loader

កំពង់ធំ៖ យុវជនវិទ្យាល័យទួលក្បិលទទួលបានចំណេះដឹងបន្ថែមពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ

កំពង់ធំ៖ កាលពីថ្ងៃទី៣០ និង៣១ ខែកក្កដា ឆ្នាំ២០២២ គ្រូបង្គោលនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) សហការជាមួយក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) បានបើកវគ្គបណ្តុះបណ្តាលបន្តទៅកាន់យុវជនចំនួន៤០នាក់ ក្នុងនោះមានយុវតីចំនួន ២៦នាក់ស្តីពី«យុវជននិងសេចក្តីរាយការណ៍ព័ត៌មានតាមទូរស័ព្ទ»ឬ«Youth Mobile Reproting»នៅទីតាំងវិទ្យាល័យទួលក្បិលស្ថិតក្នុងភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គ្រូបង្គោលនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជាកំពុងបង្រៀនយុវជនពីចំណេះដឹងស្តិពីព័ត៌មាននៅក្នុងថ្នាក់រៀនមួយនៅវិទ្យាល័យទួលក្បិល។

 

វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ក្រុមគ្រូបង្គោលនៃ WMC ផ្តល់ឱកាសដល់យុវជនបង្ហាញឧបសគ្គឬបញ្ហាប្រឈមកន្លងមកដែលយុវជនមិនអាចផលិតព័ត៌មានបាន។ យុវជន និងយុវតីបានលើកឡើងពីភាពមមាញឹកក្នុងការសិក្សា ខ្វះភាពក្លាហាន និងមិនសូវមានប្រធានបទសរសេរដែលធ្វើឱ្យពួកគេមិនទាន់អាចសរសេរព័ត៌មានបានពេញលេញ។

បន្ទាប់ពីបានដឹងក្តីកង្វល់របស់យុវជន ក្រុមការងារWMC និងYCC បានបែកចែងយុវជនទាំង ៤០នាក់ជាក្រុមតូចៗមានចំនួន ៩ ក្រុមដោយបានផ្តល់ប្រធានបទដល់ក្រុមនីមួយៗ ដើម្បីឱ្យពួកគេមានសមាជិកច្រើនងាយស្រួលប្រឹក្សាយោបល់ មានគំនិតមតិច្រើន និងបង្កើនភាពក្លាហានដល់ពួកគេជាងមុនពេលចុះសម្ភាសន៍ប្រភព។

វគ្គបណ្តុះបណ្តាលស្តីពីរបៀបចាប់ប្លង់ថតរូបភាព។

 

ជាងនេះក្រុមគ្រូបង្គោលបានបង្រៀនបន្ថែមនូវមេរៀនស្តីពីរបៀបសម្ភាសន៍ ការសរសេរព័ត៌មានខ្លី(5W1H) របៀបថតរូបនិងថតវីដេអូ របៀបផលិតVoxpop។  ជាងនេះទៀតសោត ក្រុមការងារWMCក៏បានផ្តល់ថវិកាសម្រាប់យុវជនដែលបានសរសេរអត្ថបទផងដែរ។

ជាចំណាប់អារម្មណ៍របស់យុវជន ពួកគេបានឱ្យដឹងថា ពួកគេសប្បាយរីករាយដែលបានសិក្សាបន្ថែមពីចំណេះដឹងស្តីពីប្រព័ន្ធផ្សព្វផ្សាយនេះ។ ជាងនេះយុវជនបានសន្យាថា ក្រោយវគ្គបណ្តុះបណ្តាលនេះ យុវជនតាមក្រុមនីមួយៗនឹងប្តេជ្ញាសរសេរអត្ថបទ និងផ្សព្វផ្សាយចំណេះនេះបន្តទៅកាន់អ្នកក្បែរខ្លួនដូចជា សមាជិកគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងក្នុងសហគមន៍ឱ្យបានដឹងពីចំណេះដឹងនេះ។

សិស្សៗបញ្ចេញមតិក្នុងពេលរៀន។

 

យុវជនស្នើឱ្យបណ្តាអង្គការទាំងអស់ បើកវគ្គបណ្តុះបណ្តាលបែបនេះបន្ថែមទៀត ដើម្បីឱ្យយុវជនតាមតំបន់ជនបទស្រុកស្រែចំការមានឱកាសបានក្រេបយកចំណេះដូចយុវជននៅទីក្រុងដែរ។

 សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្តាលនេះមានគោលបំណងបញ្ជ្រាបការយល់ដឹងពីដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយទៅកាន់យុវជនដែលបានចូលរួម។ មួយទៀតដែរ យុវជនដែលបានចូលរួមនឹងអាចក្លាយជាយុវជនបង្គោលដើម្បីផ្សព្វផ្សាយបន្តចំណេះដឹងទៅកាន់យុវជននៅក្នុងសហគមន៍របស់ពួកគេ។

សិស្សឈរត្រៀមលេងល្បែងកម្តៅសាច់ដុំ។

 

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ស្ថិតនៅក្រោមគម្រោងសំឡេងយុវជនមានសារៈសំខាន់ ដែលទទួលបានការគាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និង មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)  សហការរៀបចំជាមួយសមាគមន៍យុវជនកម្ពុជា(KYA) និងក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕

អត្ថបទខ្លីនេះសរសេរដោយ រុន វីរៈ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។

 

ខាងក្រោមនេះជាកម្រងរូបភាពសកម្មភាពយុវជនក្នុងវគ្គបណ្តុះបណ្តាល៖

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

យុវជនកាន់សាសនាផ្សេងៗគ្នាបានទទួលវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយពីWMC

សិក្ខាកាមជាយុវជនប្រមាណ ៣០នាក់(ស្រី១៤នាក់) ដែល[...]

ក្រសួងអប់រំ និងអង្គការក្រៅរដ្ឋាភិបាល រួមគ្នាជំរុញ ការចូលរួមក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ តាមរយៈការងារស្ម័គ្រចិត្ត

យុវជនគឺជាសក្តានុពល នៅក្នុងការអភិវឌ្ឍប្រទេសជាត[...]

សិស្សនិស្សិតខេត្តបាត់ដំបងជាច្រើនចូលរួមសន្និសីទនិងពិពណ៌បច្ចេកទេសឌីជីថលធុរកិច្ចទិសពាយ័ព្យ“Barcamp Digitech 2022”​

នៅថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ វិទ្យា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x