ភ្នំពេញ៖ របាយការណ៍របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សបង្ហាញថា ការធ្វើទុក្ខបុម្នេញមកលើអ្នកសារព័ត៌មាននៅតែមានការកើនឡើង ដែលប្រការនេះឆ្លុះបញ្ចាំងឱ្យឃើញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារងការគម្រាមកំហែងដដែល។ តែយ៉ាងណា មន្រ្តីរដ្ឋាភិបាលបដិសេធរបាយការណ៍នេះ ដោយចាត់ទុករបាយការណ៍នេះថាមានភាពលម្អៀងនិងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។
កាលពីថ្ងៃទី ០៣ ខែសីហាឆ្នាំ២០២២ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍របស់ខ្លួនដោយរកឃើញមានការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ជាអ្វីដែលអង្គការសហប្រជាជាតិយល់ជាការគម្រាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
របាយការណ៍នេះ បន្តទៀតថា អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមួយចំនួនកំពុងទទួលរងនូវការបៀតបៀន សម្ពាធតាមទម្រង់ផ្សេងៗ និងរងអំពើហិង្សាកាន់តែច្រើន ស្របពេលដែលមានការរឹតត្បិតកាន់តែខ្លាំងលើលំហពលរដ្ឋ និងសេរីភាពសារព័ត៌មាន។
នៅក្នុងរបាយការណ៏បានបញ្ជាក់យ៉ាងច្បាស់ថា មានអ្នកសារព័ត៌មានចំនួន ៦៥ នាក់ ត្រូវបានសម្ភាសន៍ និងស្ទង់មតិ បានចូលរួមឆ្លើយសំណួរក្នុងការវាស់ស្ទង់មតិទាំងអស់ ដោយពួកគេនិយាយថា ពួកគេបានប្រឈមមុខនឹងការជ្រៀតជ្រែកមួយចំនួនក្នុងពេលបំពេញការងារ ខណៈជាង ៨០ ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិ បានលើកឡើងថា ពួកគេត្រូវបានឃ្លាំមើល និង រឹតបន្តឹងដែលមិនសមាមាត្រ ឬមិនចាំបាច់ រួមទាំងពាក់ព័ន្ធនឹងការទទួលបានព័ត៌មាន។
យ៉ាងណាមិញរបាយការណ៍ក៏បានលើកឡើងពីបញ្ហាប្រឈមដែលបុគ្គលិកសារព័ត៌មានជាស្ត្រីជួបប្រទះ រួមទាំងកង្វះវត្តមានស្ត្រីនៅក្នុងតួនាទីជាអ្នកដឹកនាំ ការបៀតបៀន និងអំពើហិង្សាផ្អែកលើយេនឌ័រផងដែរ។
លោកស្រី មីស្យេល បាស្យេឡេត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានមានប្រសាសន៍ក្នុងរបាយការណ៍ថា៖ “ការរកឃើញនៅក្នុងរបាយការណ៍នេះ គឺគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ដោយលោកស្រីជំរុញឱ្យអាជ្ញាធរទទួលយកអនុសាសន៍ ដើម្បីធានាថាប្រព័ន្ធផ្សព្វផ្សាយ អាចអនុវត្តការងារសំខាន់ៗរបស់ពួកគេដោយយុត្តិធម៌ និងតម្លាភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់”។
ជាមួយគ្នានេះ កញ្ញា ទុយ អេងលី អ្នកសារព័ត៌មានឯករាជ្យម្នាក់ប្រាប់វិទ្យុស្រ្តីដោយយល់ឃើញថា របាយការណ៍ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិដែលស្តីពីបញ្ហាប្រឈមរបស់អ្នកការសែត គឺបានជារបាយល្អប្រសើរ ព្រោះជាការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ដល់អាជ្ញាធរមូលដ្ឋានបានដឹង ដើម្បីចូលរួមរកដំណោះស្រាយក្នុងការបញ្ឍប់មិនឲ្យមានភាពរឹតបន្តឹងក្នុងការទទួលបានព័ត៌មាន។ អ្នកសារព័ត៌មានឯករាជ្យរូបនេះបានលើកឡើងនូវបញ្ហាមួយចំនួនដែលខ្លួនបានជួបប្រទះ ដោយកញ្ញាមានភាពលំបាកក្នុងការសម្ភាសន៍សុំការបំភ្លឺពីប្រភពមន្រ្តីពាក់ព័ន្ធ។
