ប្រធានអាស៊ាន សម្ដេច ហ៊ុន សែន បានលើកគំនិតផ្ដួចផ្ដើម២ចំណុចពាក់ព័ន្ធ ការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន និងវិធានស្ដារ និងងើបចេញពីជំងឺកូវីដ១៩ ប្រកបដោយសុវត្ថិភាព ខណៈបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍ ៖
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយលើកពីគំនិតផ្ដួចផ្ដើមពីរចំណុចស្នើឱ្យរដ្ឋមន្ដ្រីការបរទេសអាស៊ានពិចារណានិងគាំទ្រ។ចំណុចទីមួយសម្តេច ហ៊ុន សែន លើកយកបញ្ហាការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន និងចំណុចទីពីរ លើកឡើងពីវិធានស្ដារ និងងើបចេញពីជំងឺកូវីដ១៩ ប្រកបដោយសុវត្ថិភាព។
ផ្អែកតាមសុន្ទរកថារបស់ប្រធានអាស៊ាន សម្ដេច ហ៊ុន សែន បានលើកឡើងពីចំណុចទី១ថា ប្រសិនបើអាស៊ានពិចារណាលើគំនិតផ្ដួចផ្ដើមបង្កើតក្របខណ្ឌទូលំទូលាយមួយ ដែលសម្ដេចហៅថា កិច្ចព្រមព្រៀងបៃតងអាស៊ាន នោះតំបន់អាស៊ាននឹងអាចប្រែខ្លួនបន្ដិចម្ដង ឆ្ពោះទៅកាន់អនាគតប៉ៃតងមួយដែលមានចីរភាព ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។
បើតាមសុន្ទរកថាដដែល កិច្ចព្រព្រៀងបៃតង គឺគ្រប់បណ្ដប់លើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្ដសាល ការប្រើប្រាស់ កសិកម្ម ដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុដោយមានបច្ចេកវិទ្យា នវានុវត្ដន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញបំពេញតួនាទីជាកត្តាជំរុញ។
ចំណែកចំណុចទី២ សម្ដេចថ្លែងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាន អាសិប(RCEP) ដែលសំដៅបង្កើនជាអតិបរមានូវសក្ដានុពលនៃទីផ្សារអន្ដរជាតិ និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន។
ចំពោះសំណើរដែលប្រធានអាស៊ានដាក់ចេញទាំងពីរចំណុចនេះ ប្រធានអាស៊ានដាក់ក្តីរំពឹងថាប្រទេសជាសមាជិកអាស៊ាន នឹងពិចារណា គាំទ្រ ដើម្បីសម្រេចគោលដៅរួមទាំងអស់គ្នា។ នេះជាការលើកឡើងរបស់ប្រធានអាសាន ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសលើកនេះ។
សូមបញ្ជាក់ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះដែរចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
គូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានារួមមាន កិច្ចប្រជុំនៃគណៈកម្មការតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ)។ កិច្ចប្រជុំអន្តររដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន (PMC+1) ជាមួយដៃគូសន្ទនាអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី (APT) លើកទី២៣។និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា (EAS) លើកទី១២ និងវេទិកាតំបន់អាស៊ានលើកទី២៩៕