ប្រធានាធិបតី Volodymyr Zelensky បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើមដោយសារតំបន់Crimea ហើយត្រូវតែបញ្ចប់ដោយការរំដោះឧបទ្វីបCrimeaមកវិញ។លោកប្រធានាធិបតីបានថ្លែងតែប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីនិងបានសម្លាប់មនុស្សម្នាក់។លោក Zelensky មិនបាននិយាយពីការបំផ្ទុះគ្រាប់បែកនោះទេ ប៉ុន្តែបានលើកឡើងថា “គ្រីមៀ គឺជារបស់អ៊ុយក្រែន ហើយយើងនឹងមិនបោះបង់វាចោលឡើយ”។
ទីប្រឹក្សាកំពូលអ៊ុយក្រែនបាននិយាយថា រុស្ស៊ីជាអ្នកធ្វើអោយមានការផ្ទុះនេះ ហើយបានបដិសេធថា អ៊ុយក្រែនមិនទទួលខុសត្រូវលើរឿងនេះទេ។Crimea គឺជាទឹកដីរបស់អ៊ុយក្រែនជាផ្លូវការ ប៉ុន្តែត្រូវបានកាត់បញ្ចូលជាទឹកដីរុស្ស៊ីក្នុងឆ្នាំ 2014 បន្ទាប់ពីការធ្វើប្រជាមតិដែលសហគមន៍អន្តរជាតិមើលឃើញថាមិនស្របច្បាប់។ ប្រជាជនអ៊ុយក្រែនជាច្រើនមើលឃើញថារឿងគ្រីមេនេះជាការចាប់ផ្តើមនៃសង្រ្គាមជាមួយរុស្ស៊ី។
កាលពីថ្ងៃអង្គារ មានការផ្ទុះជាបន្តបន្ទាប់បានអង្រួនមូលដ្ឋានយោធា Saky នៅជិត Novofedorivka នៅភាគខាងលិចនៃ Crimea ដែលនៅជិតរមណីយដ្ឋានមាត់សមុទ្រដ៍មានប្រជាប្រិយភាពដោយភ្ញៀវទេសចររុស្ស៊ី។វីដេអូនៅលើបណ្ដាញសង្គមបានបង្ហាញពីមនុស្សនៅឆ្នេរសមុទ្រកំពុងរត់ពេលដែលមានការផ្ទុះកើតឡើង។សាក្សីបាននិយាយថាពួកគេបានឮសំឡេងផ្ទុះយ៉ាងហោចណាស់ 12 ដង។
នាយកដ្ឋានសុខាភិបាលដែលតែងតាំងដោយរុស្ស៊ីនៅគ្រីមៀបាននិយាយថា ជនស៊ីវិលម្នាក់បានស្លាប់ និងប្រាំបីនាក់ផ្សេងទៀតរងរបួស។តំបន់ Novofedorivka និង Saky ស្ថិតនៅចម្ងាយប្រហែល 50 គីឡូម៉ែត្រ ភាគខាងជើងនៃកំពង់ផែ Sevastopol ដែលជាមូលដ្ឋានកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដែលបានបិទឆ្នេរសមុទ្រអ៊ុយក្រែន។
ជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានបដិសេធថា អ៊ុយក្រែនមិននៅពីក្រោយការបំផ្ទុះនេះទេ ដោយប្រាប់ប៉ុស្តិ៍ទូរទស្សន៍អនឡាញ Dozhd ថា “ប្រាដកជាមិនពិតទេ តើយើងត្រូវធ្វើបែបនេះ ដើម្បីអ្វី?”រាល់ការវាយប្រហារលើ Crimea ទីក្រុងម៉ូស្គូចាត់ទុកថាជាទង្វើរបស់អ៊ុយក្រែន។ រុស្ស៊ីបានព្រមានកាលពីខែមុន នៅពេលដែលអតីតប្រធានាធិបតីរុស្ស៉ី Dmitry Medvedev បានគំរាមថា “នឹងមានទណ្ឌកម្មភ្លាមៗ” ប្រសិនបើអ៊ុយក្រែនវាយប្រហារCrimea ។
លោក Zelensky មិនបានលើកពីការបំផ្ទុះនៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃអង្គារទេ ប៉ុន្តែបាននិយាយយ៉ាងវែងអំពីឧបទ្វីបCrimea ដោយនិយាយថា “យើងនៅចាំថាសង្រ្គាមរុស្ស៊ីជាមួយអ៊ុយក្រែនបានចាប់ផ្តើមដោយការចូលកាន់កាប់តំបន់Crimeaរបស់រុស្ស៉ី។ លោក Zelensky បានថ្លែងថា “សង្រ្គាមរុស្ស៊ីនេះ … បានចាប់ផ្តើមដោយរឿងCrimea ហើយត្រូវតែបញ្ចប់ដោយCrimeaបានរំដោះចេញពីរុស្ស៉ី។
សុន្ទរកថាចុងក្រោយរបស់លោក Zelensky លើកឡើងថា លោកជឿថាដើម្បីអោយសង្គ្រាមចប់ អ៊ុយក្រែនត្រូវតែដណ្តើមយកឧបទ្វីប Crimea មកវិញ។ ទោះជាយ៉ាងណាលោក Zelensky កាលពីមុនលោកមិនបាននិយាយដូច្នេះទេ។លោកធ្លាប់បាននិយាយថា អ៊ុយក្រែនអាចទទួលយកសន្តិភាព ប្រសិនបើរុស្ស៊ីត្រឡប់ទៅកាន់ទីតាំងពួកគេវិញមុនថ្ងៃទី 24 ខែកុម្ភៈ មានន័យថា មិនបានសំដៅលើការដណ្តើមយក Crimea មកវិញនោះទេ។
ប្រភព៖ សារព័ត៌មាន BBC ១០ សីហា ២០២២