មេដឹកនាំអាមេរិក និងចិនបានព្រមានគ្នាទៅវិញទៅមកជុំវិញរឿងកោះតៃវ៉ាន់។ការជជែកតឹងសរសៃកដាក់គ្នានេះកើតឡើងក្នុងអំឡុងពេលអ្នកទាំងពីរនិយាយទូរសព្ទជាមួយគ្នាអស់រយៈពេលជាងពីរម៉ោង។
លោកប្រធានាធិបតី Joe Biden បានប្រាប់សមភាគីចិនលោក Xi Jinping ថា សហរដ្ឋអាមេរិកបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឯកតោភាគីណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពកោះតៃវ៉ាន់។លោក Joe Biden បានបន្ថែមថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរទេ។ចំណែកទីក្រុងប៉េកាំងវិញ លោក Xi បានប្រាប់លោក Bidenថា សូមគោរពតាមគោលការណ៍ចិនតែមួយ ដោយព្រមានប្រធានាធិបតីអាមេរិកថា “អ្នកណាដែលលេងភ្លើង អ្នកនោះនឹងរលាក” ។
រាយការណ៍ព័ត៌មានពិស្ដារដោយលោក យិប ឆេងលាប
ភាពតានតឹងជុំវិញរឿងកោះតៃវ៉ាន់នេះបានកើតឡើងចំពេលមានលេចដំណឹងថាប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi នឹងធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។
ក្រសួងការបរទេសអាមេរិកថ្លែងថា លោកស្រី Pelosi មិនបានប្រកាសអំពីការធ្វើដំណើរណាមួយទៅកាន់កោះតៃវ៉ាន់នោះទេ ប៉ុន្តែប្រទេសចិនបានព្រមានជាមុនថានឹងមាន “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។
ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ លោក Biden និងលោក Xi ក៏បានពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំទល់មុខគ្នា ដែលមន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden បាននិយាយថាជាជំនួបទ្វេភាគី “ផ្ទាល់” និង “ស្មោះត្រង់”។
នៅពេលលោក Biden នៅជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានធ្វើជាម្ចាស់ផ្ទះទទួលលោក Xi ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់មេដឹកនាំចិនកាលពីឆ្នាំ 2015 ប៉ុន្តែអ្នកទាំងពីរមិនធ្លាប់ជួបផ្ទាល់ទល់មុខគ្នានៅពេលលោក Biden ធ្វើជាប្រធានាធិបតីអាមេរិកនោះទេ។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តបំបែកខ្លួនដែលត្រូវតែក្លាយជាផ្នែកមួយនៃប្រទេសចិន ហើយព្រមានប្រើប្រាស់កម្លាំងកងទ័ពដើម្បីបង្រួបបង្រួបដែនកោះមួយនេះ។
ក្រោមគោលនយោបាយចិនតែមួយ ទីក្រុងវ៉ាស៊ីនតោនមិនបានទទួលស្គាល់ក្រុងតៃប៉ិខាងការទូតម្ដងណាទេ។ ប៉ុន្តែអាមេរិកបានលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានរបបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដើម្បីអោយកោះនេះការពារខ្លួន។
តាមព័ត៌មានពីសេតវិមានបានអោយដឹងថា ក្រៅពីជជែករឿងកោះតៃវ៉ាន់ មេដឹកនាំទាំងពីរបានពិភាក្សា អំពីបញ្ហាជាច្រើនផ្សេងទៀត រួមទាំងការប្រែប្រួលអាកាសធាតុ និងបញ្ហាសុខភាពផងដែរ។មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថារដ្ឋបាលលោក Biden បានកំពុងពិចារណាថាតើត្រូវដកពន្ធលើការនាំចូលទំនិញចិនមកសហរដ្ឋអាមេរិកដែលបានដាក់តាំងពីលោកTrumpជាប្រនាធិបតី ដោយសំអាងហេតុផលថាអាចបន្ថយកំណើនអតិផរណារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែប្រធានាធិបតីអាមេរិកមិនបានពិភាក្សាបញ្ហានេះជាមួយលោក Xi ក្នុងជំនួបសន្ទាតាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍នោះទេ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC លោក Barbara Plett Usher រាយការណ៍ថា អ្នកវិភាគជឿថាទាំង Joe Biden និង Xi Jinping ចង់ជៀសវាងជម្លោះដោយបើកចំហ។ ប៉ុន្តែអ្នកទាំងពីរមិនបានផ្លាស់ប្តូរគំនិត ប្រកួតប្រជែងគ្នា ដោយបានបង្ហាញក្នុងសេចក្តីថ្លែងការណ៍ផ្ទុយគ្នាកាលពីថ្ងៃព្រហស្បតិ៍។នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបខ្លី សេតវិមានបាននិយាយថា វាគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បី “គ្រប់គ្រងភាពខុសគ្នាដោយការទទួលខុសត្រូវ” និងធ្វើការជាមួយគ្នាឈរលើ “ផលប្រយោជន៍រួម” ។ក្រុងប៉េកាំងបានថ្លែងថា មានផលប្រយោជន៍រួមគ្នាជាច្រើន។ ប៉ុន្តែចិនបានស្តីបន្ទោសសហរដ្ឋអាមេរិកថាបានធ្វើអោយប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន ដោយរិះគន់រដ្ឋបាលលោក Biden ដែលចាត់ទុកប្រទេសចិនថាជា “គូប្រជែងចម្បង” និង “ជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតក្នុងរយៈពេលវែង ” របស់ទីក្រុងវ៉ាស៊ីនតោន។
ប្រភព៖ BBC, 29 July 2022