en     km
en     km

លោក Xi Jinping និង លោក Biden ព្រមានគ្នាទៅវិញទៅមក

Share

មេដឹកនាំ​អាមេរិក និង​ចិន​បាន​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញរឿង​កោះ​តៃវ៉ាន់។ការជជែកតឹងសរសៃកដាក់គ្នានេះកើតឡើង​ក្នុង​អំឡុង​ពេល​អ្នកទាំងពីរនិយាយ​ទូរសព្ទ​ជាមួយគ្នាអស់​រយៈពេល​ជាង​ពីរ​ម៉ោង។

លោកប្រធានាធិបតី Joe Biden បានប្រាប់សមភាគីចិនលោក Xi Jinping ថា សហរដ្ឋអាមេរិកបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឯកតោភាគីណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពកោះតៃវ៉ាន់។លោក Joe Biden ​បាន​បន្ថែម​ថា គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​មិន​មានការ​ផ្លាស់​ប្តូរ​ទេ។ចំណែកទីក្រុងប៉េកាំងវិញ លោក Xi បានប្រាប់លោក Bidenថា សូមគោរពតាមគោលការណ៍ចិនតែមួយ ដោយព្រមានប្រធានាធិបតីអាមេរិកថា “អ្នកណាដែលលេងភ្លើង អ្នកនោះនឹងរលាក” ។

រាយការណ៍ព័ត៌មានពិស្ដារដោយលោក យិប ឆេងលាប

ភាព​តានតឹង​ជុំវិញ​រឿងកោះតៃវ៉ាន់នេះ​​បាន​កើត​ឡើង​ចំ​ពេលមាន​លេចដំណឹងថា​ប្រធាន​សភា​តំណាង​រាស្រ្ត​អាមេរិក​លោកស្រី Nancy Pelosi នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់កោះ​តៃវ៉ាន់។

ក្រសួងការបរទេសអាមេរិកថ្លែងថា លោកស្រី Pelosi មិនបានប្រកាសអំពីការធ្វើដំណើរណាមួយទៅកាន់កោះតៃវ៉ាន់នោះទេ ប៉ុន្តែប្រទេសចិនបានព្រមានជាមុនថានឹងមាន “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។

 

ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ លោក Biden និងលោក Xi ក៏បានពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំទល់មុខគ្នា ដែលមន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden បាននិយាយថាជាជំនួបទ្វេភាគី “ផ្ទាល់” និង “ស្មោះត្រង់”។

 

នៅពេលលោក Biden នៅជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានធ្វើជាម្ចាស់ផ្ទះទទួលលោក Xi ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់មេដឹកនាំចិនកាលពីឆ្នាំ 2015 ប៉ុន្តែអ្នកទាំងពីរមិនធ្លាប់ជួបផ្ទាល់ទល់មុខគ្នានៅពេលលោក Biden ធ្វើជាប្រធានាធិបតីអាមេរិកនោះទេ។

ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តបំបែកខ្លួនដែលត្រូវតែក្លាយជាផ្នែកមួយនៃប្រទេសចិន ហើយព្រមានប្រើប្រាស់កម្លាំងកងទ័ពដើម្បីបង្រួបបង្រួបដែនកោះមួយនេះ។

ក្រោម​គោលនយោបាយ​ចិន​តែមួយ ទីក្រុង​វ៉ាស៊ីនតោន​មិន​បានទទួល​ស្គាល់ក្រុង​តៃប៉ិ​ខាង​ការទូត​ម្ដងណាទេ។ ប៉ុន្តែ​អាមេរិកបាន​លក់​សព្វាវុធ​ទៅ​ឲ្យ​កោះតៃវ៉ាន់​ដែលមានរបប​គ្រប់គ្រង​​តាម​បែប​ប្រជាធិបតេយ្យ ដើម្បី​អោយកោះនេះការពារ​ខ្លួន។

តាមព័ត៌មានពីសេតវិមានបានអោយដឹងថា ក្រៅពីជជែករឿងកោះតៃវ៉ាន់ មេដឹកនាំទាំងពីរបានពិភាក្សា អំពីបញ្ហាជាច្រើនផ្សេងទៀត រួមទាំងការប្រែប្រួលអាកាសធាតុ និងបញ្ហាសុខភាពផងដែរ។មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​​បាន​និយាយថារដ្ឋបាលលោក Biden បានកំពុងពិចារណាថាតើត្រូវដកពន្ធលើការនាំចូលទំនិញចិនមកសហរដ្ឋអាមេរិកដែលបានដាក់តាំងពីលោកTrumpជាប្រនាធិបតី ដោយសំអាងហេតុផលថាអាចបន្ថយកំណើនអតិផរណារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​មិន​បាន​ពិភាក្សា​​បញ្ហា​នេះ​ជាមួយ​លោក Xi ក្នុងជំនួបសន្ទាតាមទូរសព្ទ​កាលពីថ្ងៃ​ព្រហស្បតិ៍​នោះទេ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC លោក Barbara Plett Usher រាយការណ៍ថា អ្នកវិភាគជឿថាទាំង Joe Biden និង Xi Jinping ចង់ជៀសវាងជម្លោះដោយបើកចំហ។ ប៉ុន្តែអ្នកទាំងពីរមិនបានផ្លាស់ប្តូរគំនិត ប្រកួតប្រជែងគ្នា ដោយបានបង្ហាញក្នុងសេចក្តីថ្លែងការណ៍ផ្ទុយគ្នាកាលពីថ្ងៃព្រហស្បតិ៍។នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបខ្លី សេតវិមានបាននិយាយថា វាគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បី “គ្រប់គ្រងភាពខុសគ្នាដោយការទទួលខុសត្រូវ” និងធ្វើការជាមួយគ្នាឈរលើ “ផលប្រយោជន៍រួម” ។ក្រុងប៉េកាំងបានថ្លែងថា មានផលប្រយោជន៍រួមគ្នាជាច្រើន។ ប៉ុន្តែចិនបានស្តីបន្ទោសសហរដ្ឋអាមេរិកថាបានធ្វើអោយប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន ដោយរិះគន់រដ្ឋបាលលោក Biden ដែលចាត់ទុកប្រទេសចិនថាជា “គូប្រជែងចម្បង” និង “ជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតក្នុងរយៈពេលវែង ” របស់ទីក្រុងវ៉ាស៊ីនតោន។

ប្រភព៖ BBC, 29 July 2022

Share

Image
Image
Image