en     km
en     km

ផ្លូវក្រវាត់ក្រុងខ្សែទី៣គ្រោងបញ្ចប់ការសាងសង់នៅដើមខែកញ្ញាឆ្នាំ២០២៣ខាងមុខនេះ

Share

ភ្នំពេញ៖ សមិទ្ធផលថ្មីមួយទៀតគឺ“ផ្លូវក្រវាត់ក្រុងខ្សែទី៣”សម្រេចបាន ៧៦,៨៧%ហើយ ដែលគ្រោងនឹងបញ្ចប់នៅដើមខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

សម្រាប់ក្រសួងសាធារណការ ចាត់ទុកផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ជា​ផ្លូវក្រវាត់ក្រុងដ៏ធំនិងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញទៅបណ្តាខេត្តក្រុងនានា។

ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។ ហើយផ្លូវក្រវាត់ក្រុងដ៏ធំនិងទំនើបថ្មីមួយនេះ ក៏សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ផងដែរ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)។

ពិសេសជាងនេះទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ និងតភ្ជាប់ទៅផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ។

យោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់អង្គភាពអនុវត្តគម្រោង (PIU) ឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ សម្រេចបាន ៧៦,៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ក្នុងនោះ ការងារសាងសង់ផ្លូវសម្រេចបាន ៧២,៤៦%  ការងារសាងសង់ស្ពានរំលង(Flyover)សម្រេចបាន ៦៩,៩០% និងការងារសាងសង់ស្ពានសម្រេចបាន ៩៥,៩៨%។

គួររំលឹកដែរថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក។ គម្រោងនេះអនុវត្តការងារត្រួតពិនិត្យដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

Share

Image
Image
Image