ភ្នំពេញ៖ ក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរនិងភាគីពាក់ព័ន្ធនានាបានរៀបចំព្រឹត្តិការណ៍ដាំដើមកោងកាងចំនួន ២០០០ដើមបន្ថែមទៀត នៅចំណុចសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ដើម្បីប្រឆាំងនឹងការបាត់បង់រុក្ខជាតិនេះពីកត្តាមនុស្ស និងធម្មជាតិ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
តាមក្រសួងបរិស្ថាន ការដាំកូនដើមកោងកាងនេះ ដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិក្នុងចំណោមសាធារណជន និងជាពិសេសចូលរួមបង្កើតភាពបៃតង បង្កើនភាពសម្បូណ៌បែបនៃជីវៈចម្រុះគ្រប់ប្រភេទជាពិសេសធនធានជលផល ជួយការពារបរិស្ថានតំបន់ឆ្នេរ និងជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ មួយទៀតដែរ ការដាំដើមកោងកាងនេះដើម្បីកាត់បន្ថយការបាត់បង់ដើមកោងកាង ដោយក្រសួងសម្លឹងឃើញថាបច្ចុប្បន្នរុក្ខជាតិនេះកំពុងប្រឈមនឹងការផុតពូជដែលបណ្តាលមកពីកត្តាមនុស្ស និងកត្តាធម្មជាតិ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងក្នុងពិធីនោះថា ស្ថាប័នមានសមត្ថកិច្ចបានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនល្មើសកាប់ទន្ទ្រានព្រៃកោងកាង និងជាមួយគ្នានេះ ក៏បានដាក់នូវវិធានការសេដ្ឋកិច្ចដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានសំដៅកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។
លោកបន្តថាប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បានពឹងលើព្រៃកោងកាង ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដូចជានេសាទជាលក្ខណៈគ្រួសារ ឬនេសាទអាជីវកម្មខ្នាតតូច ឬការទាញបានផលពីទេសចរណ៍ធម្មជាតិ។
សូមបញ្ជក់ថាគិតតាំងពីឆ្នាំ២០១០ មក សហគមន៍នេសាទត្រពាំងសង្កែបានដាំដើមកោងកាងបានចំនួនជាង ៦០ម៉ឺនដើមហើយ។ ហើយកម្ពុជាមានព្រៃកោងកាងប្រមាណជាង ៥,៦ ម៉ឺនហិកតា មានវត្តមាននៅក្នុងខេត្ត ៤ រួមមានខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុដែលជាខេត្តជាប់មាត់សមុទ្រ។