en     km
en     km

អាមេរិកសម្លាប់មេដឹកនាំអាល់កៃដានៅអាហ្វហ្គានីស្ថាន

Share

អាមេរិកសម្លាប់មេដឹកនាំអាល់កៃដានៅអាហ្វហ្គានីស្ថាន

ប្រភព៖CNNថ្ងៃទី 2 ខែសីហា ឆ្នាំ 2022

 

តាមសារព័ត៌មានCNNបានអោយដឹងថាសហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំអាល់កៃដា Ayman al-Zawahiri ដោយយន្តហោះដ្រូន។នេះបើតាមការថ្លែងពីសេតវិមានរបស់ប្រធានាធិបតី Joe Biden កាលពីថ្ងៃចន្ទ។លោក Biden បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដ៏​ជាក់លាក់​មួយ​ដើម្បី​ដក​គាត់​ចេញ​ពី​សមរភូមិ​​។

Zawahiri មានអាយុ 71 ឆ្នាំជាមេដឹកនាំអាកៃដាបន្ទាប់ពីOsama bin Laden ត្រូវបានសហរដ្ឋអាមេរិកសម្លាប់កាលពី១១ឆ្នាំមុន។ លោក Biden បាននិយាយថា Zawahiri កំពុងជ្រកកោនជាមួយគ្រួសារនៅទីក្រុងកាប៊ុល ប្រទេសអាហ្គានីស្ថាន។គាត់ត្រូវបានសម្លាប់នៅក្នុងអ្វីដែលមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកហៅថាជា “ការវាយប្រហារតាមអាកាសដែលមានគោលដៅច្បាស់លាស់” ដោយប្រើកាំជ្រួច Hellfire ចំនួនពីរគ្រាប់។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ធ្វើឡើងនៅវេលាម៉ោង៩ និង៤៨នាទីយប់។ កាលពីថ្ងៃសៅរ៍លោក Biden បានអនុញ្ញាតអោយវាយប្រហារបន្ទាប់ពីគណៈរដ្ឋមន្ត្រី និងទីប្រឹក្សាសំខាន់ៗរបស់លោក បានបើកកិច្ចប្រជុំជាច្រើនសប្តាហ៍។

មន្ត្រីជាន់ខ្ពស់តាលីបង់ Haqqani បានដឹងពីវត្តមានរបស់ Zawahiri នៅក្នុងទីក្រុងកាបុល។ សហរដ្ឋ​អាមេរិក​មិន​បាន​ជូនដំណឹង​ដល់​មន្ត្រី​តាលីបង់​នៅ​មុន​ពេលវាយប្រហារកាលពី​ថ្ងៃ​សៅរ៍​នោះ​ទេ។

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabiullah Mujahid បាននិយាយថា “ការវាយប្រហារតាមអាកាសត្រូវចំលើលំនៅដ្ឋានមួយកន្លែងក្នុងតំបន់ Sherpur នៃទីក្រុង Kabul កាលពីថ្ងៃទី 31 ខែកក្កដា។

លោក Mujahid បាននិយាយថាប្រទេសអាហ្វហ្គានីស្ថាន «ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបានហៅការវាយប្រហារនេះថាជាការបំពានយ៉ាងច្បាស់លើគោលការណ៍អន្តរជាតិ និងកិច្ចព្រមព្រៀង Doha»។

