en     km
en     km

រដ្ឋមន្ដ្រីការបរទេសអាស៊ានព្រួយបារម្ភពីភាពផុយស្រួយនៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់

Share

រដ្ឋមន្ដ្រីការបរទេសអាស៊ានបានចេញសេចក្ដីថ្លែងការណ៍ ដោយបង្ហាញក្តីព្រួយបារម្ភពីភាពផុយស្រួយលើភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ខណៈកម្ពុជាជាប្រធានអាស៊ានបានអំពាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ស្វែងរកដំណោះស្រាយ ចៀសវាងបង្កហេតុ ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រដ្ឋមន្ដ្រីការបរទេសអាស៊ាន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានបង្ហោះសេចក្ដីថ្លែងការពីការវិវឌ្ឍឆ្លងច្រកសមុទ្រដែលចេញកាលពីថ្ងៃទី៣ ខែសីហា ដោយបង្ហាញក្តីព្រួយបារម្ភរបស់អាស៊ានលើភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្ដរជាតិ ជាពិសេសតំបន់ក្បែរអាស៊ាន ដែលអាចបង្ករអស្ថិរភាពក្នុងតំបន់ និងអាចឈានទៅរកការប្រឈមមុខដាក់គ្នា ជម្លោះដោយជំហរ និងផលវិបាកដែលមិនអាចគណនាបានក្នុងចំណោមមហាអំណាច។

សេចក្ដីថ្លែងការណ៍របស់អាស៊ានបានបន្ដអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមានូវបញ្ហាដ៏តានតឹងនៃច្រកសមុទ្រកោះតៃវ៉ាននេះ  និងចៀសវាងសកម្មភាពញុះញង់ ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍នៅអាស៊ីអាគ្នេយ៍។

ទាក់ទិនរឿងនេះ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ដោយសម្ដែងពីការព្រួយបារម្ភយ៉ាងខ្លាំង នៃការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ ក្រោយពីលោកស្រី Nancy  Pelosi បានឈរជើងលើទឹកដីកោះនោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាលបានស្នើឱ្យភាគីពាក់គោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខា រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដែលមានចែងក្នុងពេលកន្លងមក រវាងភាគីទាំងពីរ។  សេចក្ដីថ្លែងការណ៍របស់កម្ពុជា បានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវ “គោលនយោបាយចិនតែមួយ” ដោយឥតងាករេ ហើយចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

សូមរម្លឹងដែរថា កាលពីល្ងាចថ្ងៃអង្គារ ទី២ ខែសីហា លោកស្រីប៉េឡូស៊ី មន្រី្ដជាន់ខ្ពស់សហរដ្ឋអាមេរិកបានទស្សនកិច្ចលើទឹកដីកោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ជាការបង្កឱ្យមានភាពតានតឹងដ៏ធំមួយ។ ពេលនោះមានយន្ដហោះយោធាចិនប្រមាណ២១គ្រឿង បានហោះហើរចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដែលហួសពីតំបន់ដែនអាកាសត្រួតលើគ្នាជាមួយដែនអាកាសរបស់ចិន។

យ៉ាងណាក្នុងបញ្ហានេះ កម្ពុជា បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្ដិវិធី រក្សាស្ថានដើម និងចៀសវាងការបង្កហេតុ ដើម្បីបុព្វហេតុនៃសន្ដិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពក្នុងតំបន់។

ដោយឡែក ចំពោះអាស៊ានវិញ បានចេញសេចក្ដីថ្លែងការណ៍ថា ប្រទេសទាំងអស់គួរតែរួមគ្នា ហើយអាស៊ានត្រៀមខ្លួនរួចជាស្រេច ក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលការសន្ទនា ដោយសន្ដិវិធីរវាងគ្រប់ភាគី ដោយប្រើប្រាស់យន្ដការដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្ដិភាព សន្ដិសុខ ក្នុងការអភិវឌ្ឍក្នុងតំបន់៕

Share

ព័ត៌មានទាក់ទង

Image