អ្នកវិភាគផ្នែកសេដ្ឋកិច្ច និងសង្គមស៊ីវិលមួយចំនួនមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានការរីកលូតលាស់លឿនជាងមុន ប្រសិនបើរោងចក្រនុយក្លេអ៊ែរត្រូវបានដំណើរការក្នុងប្រទេសកម្ពុជាមែននោះ ។ ការលើកឡើងរបស់អ្នកវិភាគ និងសង្គមស៊ីវិលនៅពេលនេះ គឺស្របពេល ដែលប្រមុខក្រុមហ៊ុននុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ីលោក បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីនឹងជួយប្រទេសកម្ពុជា ធ្វើការងារឆ្ពោះទៅរកការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរមួយ នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅដើមសប្តាហ៍នេះ។
ប្រទេសកម្ពុជា និងប្រទេសរុស្ស៊ីបានចុះកិច្ចព្រមព្រៀងមួយ ដែលគ្រងឆ្ពោះទៅបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។
កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ដេមីទ្រី មេដវេដេវ (Dmitry Mevedev) នៅកម្ពុជា ចន្លោះពីថ្ងៃទី២២ ដល់ថ្ងៃ២៤ វិច្ឆិកាកន្លងទៅ ។
ពាក់ព័ន្ធរឿងនេះដែរ លោក កង ចាន់តារារ័ត្ន អ្នកវិភាគសេដ្ឋកិច្ចបានប្រាប់វិទ្យុស្ត្រីនៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកានេះថា នៅពេលដែលប្រទេសកម្ពុជា មានរោងចក្រថាមពលនុយក្លេអ៊ែរនេះមែន នោះតម្លៃនៃថាមពលអគ្គិសនីនឹងចុះថោក ដែលអាចជំរុញឲ្យតម្លៃនៃផលិតផលកម្ពុជា អាចទៅប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបានស្រួល។
លោក កង ចាន់តារារ័ត្ន បន្ថែមថា កម្ពុជាគួរណាស់តែមានថាមពលនុយក្លេអ៊ែរនេះជាយូរមកហើយ ព្រោះវត្តមាននៃរោងចក្រថាមពលនុយក្លេអ៊ែរនេះនឹងធ្វើឲ្យប្រទេសកម្ពុជាមានការផ្លាស់ប្តូរពីការពឹងផ្អែកលើកសិកម្មសុទ្ធសាធ មកជាប្រទេសបែបឧស្សាហកម្មទំនើបវិញ ។
ចំណែក លោកសន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយថា កម្ពុជានឹងអាចទាញបានផលប្រយោជន៍ច្រើនពីការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ ព្រោះថាមពលនុយក្លេអ៊ែរនេះ ជាចំណែកមួយដ៏ធំ ក្នុងការផ្គត់ផ្គង់តម្រូវការអគ្គិសនីក្នុងប្រទេសកម្ពុជា ហើយកម្ពុជានឹងអាចកាត់បន្ថយការចំណាយពីការទិញអគ្គិសនីពីប្រទេសជិតខាងមកប្រើប្រាស់ផងដែរ។
ទន្ទឹមនិងអត្តប្រយោជន៍នេះ លោក សន ជ័យ ក៏បានលើកឡើងពីហានិភ័យមួយចំនួន ដែលអាចកើតចេញពីថាមពលនុយក្លេអ៊ែរនេះ ជាក់ស្តែងការបាត់បង់ជីវិតប្រជាពលរដ្ឋ ការខូចខាតបរិស្ថាន និងធនធានធម្មជាតិផ្សេងៗទៀតនៅក្នុងប្រទេសជប៉ុនជាដើម ដែលប្រការនេះទាមទារឲ្យភាគីកម្ពុជា និងរុស្ស៊ីត្រូវសិក្សាឲ្យបានច្បាស់លាស់ មុនឈានដល់ការសាងសង់រោងចក្រនុយក្លេអ៊ែរនោះ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ទុន លាង បានបដិសេធមិនផ្តល់កិច្ចសម្ភាសន៍តាមខ្សែទូរស័ព្ទដល់វិទ្យុស្ត្រី FM102 នៃ WMC ទេ ។
សូមបញ្ជាក់ថា បើតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសរុស្ស៊ី នឹងផ្ដល់ជាជំនួយបច្ចេកទេស ការសិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលដល់ប្រទេសកម្ពុជា ដើម្បីរៀបចំដំឡើងរោងចក្រនេះ ដោយប្រទេសកម្ពុជា ត្រូវការថវិកាប្រមាណ ៣ពាន់លានដុល្លារពីគម្រោងវិនិយោគបរទេស ត្រឹមឆ្នាំ២០១៨ ដើម្បីសាងសង់រោងចក្រវារីអគ្គិសនី ខណៈកម្ពុជា មានតម្រូវការថាមពលអគ្គិសនីកាន់តែច្រើន៕