យ៉ាងហោចណាស់មនុស្ស 13 នាក់បានស្លាប់ និង 41 នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគ្គីភ័យបានឆាបឆេះក្លឹបរាត្រីមួយក្នុងខេត្តឈុនបុរី ភាគអាគ្នេយ៍ប្រទេសថៃ។ប៉ូលីសបាននិយាយថា អគ្គីភ័យបានឆាបឆេះនៅវេលាម៉ោង 1:00 ម៉ោងក្នុងស្រុក នៅថ្ងៃសុក្រទី៥ សីហា ឆ្នាំ២០២២ ។ព័ត៌មានលម្អិតប្រែសម្រួលដោយលោក យិប ឆេងលាប
រូបភាពដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិតបានបង្ហាញមនុស្សរត់ចេញពីក្លឹបដោយមានការស្រែកយំផង និងអ្នកខ្លះទៀតមានសម្លៀកបំពាក់ឆេះភ្លើងផង។ក្រុមអ្នកជួយសង្គ្រោះនិយាយថា វត្ថុដែលងាយឆេះនៅលើជញ្ជាំងក្លឹបអាចធ្វើឱ្យភ្លើងឆេះកាន់តែឆាប់និងខ្លាំងឡើង។
ក្លឹបរាត្រីដែលបានឆេះជាអគារមួយជាន់ដែលមានទំហំ 4,800 ម៉ែត្រការ៉េស្ថិតនៅខេត្តឈុនបុរី ស្ថិតនៅចម្ងាយ 150 គីឡូម៉ែត្រភាគខាងត្បូងទីក្រុងបាងកក ។សេចក្តីរាយការណ៍ក្នុងស្រុកបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើពេលជាង 2 ម៉ោង ទើបអាចគ្រប់គ្រងភ្លើងបាន។
សាកសពមនុស្ស៤នាក់ជាស្ត្រី និង៩នាក់ជាបុរស ភាគច្រើនត្រូវបានគេរកឃើញនៅជិតច្រកចូល និងក្នុងបន្ទប់ទឹករបស់ក្លឹប។ អ្នកផ្សេងទៀតត្រូវបានគេរកឃើញនៅជិតឆាកឌីជេចាក់ចម្រៀង។រហូតមកដល់ពេលនេះជនរងគ្រោះដែលបានស្លាប់ត្រូវបានគេជឿថាជាជនជាតិថៃទាំងអស់។
មូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ មិនទាន់បានដឹងច្បាស់នៅឡើយទេ ទោះបីជាមន្ត្រីមូលនិធិសង្គ្រោះបាននិយាយថា ជ័រស្នោរដែលបិទនៅលើជញ្ជាំងក្លឹបប្រហែលជាបានធ្វើអោយភ្លើងឆាបឆេះកាន់តែលឿន។
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃសុក្រថា គ្រួសារជនរងគ្រោះនឹងទទួលបានជំនួយពីអាជ្ញាធរ និងបានជំរុញអោយកន្លែងកម្សាន្តទូទាំងប្រទេស ធ្វើច្រកចេញគ្រាមានអាសន្ន និងពង្រឹងវិធានការសុវត្ថិភាពនៅកន្លែងទាំងអស់នោះ។
ករណីអគ្គិភ័យឆាបឆេះក្លឹបរាត្រីបែបនេះមិនមែនជាលើកទីមួយទេនៅប្រទេសថៃ។ឆ្នាំ២០០៩ មនុស្សជាង ៦០នាក់បានស្លាប់ក្នុងទីក្រុងបាងកក ក្នុងករណីអគ្គិភ័យបានឆាបឆេះក្លឹប Santika នៅព្រឹកព្រលឹមនៃថ្ងៃចូលឆ្នាំ។ករណីនេះមានបុរសពីរនាក់រួមទាំងម្ចាស់ក្លឹបផងត្រូវបានជាប់ពន្ធនាគារនៅឆ្នាំ២០១១។ឆ្នាំ ២០១២ មានអគ្គិភ័យឆេះក្លឹបរាត្រីមួយកន្លែងក្នុងតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយនៃខេត្តភូកេត ប្រទេសថៃបានសម្លាប់មនុស្សបួននាក់ និងរាប់សិបនាក់ទៀតរងរបួស។
ប្រភព៖ BBC ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២