ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍និយាយថា កិច្ចប្រជុំដោះស្រាយវិវាទការងារនៅក្រសួងការងារកន្លងមកជាការអូសបន្លាយពេល និងបង្ហាញរូបភាពព្រមានភាគីកម្មករនិយោជិតកុំឱ្យចេញតវ៉ា។ ការលើកឡើងបែបនេះ ស្របពេលកិច្ចប្រជុំរបស់ភាគីកម្មករនិងក្រុមហ៊ុនមិនទាន់អាចរកច្រកចេញបាន។ លោកសារិន សំណាង ធ្វើសេចក្តីរាយណ៍ដូចតទៅ
លទ្ធផលនៃកិច្ចប្រជុំលើកទី ១៦ រវាងតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយក្រុមហ៊ុន កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅតែមិនមានលទ្ធផលផ្លែផ្កាជាដុំកំភួននោះទេ ត្បិតភាគនីមួយៗ បានប្រកាសមិនទទួលយកលក្ខខណ្ឌរបស់គូភាគីរៀងៗខ្លួន នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ។
ក្នុងលិខិតជូនដំណឹងដែលផ្សាយដោយក្រសួងការងារបញ្ជាក់ថា តំណាងសហជីពកម្មករនិយោជិតបានស្នើទៅក្រសួងការងារ និងក្រុមហ៊ុនណាហ្គាវើលដ៍នូវចំនុចមួយចំនួនរួមមាន៖ ស្នើកម្មករនិយោជិតដែលនៅសេសសល់ត្រូវចូលធ្វើរការវិញ។ ស្នើក្រសួងការងារផ្តល់លិខិតអធិការកិច្ចការងារ ស្តីពីការឯកភាពលើការបញ្ឈប់ពីការងាររួមរបស់កម្មករនិយោជិត ១ពាន់ ៣២៩នាក់។ មួយទៀតស្នើបើកការិយាល័យសហជីពដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់វិញ។ ក្នុងនោះក៏ស្នើសុំទម្លាក់រាល់បទចោទទាំងអស់ដល់ថ្នាក់ដឹកនាំ និងសមាជិកដែលត្រូវបានចោទប្រកាន់ ហើយក្រុមហ៊ុនត្រូវបញ្ឈប់ការរើសអើងអ្នកធ្វើកូដកម្ម។
ដោយឡែកភាគីក្រុមហ៊ុនណាហ្គាវើលដ៍ ក៏បានលើកឡើងនូវចំណុចមួយចំនួនផងដែរ ក្នុងនោះក្រុមហ៊ុនតម្រូវឱ្យបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារយល់ព្រមទទួលយកកញ្ចប់បញ្ចប់កិច្ចសន្យាការងារ ។ ចំណែកការបង់វិភាគទានរបស់ ប.ស.ស. វិញ តំណាងក្រុមហ៊ុនថា បើបុគ្គលិកមិនធ្វើការ ហើយគ្មានប្រាក់ចំណូលនោះ ក្រុមហ៊ុនមិនអាចបង់វិភាគទាន ប.ស.ស. ជូនទេ។ ក្រុមហ៊ុនបញ្ជាក់ថា បុគ្គលិកអវត្តមានដោយគ្មានច្បាប់មួយចំនួន បានវិលត្រលបចូលធ្វើការវិញ នៅសល់តែជិត ២៨០ នាក់តែប៉ុណ្ណោះ។
ជុំវិញរឿងនេះ ប្រធានសហជីពទ្រទ្រង់បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ យល់ថា រៀបចំកិច្ចប្រជុំកន្លងមករបស់ក្រសួងការងារ បានអូសបន្លាយពេល និងមានតែការព្រមានខាងសហជីពនិយោជិតកុំឱ្យចេញតវ៉ាតែប៉ុណ្ណោះ។ កញ្ញាយល់ថា កិច្ចប្រជុំកន្លងមកគឺធ្វើដើម្បីគ្រាន់តែល្អមើលតែប៉ុណ្ណោះ។
