loader

អង្គការ Helen Keller ដាក់គម្រោងសាកល្បងអាហាររូបត្ថម្ភតាមសាលារៀន

អង្គការ Helen Keller International បានដាក់គម្រោងសាកល្បងផ្នែកអាហារូបត្ថម្ភដល់កុមារនៅសាលារៀន ដើម្បីកាត់បន្ថយបញ្ហាធាត់លើសទម្ងន់ដល់កុមារតូចៗ ដោយសារការបរិភោគអាហារមានសារជាតិ អំបិល ស្ករ និងខ្លាញ់ច្រើន ព្រមទាំងមិនសូវមានសារធាតុចិញ្ចឹម។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍ៈ

អង្គការ Helen Keller International នៅថ្ងៃអង្គារ ទី០២ ខែ សីហា ឆ្នាំ២០២២ បានចុះពិនិត្យកម្មវិធីសាកល្បងផ្នែកអាហារូបត្ថម្ភសម្រាប់កុមារនៅសាលាបឋមសិក្សាជង្រុក ស្ថិតនៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គម្រោងសាកល្បងសាលាល្អ អាហារល្អ អនាគតបវររុងរឿង ដែលអង្គការ Helen Keller International បានចុះពិនិត្យគឺជាផ្នែកមួយជួយកាត់បន្ថយហានិភ័យដោយសារការបរិភោគអាហារសម្រន់ប្រភេទកញ្ចប់ៗដែលមានជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់នៅតាមសាលារៀន ពោលគឺជំរុញឱ្យសិស្សងាកមកទទួលទានអាហារ និងផ្លែឈើជាផលិតផលក្នុងស្រុក។

បើផ្អែកតាមរបាយការណ៍អាហារូបត្ថម្ភសកលឆ្នាំ ២០២០ នៅកម្ពុជាមានកុមារអាយុចាប់ពី ៥ ទៅ១៩ ឆ្នាំចំនួនប្រមាណជាង ១ភាគ៨ មានជំងឺធាត់ជ្រុល។ ក្រសួងអប់រំយុវជន និងកីឡា និងអង្គការ Helen Keller International បានដាក់គោលការណ៍សម្រាប់សាលាចំនួន៣ នៅក្នុងគម្រោងឱ្យលក់អាហារចំនួន ១២ មុខតែប៉ុណ្ណោះ ដូចជាបបរ បាយ នំប៉័ង នំធ្វើដោយម្ស៉ៅអង្ករ ផ្លែឈើតាមរដូវកាល ទឹកដូង ទឹកអំពៅ នំខ្មែរផ្សេងៗជាដើម។

លោក ជូ ប៊ុនហៀង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍កសិកម្ម និងជនបទនៃទីស្ដីការគណៈរដ្ឋមន្ដ្រី

លោក ជូ ប៊ុនហៀង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍កសិកម្ម និងជនបទនៃទីស្ដីការគណៈរដ្ឋមន្ដ្រីយល់ថា គម្រោងនេះគឺជួយកាត់បន្ថយបញ្ហាក្រេះក្រិន ស្គមស្កាំង លើសទម្ងន់ និងជួយសម្រាលបន្ទុកក្នុងក្រុមគ្រួសារពេលមានជំងឺផ្សេងៗ។

ចំណែកលោក ឃុត សុវណ្ណោ អនុប្រធាការិយាល័យនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កន្លងមកក្រសួងអប់រំហាមប្រាមមិនឱ្យសាលានៅទូទាំងប្រទេសលក់អាហារ ៦ប្រភេទនោះទេ ដូចជា អាហារហួសសុពលភាព អាហារគ្មានប្រភពច្បាស់លាស់ ទឹកសេរ៉ូពណ៌ គ្រឿងស្រវឹង ស្ករកៅស៊ូ និងនំដូណាត់។ តែលោកថាចំពោះគម្រោងសាលាល្អ អាហារល្អ អនាគតបវររុងរឿងនេះវិញ នឹងជួយប្រាប់ដល់សិស្ស ពីអាហារដែលមិនបានហាមប្រាមអាចបរិភោគបាន ផ្ដល់សុខភាព និងសុវត្ថិភាព។

លោក ឃុត សុវណ្ណោ អនុប្រធាការិយាល័យនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា

យ៉ាងណា អាជីវករដែលលក់ដូរនៅក្នុងសាលាមិនបានទទួលការគាំទ្រច្រើនពីសំណាក់សិស្សតូចៗនោះទេ បើធៀបការលក់នំកញ្ចប់ និងនំដែលជ្រើសរើសយកមកលក់ក្នុងគម្រោងនេះ។ អ្នកស្រី គង់ ធីតា អាជីវករលក់ដូរក្នុងសាលាមឋមសិក្សាជង្រុកនិយាយថា ពីមុនអ្នកស្រីក៏លក់នំកញ្ចប់តិចតួចដែរ តែពេលមានអង្គការចុះមកណែនាំអ្នកស្រីក៏បង្កើនលើការលក់នំចំណីដូចមានចែងក្នុងគម្រោងវិញ។ អ្នកស្រីស្នើឱ្យគម្រោងខាងអង្គការ និងលោកគ្រូ អ្នកគ្រូជួយពន្យល់ទៅកាន់សិស្សបន្ថែមទៀត ព្រោះអ្នកស្រីសង្កេតឃើញថា នៅមានសិស្សទិញនំកញ្ចប់ពីខាងក្រៅសាលាមកទទួលទានដដែល។

អ្នកស្រី គង់ ធីតា អាជីវករលក់ដូរក្នុងសាលាមឋមសិក្សាជង្រុក

នាយកសាលាជង្រុកលោក ទឹម គីមលី លើកឡើងថា លោកមិនអនុញ្ញាតឱ្យមានលក់អាហារដែលក្រសួងហាមប្រាមនោះទេ តែយ៉ាងលោកក៏មិនអាចហាមឃាត់ការលក់ដូរធ្វើអាជីវកម្មនៅក្រៅរបងសាលាបានដែរ។

នាយកសាលាជង្រុកលោក ទឹម គីមលី

សូមជម្រាបថា គម្រោងសាកល្បង សាលាល្អ អាហារល្អ អនាគតបវររុងរឿង របស់អង្គការ Helen Keller International បាននឹងកំពុងអនុវត្តនៅសាលាបឋមសិក្សាចំនួន៣ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារតាមសាលារៀន៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x