en     km
en     km

ភ្លើង​ឆេះ​ក្លឹប​រាត្រី​នៅ​ប្រទេស​ថៃ សម្លាប់​មនុស្ស​យ៉ាង​ហោច​១៣​នាក់ និង​រាប់​សិប​នាក់​រង​របួស

Share

យ៉ាងហោចណាស់មនុស្ស 13 នាក់បានស្លាប់ និង 41 នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគ្គីភ័យបានឆាបឆេះក្លឹបរាត្រីមួយក្នុងខេត្តឈុនបុរី ភាគអាគ្នេយ៍ប្រទេសថៃ។ប៉ូលីសបាននិយាយថា អគ្គីភ័យបានឆាបឆេះនៅវេលាម៉ោង 1:00 ម៉ោងក្នុងស្រុក នៅថ្ងៃសុក្រទី៥ សីហា ឆ្នាំ២០២២ ។ព័ត៌មានលម្អិតប្រែសម្រួលដោយលោក យិប ឆេងលាប

រូបភាពដែល​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​បាន​បង្ហាញ​​មនុស្ស​​រត់​ចេញ​ពី​ក្លឹប​ដោយមានការ​ស្រែក​យំផង និងអ្នក​ខ្លះ​ទៀតមាន​សម្លៀក​បំពាក់​ឆេះភ្លើងផង។ក្រុម​អ្នក​ជួយ​សង្គ្រោះ​និយាយ​ថា វត្ថុ​ដែល​ងាយ​ឆេះ​នៅ​លើ​ជញ្ជាំង​ក្លឹបអាច​​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​កាន់តែ​ឆាប់និងខ្លាំង​ឡើង​។

ក្លឹបរាត្រីដែលបានឆេះជាអគារមួយជាន់ដែលមានទំហំ 4,800 ម៉ែត្រការ៉េស្ថិតនៅខេត្តឈុនបុរី ស្ថិតនៅចម្ងាយ 150 គីឡូម៉ែត្រភាគខាងត្បូងទីក្រុងបាងកក ។សេចក្តីរាយការណ៍ក្នុងស្រុកបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើពេលជាង 2 ម៉ោង ទើបអាចគ្រប់គ្រងភ្លើងបាន។

សាកសព​មនុស្ស​៤​នាក់​ជា​ស្ត្រី និង​៩​នាក់​ជា​បុរស ភាគច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ជិត​ច្រកចូល និង​ក្នុង​បន្ទប់ទឹករបស់ក្លឹប។ អ្នកផ្សេងទៀតត្រូវបានគេរកឃើញនៅជិតឆាកឌីជេចាក់ចម្រៀង។រហូតមក​ដល់​ពេល​នេះជន​រង​គ្រោះ​ដែលបានស្លាប់ត្រូវ​បាន​គេ​ជឿ​ថា​ជា​ជន​ជាតិ​ថៃទាំងអស់។

មូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ មិនទាន់បានដឹងច្បាស់នៅឡើយទេ ទោះបីជាមន្ត្រីមូលនិធិសង្គ្រោះបាននិយាយថា ជ័រស្នោរដែលបិទនៅលើជញ្ជាំងក្លឹបប្រហែលជាបានធ្វើអោយភ្លើងឆាបឆេះកាន់តែលឿន។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃសុក្រថា គ្រួសារជនរងគ្រោះនឹងទទួលបានជំនួយពីអាជ្ញាធរ និងបានជំរុញអោយកន្លែងកម្សាន្តទូទាំងប្រទេស ធ្វើច្រកចេញគ្រាមានអាសន្ន និងពង្រឹងវិធានការសុវត្ថិភាពនៅកន្លែងទាំងអស់នោះ។

ករណីអគ្គិភ័យឆាបឆេះ​ក្លឹប​រាត្រីបែបនេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​​នៅ​ប្រទេស​ថៃ។​ឆ្នាំ២០០៩ មនុស្ស​ជាង ៦០នាក់​បាន​ស្លាប់​ក្នុង​ទីក្រុង​បាងកក ក្នុងករណីអគ្គិភ័យ​បាន​ឆាបឆេះ​ក្លឹប Santika នៅ​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ចូល​ឆ្នាំ។ករណីនេះមានបុរស​ពីរ​នាក់​រួម​ទាំង​ម្ចាស់​ក្លឹប​ផង​ត្រូវ​បាន​ជាប់​ពន្ធនាគារ​នៅ​ឆ្នាំ២០១១។​ឆ្នាំ ២០១២ មានអគ្គិភ័យ​ឆេះ​ក្លឹប​រាត្រី​មួយកន្លែង​ក្នុង​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​នៃ​ខេត្ត​ភូកេត ប្រទេសថៃបាន​សម្លាប់​មនុស្ស​បួន​នាក់ និង​រាប់សិប​នាក់​ទៀត​រង​របួស។

ប្រភព៖ BBC ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២

Share

Image
Image
Image