណាមួយឡើយ ចាប់តាំងពីចាកចេញពីប្រទេសស្រីលង្កា ហើយរដ្ឋាភិបាលសិង្ហបុរីបាននិយាយនៅខែនេះថាខ្លួនមិនបានផ្តល់ឯកសិទ្ធិជ្រកកោន ឬអភ័យឯកសិទ្ធិណាមួយដល់លោក Rajapaksa ឡើយ។

 

នៅពេលលោក Rajapaksa ធ្វើជាលេខាធិការការពារជាតិ កងកម្លាំងរដ្ឋាភិបាលបានកម្ចាត់ក្រុមឧទ្ទាមខ្លាតាមីលក្នុងឆ្នាំ ២០០៩ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅស្រីលង្កា។ ពេលនេះក្រុមសិទ្ធិមនុស្សមួយចំនួនចង់ឱ្យមានការស៊ើបអង្កេតនិងចោទប្រកាន់លោក Rajapaksa ករណីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ទាក់ទងនឹងបញ្ហានេះលោក Rajapaksa ធ្លាប់​បដិសេធ​ដាច់ខាត​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

 

អ្នករិះគន់ និងអ្នកតវ៉ាមួយចំនួនក៏បានចោទប្រកាន់លោក Rajapaksa និងក្រុមគ្រួសាររបស់គាត់ថាបានដឹកនាំសេដ្ឋកិច្ចជាតិអោយលិចលង់ ដែលនាំឱ្យមានវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ 1948 ។

បងប្រុសរបស់លោកឈ្មោះ Mahinda Rajapaksa គឺជាអតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី។ ប្អូនប្រុសបង្កើតរបស់លោកឈ្មោះ Basil Rajapaksa ជារដ្ឋមន្ត្រីហិរញ្ញវត្ថុរហូតដល់ដើមឆ្នាំនេះ។អ្នកស្នងតំណែងពីលោក Rajapaksa គឺលោក Ranil Wickremesinghe ធ្លាប់បានថ្លែងថា អតីតប្រធានាធិបតីគួរតែចៀសវាងការវិលត្រឡប់មកប្រទេសស្រីលង្កាវិញក្នុងពេលនេះ។លោក Wickremesinghe បានប្រាប់កាសែត Wall Street Journal ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី 31 ខែកក្កដាថា “ខ្ញុំមិនជឿថាវាជាពេលវេលាល្អសម្រាប់គាត់ក្នុងការត្រឡប់មកវិញទេ” ។

ប្រភព៖CNA, 10 August 2022

 

Share

Image
Image
Image