ភ្នំពេញ៖ កាលពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២២ម្សិលមិញ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្នុងនោះមានរដ្ឋបាលខេត្តកំពង់ឆ្នាំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានចុះបណ្តុះបណ្តាលដល់ប្រជាសហគមន៍ទឹកធ្លាក់ស្រែអំបិលពីជំនាញផ្សេងៗ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងដំណើរការសណ្ឋារកិច្ចបានល្អប្រសើរដល់ភ្ញៀវទេសចរណ៍។
ជំនាញដែលមន្រ្តីទេសចរចែករំលែករួមមាន សហគ្រិនទេសចរណ៍ បដិសណ្ឋារកិច្ច ការគ្រប់គ្រងសហគមន៍ និងជំនាញចុងភៅចម្អិនម្ហូបអាហារ។
បើតាមក្រសួងទេសចរណ៍ការបណ្ដុះបណ្ដាលនេះ ធ្វើឡើងដោយផ្ដោតលើការបណ្តុះគំនិតសហគ្រិនភាពនៅតាមសហគមន៍ ការរៀបចំវីដេអូផ្សព្វផ្សាយអំពីតំបន់សហគមន៍ ការដាក់ស្លាកសញ្ញាចង្អុលទីតាំងសហគមន៍ និងការសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយពីតំបន់សហគមន៍។
វគ្គបណ្ដុះបណ្ដាលនេះដែរមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ក្រសួងទេសចរណ៍បញ្ជាក់ថា នេះជាសកម្មភាពជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍។
សូមជម្រាបថា សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំបិល ស្ថិតក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ ៥៨គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង ។ ទឹកធ្លាក់ស្រែអំពិលជាតំបន់ទេសចរណ៍មួយដែលមានភ្ញៀវទេសចរទៅលេងមិនចេះដាច់។ ទឹកធ្លាក់នេះមានសក្តានុពលទេសចរណ៍យ៉ាងច្រើនអនេកដូចជា ភ្ញៀវទេសចរអាចងូតទឹកធ្លាក់លេង ដើរកម្សាន្តក្នុងព្រៃ បោះតង់សម្រាកលម្ហែ ជាពិសេសទេសចរអាចសម្រាកជាមួយជីវិតបែបធម្មជាតិដែលមានដំណាំរបស់ប្រជាជនក្នុងសហគមន៍ជាច្រើនហិកតា ជាប់ជើងភ្នំឱរ៉ាល់។