កញ្ញាបន្តថា នៅមានប្រភពមួយចំនួននៅមានការស្ទាកស្ទើរក្នុងការផ្តល់ព័ត៌មានទៅកាន់អ្នកកាសែត។ កញ្ញា បានអំពាវនាវឲ្យគ្រប់ប្រភពទាំងអស់មេត្តាចូលរួមសហការក្នុងការផ្តល់ព័ត៌មានទៅកាន់អ្នកកាសែតទាំងអស់។
កញ្ញាទុយ អេងលី៖ «សូមស្នើសុំឲ្យខាងប្រភពដែលជាប្រជាពលរដ្ឋក្តី អជ្ញាធរក្តី ថ្នាក់ដឹកនាំក្តី រដ្ឋាភិបាលក្តី រួមទាំងអ្នកនាំពាក្យ សូមជួយសហការជាមួយអ្នកសារព័ត៌មាន ពីព្រោះអ្នកសារព័ត៌មានអាជីពមិនមែនសរសេរតែម្ខាងនោះទេ យើងដើរតួរជាង្នកនៅកណ្តាល អញ្ចឹងយើងចង់បានសម្លេងទាំងសងខាងដើម្បីឲ្យអត្ថបទរបស់យើងមានលក្ខណៈពេញលេញ កុំឲ្យមានការខ្វះខាត និងការពារការនិយាយថាសម្ភាសន៍តែម្ខាង។ »
ទាក់ទងរឿងនេះលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ដោយបដិសេធទៅនឹងរបាយការណ៍នេះថា របាយការណ៍ខាងលើពុំមានទិន្នន័យគ្រប់ជ្រុងជ្រោយ មានភាពលម្អៀង និងធ្វើការសន្និដ្ឋានផ្អែកលើមតិរបស់មនុស្សមួយក្រុមតូចមិនឆ្លុះបញ្ចាំងតថភាពពិត។
តែផ្ទុយមកវិញ លោកបញ្ជាក់ថា អ្នកសារព័ត៌មាន និង អ្នកប្រកបវិជ្ជាជីវសារព័ត៌មាន ទទួលបាននូវការផ្តល់តម្លៃនិងសិទ្ធិសេរីភាពដោយស្មើភាពគ្នាតាមផ្លូវគ្មានការរើសអើងប្រកាន់និន្នាការនយោបាយ ឬទស្សនៈផ្ទុយនោះឡើយ ។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បន្តស្វាគមន៍ចំពោះកិច្ចការសហការរបស់ជនរងគ្រោះ ភាគីពាក់ព័ន្ធ ជាពិសេស OHCHR ផ្ដល់ព័ត៌មានជាក់លាក់ បើពុំនោះទេក្រសួងព័ត៌មានសូមច្រានចោលនិងថ្កោលទោសចំពោះអំណះអំណាងបែបនេះ ហើយចាត់របាយការណ៍ខាងលើមានចរិតនយោបាយពិសពុលសម្តៅបន្ទាបបន្ថោកដល់រាជរដ្ឋាភិបាលកម្ពុជា។
គួររម្លឹកថា៖ ចាប់តាំងពីខែ មករា ឆ្នាំ ២០១៧ មក ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជាក៏បានចងក្រងករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មានចំនួន ២៣ នាក់ ដែលបានប្រឈមនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ ឬញុះញង់ ដែលចេញពីលទ្ធផលនៃការងាររបស់ពួកគេ។
ចាប់តាំងពីខែ មករា ឆ្នាំ ២០១៧ មក ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជាបានចងក្រងករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មានចំនួន ២៣ នាក់ ដែលបានប្រឈមនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ ឬញុះញង់ ដែលចេញពីលទ្ធផលនៃការងាររបស់ពួកគេ។
របាយការណ៍នេះបានបញ្ជាក់បន្ថែមថា ច្បាប់ដែលមិនមានកាលកំណត់ និងន័យទូលំទូលាយ ដូចជាច្បាប់ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុក្រឹត្យឆ្នាំ ២០២២ ស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ផ្តល់អំណាចឱ្យរដ្ឋាភិបាលយ៉ាងទូលំទូលាយក្នុងការទប់ស្កាត់ព័ត៌មាន និងផ្តន្ទាទោសលើបទល្មើសព្រហ្មទណ្ឌ ដែលមិនជាក់លាក់ គួរតែត្រូវបានលុបចោល។
របាយការណ៍នេះ ផ្តល់អនុសាសន៍ចំនួន ១៥ ក្នុងគោលបំណងផ្តល់នូវលំហរសម្រាប់អនុវត្តសកម្មភាពឱ្យកាន់តែមានសុវត្ថិភាព ពហុភាព និងមានការគិតគូរពីយេនឌ័រ ដល់បុគ្គលិកសារព័ត៌មាន។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រជាចាំបាច់ ដល់រដ្ឋាភិបាល ដើម្បីអនុវត្តអនុសាសន៍ទាំងនេះ៕