«បើយើងមើលទៅយន្តការក្នុងការដោះស្រាយវិវាទ គឺតាំងពីមុនកូដកម្ម [ចាប់ផ្តើម]ម្លេះ គឺកម្មករនិយោជិតគាត់បានប្រើប្រាស់អស់លទ្ធភាពហើយ ប៉ុន្តែមិនមានមធ្យោបាយណាមួយដែលអាចផ្តល់យុត្តិធម៌ឱ្យពួកគាត់បានទេ។ អ៊ីចឹងហើយគាត់អត់មានជម្រើសអ្វីក្រៅពីធ្វើកូដកម្មទេ។ [ការធ្វើកូដកម្មនេះ] គឺជាអ្វីដែលកម្មករនិយោជិតគាត់ជឿជាក់អាចរកយុត្តិធម៌បានតាមហ្នឹង។ បើថាទៅតុលាការគឺទៅមិនរួចទេ ពីព្រោះទីមួយកម្មករក្រីក្រចឹងមានលុយណាឯណាទៅតតាំងជាមួយថៅកែណាហ្គាវើលដ៍ ដែលមានលុយរាប់ពាន់លានដុល្លានោះ។ ទី២ពួកយើងផ្ទាល់ ក៏រងគ្រោះពីតុលាការអយុត្តិធម៌ហ្នឹងដែរ។ ការធ្វើកូដកម្មដែលមានអ្នកចូលរួមសម្រេចផ្តិចមេដៃឯកភាពថា ពួកគាត់សម្រេចជ្រើសរើសក្នុងការធ្វើកូដកម្ម [បែជា]មកចាប់ពួកខ្ញុំដាក់គុក [ដោយ] ចោទពួកខ្ញុំថា ញុះញង់ អ៊ីចឹងទាំងអស់ហ្នឹង ប្រព័ន្ធតុកាលារកស្រុកខ្មែរ គឺមិនអាចទុកចិត្តបានទេ ពីព្រោះគាត់កាត់សេចក្តីមិនបានផ្តល់យុត្តិធម៌ឱ្យអ្នកគ្មានលុយ អ្នកគ្មានតួនាទី គ្មានអំណាច ដូចពួកយើងជាកម្មករទេ។ អ៊ីចឹងបានជាកម្មករនិយោជិត គាត់អត់ជ្រើសរើសយកតុលាការទេ។»
ទាក់ទងរឿងនេះ វិទ្យុស្ត្រីពុំទាន់អាចសុំការឆ្លើយតបពីលោក ហេង រស្មី អនុប្រធានផ្នែករនាយកដ្ឋាន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅត្រឹមរសៀលថ្ងៃទី២៨ ខែកក្កដានេះបានទេ ព្រោះលោកមិនទទួលទូរស័ព្ទ។
ចំណែកតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ក៏មិនទាន់ទទួលទូរស័ព្ទដែលនៅថ្ងៃនេះ។
យ៉ាងណា បើតាមកញ្ញា ស៊ីថរ បញ្ជាក់ថា ក្រុមកូដករ នឹងនៅតែបន្តចេញតវ៉ាដដែលរហូតដល់មានដំណោះស្រាយ។
សាលារាជធានីភ្នំពេញធ្លាប់បានចេញសេចក្ដីជូនដំណឹងជុំវិញការចេញតវ៉ានេះ ថាជាការធ្វើបាតុកម្មខុសច្បាប់របស់អតីតបុគ្កលិក និងបុគ្គលិកណាហ្គាវើលដ៍។ សាលារាជធានីភ្នំពេញចាត់ទុក ការធ្វើបាតុកម្មតាមដងផ្លូវសាធារណៈនេះ បង្កឱ្យប៉ះពាល់ដលសណ្តាប់ធ្នាប់សាធារណៈ។
គួរម្លឹកថា ការលេចចេញនូវការតវ៉ា របស់ភាគីកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ បន្ទាប់ពីក្រុមហ៊ុននេះបានសម្រេចបញ្ឈប់កម្មករនិយោជិតរបស់ខ្លួនជាក្រុម ជាង ១ពាន់នាក់ ហើយភាគីសហជីពចោទនិយោជកថាមានបំណងលុបបំបាត់សហជីពចេញពីក្រុមហ៊ុនកាស៊ីណូមួយនេះ៕