ភ្នំពេញ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ដែលស្នើដោយរាជរដ្ឋាភិបាលត្រូវបានព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ដលេខាដាក់ឱ្យប្រ់ប្រាស់ជាផ្លូវការ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា។ នេះបើតាមព្រះរាជក្រមចេញថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
ការឡាយព្រះហស្ដលេខារបស់អង្គព្រះមហាក្សត្រ ធ្វើឡើងបន្ទាប់ពី រដ្ឋសភាកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២២ បានអនុម័តទាំងស្រុងលើសេចក្តីព្រាងវិសោធនកម្មធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដោយមានសំឡេងគាំទ្រច្រើនលើសលុប គឺសំឡេង១០៥ លើ ១០៦សំឡេង។
សូមរម្លឺកថា វិសោធកម្មរដ្ឋធម្មនុញ្ញលើកទី១០ មានមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម។
ជាថ្មីម្ដងទៀត នេះជាការកែរដ្ឋធម្មនុញ្ញលើកទី១០ ជាផ្លូវការ បន្ទាប់ពីកម្ពុជាមានច្បាប់ធម្មនុញ្ញតាំងពីឆ្នាំ១៩៩៣មក៕