សម្រាប់អាមេរិកការសម្លាប់លោក Zawahiri គឺជាការផ្តល់យុត្តិធម៌​ដល់ប្រជាជនអាមេរិក។

លោក Biden បានថ្លែងថា “លោក Zawahiri បានចូលរួមរៀបចំផែនការ វាយប្រហារសហរដ្ឋអាមេរិកថ្ងៃទី១១ខែ កញ្ញា ឆ្នាំ២០០១ទៅលើអគារពាណិជ្ជកម្មពិភពលោក ដែលបានសម្លាប់មនុស្សចំនួន 2,977 នាក់នៅលើទឹកដីអាមេរិក។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ Zawahiri គឺជាមេគំនិតនៃការវាយប្រហារជនជាតិអាមេរិក” ។លោក Biden បានបន្តថា៖ «ឥឡូវនេះយុត្តិធម៌ត្រូវបានទទួលហើយ មេដឹកនាំភេរវករនេះលែងមានទៀតហើយ។ មនុស្សជុំវិញពិភពលោកលែងភ័យខ្លាចឃាតករដ៏កាចសាហាវទៀតហើយ»។ “សហរដ្ឋអាមេរិកតាំងចិត្ត និងបង្ហាញសមត្ថភាពរបស់យើង ដើម្បីការពារប្រជាជនអាមេរិក និងប្រឆាំងអ្នកដែលចង់ធ្វើបាបយើង។ យើងបញ្ជាក់ម្តងទៀតនៅយប់នេះ មិនថាវាត្រូវចំណាយពេលយូរប៉ុណ្ណា មិនថាអ្នកលាក់ខ្លួននៅទីណា ប្រសិនបើអ្នកនៅតែ​គំរាម​កំហែង​ដល់​ប្រជាជន​របស់​យើង សហរដ្ឋ​អាមេរិក​នឹង​រកអ្នកឯងអោយ​ឃើញ​ ហើយ​ដកយក​អ្នក​ឯងចេញ​»។ លោកប្រធានាធិបតីបាននិយាយថា ការកំណត់គោលដៅវាយប្រហារច្បាស់លាស់ គឺជាលទ្ធផលនៃ “ការតស៊ូ និងជំនាញពិសេស” ក្រុមស៊ើបការសម្ងាត់របស់យើង។លោក Biden បាននិយាយថា

“ក្រុមស៊ើបការសម្ងាត់របស់យើងបានកំណត់ទីតាំងរបស់ Zawahiri នៅទីក្រុងកាបុល។កាលពីដើមឆ្នាំ២០២២ Zawahiri បានផ្លាស់ទីលំនៅមកក្រុង Kabul ដើម្បីជួបជុំគ្រួសាររបស់គាត់” ។ការវាយប្រហារនេះក្រោយមួយឆ្នាំបន្ទាប់ពីលោក Biden បានបញ្ជាឱ្យដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលធ្វើឱ្យកងកម្លាំងតាលីបង់ដណ្តើមកាន់កាប់ប្រទេសអាហ្គានីស្ថានបានយ៉ាងឆាប់រហ័ស។លោក Biden បានសន្យាថា “នឹងមិនអនុញ្ញាតឱ្យអាហ្វហ្គានីស្ថានក្លាយជាជម្រកសុវត្ថិភាពរបស់ក្រុមភេរវករទៀតទេ ហើយយើងនឹងធ្វើឱ្យប្រាកដថាគ្មានអ្វីកើតឡើងទៀត”។លោកប្រធានាធិបតី Biden បានថ្លែងអំណរគុណចំពោះក្រុមស៊ើបការណ៍សម្ងាត់ប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ដោយនិយាយថាលោកសង្ឃឹមថាការស្លាប់ Zawahiri នឹងផ្តល់យុត្តិធម៌ដល់មិត្តភក្តិ និងក្រុមគ្រួសារជនរងគ្រោះ ក្នុងព្រឹត្តិការភារវកម្មថ្ងៃទី១១ខែ កញ្ញា ឆ្នាំ២០០១។លោកប្រធានាធិបតី Biden បានបញ្ចប់សុន្ទរកថារបស់លោកថា“ចំពោះអ្នកដែលចង់ធ្វើបាបសហរដ្ឋអាមេរិក សូមស្តាប់ខ្ញុំឥឡូវនេះ៖ យើងនឹងប្រុងប្រយ័ត្នជានិច្ច ហើយយើងនឹងធ្វើសកម្មភាពចាំបាច់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខជនជាតិអាមេរិក ទាំងនៅប្រទេសអាមេរិក និងនៅជុំវិញពិភពលោក។

 

Share

ព័ត៌មានទាក់ទង

Image